រដ្ឋបាលខេត្តកំពង់ចាម បំភ្លឺ​ករណីមនុស្ស១ក្រុមចាប់ចងដៃជើងបុរសម្នាក់​ នៅស្រុកជើងព្រៃ

0
174


រដ្ឋបាលខេត្តកំពង់ចាម​ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣នេះ បានបំភ្លឺករណីដែលមនុស្សមួយក្រុម​ បាននាំចាប់ចងដៃចងជើងបុរសម្នាក់ឈ្មោះ អ៊ឹម ហាច នៅក្នុងស្រុកជើងព្រៃ​ ។

សេចក្តីប្រកាសព័ត៌មាន​របស់​រដ្ឋបាល​ខេត្តកំពង់ចាម​ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ មានការបង្ហោះ និងចែកចាយតាមបណ្តាញសង្គម នូវរូបភាពវីដេអូ អំពី បុរសម្នាក់ ត្រូវបានមនុស្សមួយក្រុមចាប់ចងដៃ ចងជើងទាំងពីរ ក្នុងស្ថានភាពគ្មានអាវ ខ្លួនប្រឡាក់ដី និងស្លៀកខោជើងខ្លី។ ករណីនេះ រដ្ឋរបាលខេត្តកំពង់ចាម សូមជម្រាបជូនសាធារណជន និងអ្នកនិយមតាមដានតាមបណ្តាញសង្គម មេត្តាជ្រាបថា ៖ ករណីនេះ បានកើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២២​ និង​៣០នាទី នៅភូមិប៉ាណា ឃុំសូទិប ស្រុកជើងព្រៃ ដោយជនត្រូវបានគេចងឈ្មោះថា អឹម ហាច ភេទប្រុស អាយុ ៣៧ឆ្នាំ បានអះអាងខ្លួនឯងថា ជាភ្នាក់ងារសារព័ត៌មាន “សានព្រហ្ម”។ ហើយភាគីអ្នកចាប់ចង គឺជាភាគីប្រជាពលរដ្ឋដែល មានឈ្មោះ ១. សោ ចាន់ណារី ភេទប្រុស អាយុ២៨ឆ្នាំ, ២ម៉ោង គីមហ៊ាន់ ភេទប្រុស អាយុ ៣៦ឆ្នាំ, ៣. អូន គឹមអាង ភេទប្រុស អាយុ ៣២ឆ្នាំ និង៤អ៊ឹម ផែន ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។ ចំពោះដើមហេតុនៃរឿងនេះ គឺលោក អ៊ឹម​ ហាច បានចោទប្រកាន់ ភាគីប្រជាពលរដ្ឋថាបានគុំខឹងនឹងខ្លួនដែលបានថតផ្សាយវីដេអូដឹកឈើតាំងពីពេលថ្ងៃ ហើយដល់ពេលយប់បានតាមដេញផ្ដួលម៉ូតូ និងចាប់ចងគាត់នៅ ចំណុចផ្ទះលក់គ្រឿងសំណង់យីហោ លី សេងហុង។ ប៉ុន្តែតាមការបំភ្លឺរបស់ប្រជាពលរដ្ឋទាំង ៤រូប គឺបានបញ្ជាក់ថា ឈ្មោះ អ៊ឹម​​ ហាច បានចូលក្នុងផ្ទះរបស់ពួកគាត់ដោយគ្មានការអនុញ្ញាត នៅចន្លោះម៉ោង ២២​ និង​០០នាទី ទៅ ម៉ោង២៣:០០នាទីយប់នាថ្ងៃ ខែ ឆ្នាំដដែល បានធ្វើសកម្មភាពថតទីកន្លែងទុកដាក់ឈើ។

ករណីនេះ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋានស្រុកជើងព្រៃ និងស្នងការនគបាលខេត្ត ក្រោមការសម្របសម្រួលនីតិវិធីដោយតំណាងអយ្យការ អមសាលាដំបូងខេត្តកំពង់ចាម បានធ្វើការនាំខ្លួនសាកសួរភាគីទាំងពីរ ប្រមូលភស្តុតាង និងបានធ្វើការជាមួយស្ថាប័នមានសមត្ថកិច្ចជំនាញពាក់ព័ន្ធ បានរកឃើញនូវលទ្ធិផលដូចខាងក្រោម ៖ ១ករណីនេះ គឺជាបញ្ហាជម្លោះកើតឡើងរវាងបុគ្គល និងបុគ្គល ពុំមានពាក់ព័ន្ធថាសមត្ថកិច្ចនគរបាលទៅ ចាប់ចង ឈ្មោះ អឹម ហាច ឡើយ។ ផ្ទុយទៅវិញ សមត្ថកិច្ចនគរបាលកំពុងធ្វើការប្រមូល នឹងចងក្រងសំណុំរឿងដើម្បីផ្តល់នូវយុត្តិធម៌ជូនភាគីទាំងសងខាង។ ២. ឈ្មោះ អ៊ឹម ហាច ធ្លាប់ជាអ្នកសារព័ត៌មាន នៅអង្គភាពស៊ីអិនអិម (CNM) តែត្រូវបានអង្គភាពនេះ បញ្ឈប់ចេញពីអង្គភាពកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។ តាមការបញ្ជាក់របស់ក្រសួងព័ត៌មាន មកដល់ពេលនេះ ឈ្មោះ អ៊ឹម ហាច ពុំទាន់មានការចុះបញ្ជីជាភ្នាក់ងារសារព័ត៌មានផ្លូវការ នៅស្ថាប័នសារព័ត៌មានណាមួយឡើយ។​ ៣.ចំពោះករណីដឹកឈើដែលជាកម្មវត្តក្នុងការផ្សាយវ័បស់លោក អ៊ឹម ហាច គឺជាឈើដែលប្រជាពលរដ្ឋ បានទិញពីដេប៉ូស្របច្បាប់ (ច្បាប់អនុញ្ញាតរបស់មន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម លេខ ២១/២៣​ ខរព/កច ចុះថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣) ក្នុងគោលបំណងសាងសង់លំនៅឋាន ដោយមានការបញ្ជាក់ពី អាជ្ញាធរមូលដ្ឋាន។ ៤.លោក អ៊ឹម ហាច បានសារភាពថា ខ្លួនពិតជាបានចូលទៅក្នុងបរិវេណគេហដ្ឋានរបស់ភាគីប្រជាពលរដ្ឋដោយ គ្មានការអនុញ្ញាតពិតប្រាកដមែន។ ដោយឡែក ភាគីខាងប្រជាពលរដ្ឋ សារភាពថា ពួកខ្លួនបានព្យាយាមប្រតាយប្រតប់ ដើម្បីចាប់ ជនសង្ស័យ ហើយនាំខ្លួនប្រគល់ជូនមន្ត្រីនគរបាលយុត្តិធម៌ ដោយមិនមានចេតនាក្នុងការប្រើប្រាស់អំពើហិង្សា ឬអំពើទារុណកម្ម ផ្លូវកាយទៅលើលោក អ៊ុម ហាច ឡើយ។
ជាមួយគ្នានេះ ភាគីទាំងសងខាងបានទទួលស្គាល់កំហុសដែលបានប្រព្រឹត្តរៀងៗខ្លួន និងស្នើសុំដកពាក្យបណ្ដឹង ដោយសន្យាកែប្រែខ្លួន មិនប្រព្រឹត្តអំពើផ្ទុយនឹងច្បាប់ទៀតឡើយ។
៥.ក្រោយពីបានបើកការស៊ើបអង្កេតចប់សព្វគ្រប់ តំណាងអយ្យការបានបញ្ជាឲ្យមន្ត្រីនគរបាលយុត្តិធម៌អនុញ្ញាតឲ្យជនសង្ស័យទាំងអស់វិលត្រឡប់ទៅផ្ទះមានសេរីភាពឡើងវិញ និងបន្តចំណាត់ការតាមនីតិវិធីជាធរមាន។
អាស្រ័យហេតុនេះ សូមសាធារណជន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាប និងសូមកុំបន្តបង្ហោះ និងចែកចាយអត្ថបទ និងរូបភាពណាមួយដែលនាំឲ្យមានការយល់ច្រឡំ ឬរំខានដល់ការអនុវត្តនីតិវិធីរបស់សមត្ថកិច្ចឡើយ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here