អភិបាល​ខេត្ត​កំពង់ចាម​ ចុះ​ពិនិត្យបច្ចេកទេស​សាងសង់​ស្ពាន​ឫស្សី​រមណីយដ្ឋាន​កោះប៉ែន​ ដេីម្បី​ទទួល​ភ្ញៀវទេសចរណ៍​ ក្នុងឱកាស​ឆ្លងឆ្នាំ​សកល​ ២០២៣-២០២៤

0
25


ដោយលោក,លឹម សិលា
កំពង់ចាម​: ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ អមដំណើរដោយ​មន្ត្រីពាក់ពន្ធ័​ នាព្រឹកថ្ងៃទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២៣​នេះ​ បានអញ្ជើញចុះពិនិត្យ​បច្ចេកទេស​សាងសង់​ស្ពានឬស្សីរមណីយដ្ឋាន​កោះប៉ែន រួមជាមួយ​ការ​កែច្នៃ​ តុបតែង និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ដេីម្បី​ទទួល​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ ចូលមក​ទស្សនាកម្សាន្ត​ ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​សកល​ ២០២៣-២០២៤​ ឆាប់ៗ​ខាងមុខ​នេះ​ ។

បើតាម លោក ប៊ុន ដារ៉ា ប្រធានគ្រប់គ្រងរមណីយដ្ឋានឆ្នេរ​ខ្សាច់​កោះប៉ែន បានឱ្យដឹងថា​ ស្ពានឬស្សីដែលកំពុងសាងសង់ឆ្លងកាត់ទន្លេ ចាប់ពីត្រើយមុខវត្តដីដុះ ក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម មកដល់រមណីយដ្ឋានឆ្នេរកោះប៉ែន មានប្រវែង ៨០០ម៉ែត្រ ទទឹង ២ម៉ែត្រ ដែលបច្ចុប្បន្ន​ការ​សាងសង់បសម្រេច​បាន​ប្រមាណ​ជាង​ ៩០% ហើយ ។
លោក ប៊ុន ដារ៉ា បានបញ្ជាក់ថា ស្ពានឬស្សីឆ្នេរកោះប៉ែននេះ អាចនឹងសាងសង់រួច ១០០% ក្នុងពេលឆាប់ៗនេះ ហើយ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ទាំងឡាយ អាចធ្វើដំណើរឆ្លងកាត់ស្ពានដោយថ្មើជើង មកកំសាន្តនៅឆ្នេរកោះប៉ែននេះ ចាប់ពីថ្ងៃទី២២ ខែធ្នូ​ ឆ្នាំ២០២៣ នេះបាន ។
លោកប្រធានរមណីយដ្ឋាន បានឱ្យដឹងដែរថា ក្រុមការងារដែលដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះមកពិនិត្យស្ពានឬស្សីនោះ គឺឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំ ឱ្យ​លោក រៀបចំដាក់ទង់ជាតិខ្មែរ​ឱ្យ​បានច្រើនតាមបណ្ដោយស្ពានឬស្សី ដើម្បីជាការទាក់ទាញភ្ញៀវទេសចរណ៍ និង ណែនាំ​ឱ្យ​មន្ទីរទេសចរណ៍ខេត្តកំពង់ចាម និងមន្ទីរវប្បធម៌ សហការជាមួយរមណីយដ្ឋានឆ្នេរកោះប៉ែន ដើម្បីរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំ ២០២៣-២០២៤ នៅលើឆ្នេរខ្សាច់រមណីយដ្ឋានកោះប៉ែននោះផងដែរ។

គួរ​បញ្ជាក់ផងដែរថា ស្ពានឬស្សីកោះប៉ែននេះ គឺជាស្ពានមានសសរ​ឫស្សី​ សម្រាប់​ទ្រ​ទម្ងន់ រាប់​ម៉ឺន​ដើម ​និងមាន​ទទឹង ២ម៉ែត្រ​ និងបណ្ដោយប្រវែង ​៨០០ម៉ែត្រ ។ តាមការប៉ាន់ស្មាន ការ​សាងសង់គម្រោងនេះ ត្រូវចំណាយថវិកា ប្រមាណជា ៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក ៕

LEAVE A REPLY

Please enter your comment!
Please enter your name here