វគ្គបណ្តុះបណ្តាលស្ដីពី «ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន»

0
33

ភ្នំពេញ ៖ ដើម្បីបង្កើនសមត្ថភាពជំនាញឌីជីថលស្របតាមតម្រូវការទីផ្សារសារព័ត៌មាននៅកម្ពុជា ក្លិបអ្នកកាសែតកម្ពុជា​ (ក.អ.ក) ​សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ​ បានបើកវគ្គបណ្តុះបណ្តាលសារព័ត៌មានលើកទី៣ស្ដីពី «ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន» ។
វគ្គបណ្តុះបណ្តាលខាងលើមានរយៈពេល២ថ្ងៃគឺ៖ ថ្ងៃទី០៥ និងទី៧ ខែធ្នូ ឆ្នាំ២០២៣ ដែលវគ្គបណ្តុះបណ្តាលនេះធ្វើនៅវិទ្យាស្ថានអភិបាលកិច្ចឌីជីថលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ ជាថ្ងៃទី១ នៃវគ្គបណ្តុះបណ្តាលសារព័ត៌មានលើកទី៣ស្ដីពី «ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន» ដែលមានសិក្ខាកាមជាអ្នកសារព័ត៌មានចូលរួមចំនួន៣៧នាក់ មកពី២៥ស្ថាប័ន។
មេរៀននៅព្រឹកថ្ងៃទី១នេះគឺ «ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព»ប្រធានបទ៖ កម្មវិធីផលិតភាពរបស់ទូរសព្ទដៃ ដែលសិក្ខាកាមនឹងស្វែងយល់អំពីមាតិកាហ្វេសប៊ុក, ស្វែងយល់អំពីកម្មវិធីថត និងកាត់តវិឌីអូតាមទូរសព្ទដៃ, ចេះប្រើប្រាស់កម្មវិធីផលិតភាពលើទូរសព្ទដៃ ដែលជួយសម្រួលការងារប្រចាំថ្ងៃ, ចេះថត និងកាត់តវិឌីអូតាមទូរសព្ទដៃ ដែលធ្វើបទបង្ហាញដោយលោក ជី សុផាត អ្នករៀបចំព្រឹត្តិការបារខែមកម្ពុជា និងជាអ្នកនិពន្ធមាតិកាឌីជីថល។
គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺ ដើម្បីផ្តល់ជូនអ្នកសារព័ត៌មាននូវចំណេះដឹងបន្ថែមអំពីការប្រើប្រាស់កម្ម វិធីថត កាត់តវីដេអូតាមទូរស័ព្ទដៃ ការEditរូបថត ដាក់ក្រេឌីតលើរូបថតដោយប្រើទូរស័ព្ទដៃ និងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម (Messenger, Telegram, What’s App) ជាដើម។
វគ្គបណ្តុះបណ្តាលនេះក៏បានបង្កើនសមត្ថភាព ការពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ជាពិសេសសម្រាប់សមាជិក ទាំងអស់របស់ក្លិបអ្នកកាសែតកម្ពុជាគឺជាបេសកកម្មដ៏ចម្បង។ ហេតុនេះហើយទើប ក.អ.ក បានស្វែងរកកិច្ច សហការពីដៃគូជាច្រើនដើម្បីឆ្លើយតបទៅនឹងបេសកកម្មខាងលើ ជាក់ស្តែងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជា ដៃគូដ៏សំខាន់មួយមិនអាចខ្វះបានសម្រាប់បច្ចេកវិទ្យាសម័យឌីជីថល។
វគ្គសិក្សាជំនាញខាងលើ គឺជាការចាប់ផ្តើមវគ្គបណ្តុះបណ្តាលថ្មីមួយទៀតក្នុងឆ្នាំ២០២៣ ក្រៅពីវគ្គសិក្សាជា ច្រើនត្រូវបានដំណើរការតាំងពីដើមឆ្នាំមក ហើយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នឹងជួយសម្រួលដល់គ្រូបណ្តុះបណ្តាល ទីកន្លែង ព្រមទាំងអាហារដល់សិក្ខាកាមក្នុងអំឡុងពេលបណ្ដុះបណ្តាលនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here