អភិបាលខេត្តកំពង់ចាម​ ជំរុញ​​ឲ្យ​ចាត់វិធានការផ្តន្ទាទោសដាច់ខាតមេខ្យល់ជួញដូរមនុស្ស និងដោះស្រាយភាពរងគ្រោះរបស់ពលករឲ្យបានលឿន និងមានប្រសិទ្ធភាព

0
33


កំពង់ចាម​: អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ជំរុញ​​ឲ្យ​ចាត់វិធានការផ្តន្ទាទោសដាច់ខាតមេខ្យល់ជួញដូរមនុស្ស និងដោះស្រាយភាព រងគ្រោះរបស់ពលករឲ្យបានលឿន និងមានប្រសិទ្ធភាព​ ពោលគឺ​ត្រូវ​ចូលរួមទាំងអស់គ្នា «រួមសហការគ្នា បង្ការ បង្ក្រាប ផ្តន្ទាទោស សង្គ្រោះ ការពារ ដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស»។​ ថ្លែង​បែប​នេះ​ក្នុង​ឱកាស​ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅវត្តជោតនារាមគរ ស្ថិត​ក្នុង​ឃុំគរ ស្រុកព្រៃឈរ​ នាព្រឹកថ្ងៃទី​២​ ខែមករា​ ឆ្នាំ​២០២៣​ ។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងសូចនាករទី៤ មុំទី១ បានសង្កត់ធ្ងន់លើ ការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ក្នុងនោះរួមមានបទល្មើសនៃអំពើ ជួញដូរមនុស្ស ការជួញដូរកំលាំងពលកម្ម អាជីវកម្មផ្លូវភេទ និងការបន្តពង្រឹងការអនុវត្ត គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ផងដែរ​ ។

ឯកឧត្តមអភិបាលខេត្ត​ បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ត្រូវ​តាមដានត្រួតពិនិត្យសភាពការណ៍ និងការវិវត្តប្រែប្រួលនៃបទល្មើស កលល្បិច ជនល្មើស ទំនោរ និងបញ្ហាសង្គមដែលជាកត្តាអូសទាញ ជំរុញ ឬនាំប្រជាពលរដ្ឋងាយរងគ្រោះ ដោយការជួញដូរមនុស្ស ការរំលោភបំពាន និងការកេងប្រវ័ញ្ចគ្រប់រូបភាព​ ពោលគឺ​ត្រូវ​សហការ​ ដើម្បីប្រមូលព័ត៌មានដែលអាចធានាដល់វិធានការបង្ក្រាបបទល្មើសចាប់ជនល្មើស និងជួយជនរងគ្រោះក្នុងករណីឆ្លងដែនទាន់ពេលវេលា។

ជាមួយគ្នានោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានអំពាវនាវ​សូមឲ្យគ្រប់សមត្ថកិច្ច ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្ត ជាពិសេសយន្តការ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ថ្នាក់ ត្រូវ​បន្តខិតខំបន្ថែមទៀត ដើម្បីរួមគ្នាលុបបំបាត់ឲ្យបាននូវអំពើល្មើសច្បាប់​នៃ​ការ​ជួញដូរ​មនុស្ស​ ដោយឡែក​សម្រាប់បងប្អូនប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្ស សូមអប់រំកូនក្មួយ និងមិត្តភ័ក្ត្រ​ កុំឲ្យលង់ខ្លួនទៅក្នុងការសេពគ្រឿងញៀនឲ្យសោះ ព្រោះថាវាបំផ្លាញអនាគតយើង​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here