ខេត្តកំពង់ចាម​ បេីក​អង្គ​សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២៤  

0
35


កំពង់ចាម​:​ រដ្ឋបាលខេត្តកំពង់ចាម​ បានបើក​អង្គ​សន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅសម្រាប់អនុវត្តបន្ត ឆ្នាំ២០២៤ ដែល​​បាន​ធ្វើ​ឡើង​នាព្រឹក​ថ្ងៃ​ទី​២៥ ខែធ្នូ​​ ឆ្នាំ​២០២៣​ ក្រោម​វត្តមាន​ ​ឯកឧត្តម​ ខ្លូត​ ផន​ ប្រធាន​ក្រុម​ព្រឹក្សា​ខេត្ត​ និង​ឯកឧត្តម អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ដោយ​​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ សមាជិកក្រុមប្រឹក្សាខេត្ត លោក​ លោកស្រី​ គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាពពាក់ព័ន្ធ​ជុំវិញខេត្ត លោក លោកស្រី ជា​ក្រុមប្រឹក្សា​-​គណៈ​អភិបាលក្រុង-ស្រុក មេឃុំ ចៅសង្កាត់ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ប្រធាន​មណ្ឌលសុខភាព​ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប​ទៀត​ ។

ថ្លែង​ក្នុង​ពិធី​នោះ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានលេីកឡេីងថា​ ក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ រដ្ឋបាលខេត្ត បានអនុវត្តយ៉ាងសកម្ម និងប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ នូវគោលនយោបាយ និងគោលការណ៍នានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួង មហាផ្ទៃ និងបានចូលរួមការពារយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ​ ដោយ​មាន​ការ​ចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន តាមរយៈការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» បានរួមគ្នាយ៉ាងសកម្មក្នុងការបង្ការទប់ស្កាត់បង្រ្កាបបទល្មើសនានា ក្នុងខេត្ត កាន់តែមានប្រសិទ្ធភាពថែមទៀត។

ជាមួយ​គ្នា​នោះ​ ឯកឧត្ដម​អភិបាលខេត្ត​ ក៏បាន​សម្តែងការកោតសសើរ​ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំង​អាជ្ញាធរគ្រប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់​ ដែលបានធ្វើការប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្ម​ ក្នុងការអនុវត្តតួនាទី ភារកិច្ច តាមកំណត់នៃច្បាប់ លិខិតបទដ្ឋានជាធរមាន ព្រមទាំងចូលរួមចំណែក និងផ្តល់កិច្ចសហការគាំទ្រ ធ្វើឱ្យរដ្ឋបាលខេត្តកំពង់ចាម សម្រេចបានសមិទ្ធផល នានាជាច្រើននៅរយៈពេលមួយឆ្នាំ២០២៣នេះ។

បន្ទាប់ពី​ស្តាប់​នូវ​របាយការណ៍​ បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត​ រួច​មក​ ឯកឧត្ដម​អភិបាលខេត្ត​ ក៏បានធ្វើការបែងចែកក្រុមពិភាក្សា លើប្រធានបទសំខាន់ៗ ដើម្បីប្រមូលធាតុចូលពីសមាជិក សមាជិកានៃអង្គសន្និបាត សំរាប់បំពេញបន្ថែមលើខ្លឹមសាររបាយការណ៍សម្រាប់អនុវត្ត ក្នុងឆ្នាំ២០២៤ បន្តទៀត​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here