ពលរដ្ឋ​ស្រុក​ចំការលេី​ បាន​ស្នើ​សុំ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ ចំនួន២៣ករណី​ ក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម​

0
82


កំពង់ចាម: ប្រជាពលរដ្ឋ បានលើកឡើងជាសំណើរ សំណូមពរ និងកង្វល់សរុប​ចំនួន​ ២៣ករណី ត្រូវបានអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី៥ អាណត្តិទី៣ ធ្វើការឆ្លើយតបភ្លាមៗ បាន​ចំនួន​ ៤ករណី​ អ្វី​ដែល​នៅ​សេសសល់​ត្រូវបានយកទៅពិភាក្សា ដើម្បីដោះស្រាយទៅតាមប្រភេទរដ្ឋបាលនិមួយៗ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី៤​ ខែធ្នូ​ ឆ្នាំ០២៣ នៅវត្តអម្ពវនារាម (វត្តតាអុង) ស្ថិត​ក្នុង​ភូមិតាអុង ឃុំតាអុង ស្រុកចំការលើ​ ក្រោមវត្តមាន ឯកឧត្តម ខ្លូត​ ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខ្លូត​ ចិន្ដា​ អភិបាលរងខេត្តកំពង់ចាម ។

ក្នុងអង្គវេទិកានោះ តំណាង​របស់​ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម ខ្លូត​ ចិន្ដា​ បានដឹកនាំការឆ្លើយតបចំពោះ សំណើរ សំណូមពរ និងកង្វល់ ដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើងរួមមាន​ បញ្ហា​វាស់វែង​ដីធ្លី​ហេីយ​តែ​នៅ​មិន​ទាន់​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​​ បញ្ហា​ទំនាស់​ដីធ្លី​នាំឱ្យ​អាក់ខាន​ការ​ធ្វើ​ប្លង់​ដី​​ សុំ​ជួយ​ដោះស្រាយ​បញ្ហា​ចៅ​ស្រវឹង​បង្ក​រឿង​ជា​មួយ​លោក​យាយ​​​ សុំ​ជួយ​កសាង​វត្ត​ និង​សុំ​បញ្ចុះ​តម្លៃ​អគ្គិសនី​ដែល​ប្រេីប្រាស់​នៅ​ក្នុង​វត្ត​​ សុំ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ សុំ​បន្ទប់​ទឹក​​បង្គន់​អនាម័យ​ សុំ​​ប្រឡាយ​​​៥០០០ម៉ែត្រ​ រួមទាំង​ស្តារ​អាង​ទឹក​ និង​សុំ​ទ្វារ​ទឹក​​ សុំ​ជួយ​ជួសជុល​ផ្លូវ​ និង​សុំ​ផ្លូវ​ចុះ​ទៅ​ស្រែ​ចម្ការ​ សុំ​អណ្តូង​ទឹក​​ សុំ​ផ្ទះ​ស្នាក់​អាស្រ័យ​ និង​សុំ​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​កសិកម្ម​នៅវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ចាម​ ។

ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានថ្លែងថា​ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងបន្តការអនុវត្ត អភិក្រម ឆ្លុះបញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។ យុទ្ធសាស្ត្រ-ដំណាក់កាលទី១ កំណត់យកនូវអាទិភាព គន្លឹះចំនួន ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ជាមួយគ្នានោះ​ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា​​ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ​យេីង​បានពិភាក្សា ពិគ្រោះយោបល់ជាមួយអ្នកចូលរួមទាំងអស់ បានរកឃើញនូវបញ្ហាអាទិភាពសំខាន់ៗសម្រាប់រដ្ឋបាលខេត្តយកទៅពិនិត្យ ពិចារណាក្នុងការឆ្លើយតប ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ជាពិសេស ពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលក្នុងកិច្ចអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានរបស់គាត់ឱ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការតម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ​ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here