រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖​ សម័យបច្ចេកវិទ្យាទំនើប ប៉ុន្តែមន្ត្រីយើង មិន​ទាន់មានជំនាញច្បាស់លាស់​នៅឡើយ​ ដូច្នេះត្រូវបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពបន្ថែម​ទៀត​

0
41


កំពង់ចាម​: ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា​ សម័យបច្ចុប្បន្នបច្ចេកវិទ្យាទំនើប ប៉ុន្តែមន្ត្រីរបស់យើង មិន​ទាន់មានជំនាញច្បាស់លាស់នៅឡើយ ដូច្នេះចាំបាច់យើងត្រូវគិតគូរ បណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់ពួកគាត់បន្ថែម ដើម្បី​ឱ្យ​ស៊ីចង្វាក់​ជាមួយ​នឹងអ្វីដែលជាការវិវត្ត នៃប្រព័ន្ធផ្សព្វផ្សាយ​ យើងមិនអាចយកកិច្ចការដែលចេះពីសម័យមុនមកធ្វើការងារត្រឹមតែចំណេះដឹងដដែលៗនោះទេ ពោលគឺ មន្ត្រីយើងត្រូវតែពង្រីកសមត្ថភាព និងពង្រឹងចំណេះដឹងដែលយើងមាន ឱ្យ​ស្របទៅនឹងការវិវត្តន៍របស់ប្រព័ន្ធផ្សព្វផ្សាយ​របស់​យើង​ផងដែរ​។ ថ្លែង​បែប​នេះ​ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីនៃមន្ទីរព័ត៌មានខេត្តកំពង់ចាម កាលពី​ព្រឹកថ្ងៃទី១៥ ខែធ្នូ​ ឆ្នាំ ២០២៣ ។

ក្នុងឱកាសនោះដែរ​ ឯកឧត្តម​ នេត្រ ភក្រ្តា រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ បានថ្លែងថា​ នៅក្នុងអាណត្តិទី៧ នេះ ក្នុងក្របខណ្ឌ នៃការងាររបស់ក្រសួងព័ត៌មាន បានដាក់ចុះ នូវគោលនយោបាយជារួមគឺ​ ការកំណែទម្រង់មុខងារសាធារណៈ​ និងការធ្វើទំនើបកម្ម ស្ថាប័នរបស់ក្រសួងព័ត៌មានផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តី​ បានបន្តថា នៅក្នុងទិសដៅរបស់ក្រសួងព័ត៌មាន គឺបានកំណត់ នូវ​ចក្ខុវិស័យ​ ធ្វើយ៉ាងណាឱ្យ​វិស័យ​ព័ត៌មាន ទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រដ្ឋាភិបាល និងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្ដេច ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
ជាមួយគ្នានោះដែរ ឯកឧត្តម​ នេត្រ ភក្រ្តា​ បានវាយតម្លៃខ្ពស់ ចំពោះមន្ទីរព័ត៌មានខេត្តកំពង់ចាម ដែលបានបំពេញការងារនាពេលកន្លងមក បើទោះបីជា ជួបការលំបាក និងបញ្ហាប្រឈមខ្វះខាតសម្ភារ: យ៉ាងណាក៏ដោយ ក៏នៅតែជំនះ ទៅលើការបំពេញការងាររបស់ខ្លួន រហូតទទួលបានលទ្ធផលល្អប្រសើរ​ ព្រមទាំង​បានលើកទឹកចិត្ត ដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តកំពង់ចាម​ឱ្យ​ខិតខំពង្រឹងសមត្ថភាព ដើម្បីផលិតព័ត៌មានជូនដល់ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ឱ្យ​បានឆាប់រហ័ស និងប្រកបដោយគុណភាព ស្របតាមសម័យ កាលដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប​ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here