អភិបាលខេត្តកំពង់ចាម​ ប្រាប់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ ត្រូវរួមគ្នា ក្នុងការពិនិត្យ និងជួសជុលបន្ទាន់នូវហេដ្ឋារចនាសម្ព័ន្ធ​ ដើម្បីបង្កបរិយាកាស ជូនដល់ប្រជាពលយើង

0
38


កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានណែនាំ​ដល់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ ត្រូវរួមគ្នា ក្នុងការពិនិត្យ និងជួសជុលបន្ទាន់នូវហេដ្ឋារចនាសម្ព័ន្ធ ដែលរដ្ឋបាល ក្រុង ស្រុក មន្ទីរ អង្គភាព បានលើកគម្រោង បន្ទាប់ពីរដូវវស្សាត្រូវ​បាន​បញ្ចប់ ដើម្បីបង្កបរិយាកាស ជូនដល់ប្រជាពលរដ្ឋយើង។​ ការ​ថ្លែង​បែប​នេះ​ក្នុងកិច្ចប្រជុំ ពិគ្រោះយោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦)​ នាព្រឹកថ្ងៃទី​១៨​ ខែធ្នូ​ ឆ្នាំ​២០២៣​ នៅ​មន្ទីរ​ផែនការ​ខេត្តកំពង់ចាម​ ។

ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ បាន​លេីក​ឡើង​ថា​​ នៅ​ក្នុង​សេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៤-២០២៦ របស់រដ្ឋបាលខេត្ត មានគម្រោងវិនិយោគកំពុងដំណើរការចំនួន ១០គម្រោង ដែលត្រូវចំណាយថវិកា ចំនួន ៣០ ០១៨លានរៀល (សាមសិបពាន់ ដប់ប្រាំបីលានរៀល) និងគម្រោងដែលមានថវិកាគាំទ្រមានចំនួន ៤៥១គម្រោង ដែលត្រូវចំណាយថវិកាចំនួន ៩១៩ ៨៩៦ លានរៀល (ប្រាំបួនរយ ដប់ប្រាំបួនពាន់ ប្រាំបីរយកៅសិបប្រាំមួយលានរៀល) ដែលត្រូវអនុវត្តក្នុងឆ្នាំ២០២៤។ គម្រោងទាំងនេះពិតជាស្តែងឡើងនូវការរីកចម្រើនលើគ្រប់វិស័យ ធ្វើឲ្យប្រជាពលរដ្ឋ មានកំណើនសេដ្ឋកិច្ច គ្រួសារ កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក ហើយជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្ត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យប្រជាជនរួចផុតពីបន្ទាត់ក្រីក្រ និងកាន់តែសម្បូរសប្បាយជា បន្តបន្ទាប់ឥតឈប់ឈរ។

ឯកឧត្តមអភិបាលខេត្ត​ បាន​សង្កត់​ធ្ងន់ថា​ គម្រោងទាំងអស់ នៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦) គឺជាផែនការ សម្រាប់អនុវត្តនៅឆ្នាំ២០២៤ សូមលោក-លោកស្រី ប្រធានមន្ទីរ អង្គភាពជំរុញការអនុវត្តគម្រោង នីមួយៗឲ្យចប់តាមការកំណត់ ដោយធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋានឲ្យបានជិតស្និទ្ធ។​ ជាមួយគ្នា​នោះ​ ក្រុមការងារកសាងផែនការខេត្ត រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ ត្រូវត្រៀមខ្លួន ចាប់ ផ្តើមដំណើរការប្រមូលតម្រូវការអាទិភាពរបស់មូលដ្ឋាន នៅចុងខែមករា ដើម្បីដាក់ក្នុងផែនការ យុទ្ធសាស្ត្រថវិកាបានឲ្យទាន់ពេលវេលា ស្របតាមប្រកាសអន្តរក្រសួងលេខ ០១៤៩ ផក.ប្រក ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ របស់ក្រសួងផែនការ និងក្រសួងមហាផ្ទៃ ស្ដីពី ការដាក់ឲ្យ ប្រើប្រាស់សេចក្តីណែនាំបំពេញបន្ថែម លើសេចក្តីណែនាំបច្ចេកទេស ស្តីពីការរៀបចំ និងកសាង កម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here