រដ្ឋមន្រ្តី​ក្រសួង​អប់រំ​ បើកវគ្គបណ្តុះបណ្តាល ស្តីពីគោលការណ៏ បែបបទ និងនីតិវិធី នៃការអនុវត្តមុខងារអប់រំ យុវជន និងកីឡា ដែលបានផ្ទេរទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ​

0
33


ដោយលោក,លឹម សិលា
កំពង់ចាម​៖​ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា បានអញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីគោលការណ៏ បែបបទ និងនីតិវិធី នៃការអនុវត្តមុខងារអប់រំ យុវជន និងកីឡា ដល់​រដ្ឋបាលក្រុង ស្រុក ខណ្ឌ​ ដែល​បានធ្វើឡើង​នាព្រឹកថ្ងៃទី​១៣​ ខែធ្នូ​ ឆ្នាំ​២០២៣​ នៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សក់ សេដ្ឋី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ នៃ គ.ជ.អ.ប ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង​ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំ​ជាច្រើន​រូប​ទៀត​ ។

ក្នុង​អង្គ​សិក្ខាសាលា​នោះ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសំដែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ នូវកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការដ៏ល្អរវាងគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាម បែបប្រជាធិបតេយ្យ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្ត កំណែទម្រង់តាមបែបប្រជាធិបតេយ្យ ជាពិសេសការធ្វើវិមជ្ឈការមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡាមកឱ្យរដ្ឋបាលថ្នាក់ក្រោជាតិ នៅកម្រិតថ្នាក់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងបានផ្តល់ការអភិវឌ្ឍសមត្ថភាពដល់មន្ត្រីជំនាញរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការបំពេញតួនាទី ភារកិច្ច របស់ខ្លួន។
ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បាន​ប្តេជ្ញា​គាំទ្រ និងបំពេញតួនាទីចាំបាច់របស់រដ្ឋបាលខេត្តក្នុងការសម្របសម្រួល ជាមួយអ្នកពាក់ព័ន្ធនានាក្នុង ការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ក្នុងការគ្រប់គ្រង និងចាត់ចែងអនុវត្តមុខងារអប់រំ យុវជន និង កីឡាដែលបានប្រគល់ និងប្រតិភូកម្ម ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យ និង បរិយាបន្ន​ផងដែរ​ ។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា​ មកដល់ពេលបច្ចុប្បន្ននេះ គឺជាជំហានថ្មីមួយទៀត ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ ព្រមទាំងបង្ហាញអំពីសុឆន្ទៈ និង ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់អទិភាព និងការគាំទ្រ ដល់វិស័យអប់រំ យុវជននិងកីឡា ។
ជាមួយគ្នានោះ​ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានស្នើសុំដល់សិក្សាកាមទាំងអស់ សូមព្យាយាមសិក្សាឱ្យបានហ្មត់ចត់ ក្តាប់បាននូវខ្លឹមសារ ដើម្បីយកទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here