សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ប្រារព្វទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣ (លើកទី៣០ នៅកម្ពុជា) ក្រោមប្រធានបទ «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍»

0
74


ដោយលោកស្រី,ថត ស្រីមុំ
ស្វាយរៀង ៖ ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២៣ ក្រោមប្រធានបទ “សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍” និងលើកកម្ពស់កិត្តិនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតប នឹងជំងឺអេដស៍នៅកម្ពុជា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់សាខា សហការជាមួយមន្ទីរសុខាភិបាលខេត្ត បានធ្វើពិធីសំណេះ សំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់អ្នករងគ្រោះកំពុងរស់នៅជាមួយមេរោគអេដស៍ និង កុមារកំព្រាដោយសារអេដស៍សរុបចំនួន ២៤៩នាក់ មកពី ៥ស្រុក-ក្រុង ក្នុងខេត្តស្វាយរៀង គឺស្រុកស្វាយជ្រំ ស្វាយទាប រំដួល កំពង់រោទិ៍ និងក្រុងស្វាយរៀង ។ ពិធីនេះប្រារព្វធ្វើនៅទីស្នាក់ការសាខា ក្រោមអធិបតីភាព លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា ឯកឧត្តម ម៉ែន វិបុល គណៈកម្មាធិការសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់សាខា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកានៃគណៈកម្មាធិការសាខា ទីប្រឹក្សា យុវជនកាកបាទក្រហម។ ក្នុងគោលបំណងដើម្បីចូលរួមផ្សព្វផ្សាយឲ្យបានទូលាយនូវសារលិខិត និងគាំទ្រការបំពេញភារកិច្ចរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយត្រូវបានអញ្ជើញអ្នកផ្ទុកមេរោគអេដស៍ អ្នកស្ម័គ្រចិត្ត និងយុវជន មកចូលរួមត្រងត្រាប់ស្តាប់សារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ។ បើបាយការណ៍សង្ខេប របស់លោកវេជ្ជ. ថោង អ៊ុំសុធា អនុប្រធានមន្ទីរសុខាភិបាលខេត្ត ស្តីនៅឆ្នាំ ២០២៣ នេះ ខេត្តស្វាយរៀងមានអ្នកផ្ទុកមេរោគអេដស៍ ចំនួន១.៦១៦ នាក់។ ជាក់ស្តែង អ្នកជំងឺអេដស៍មកទទួលសេវាមានចំនួន១.៤៦២ នាក់ និង ១៥៤នាក់ ដែលត្រូវ ស្រាវជ្រាវរកដើម្បីអោយពួកគាត់ចូលសេវាទាន់ពេលវេលា ។ ជាលទ្ធផលនៃការផ្តល់សេវា ៩ខែ ឆ្នាំ ២០២៣ ចំនួនអ្នកមកធ្វើតេស្តឈាមរកមេរោគអេដស៍ មានចំនួន ១០.៧៩០ នាក់ (ស្ត្រីមានផ្ទៃពោះ តេស្តបានចំនួន ៤៩៩១នាក់)វិជ្ជមាន សរុបចំនួន ៥៦ករណី (ស្ត្រីមានផ្ទៃពោះវិជ្ជមានចំនួន ៣នាក់) ។ ក្នុងឱកាសនោះឯកឧត្តម ម៉ែន វិបុល គណៈកម្មាធិការសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់សាខា បានថ្លែងជូនអង្គពិធីនូវសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយបានលើកឡើងថា ៖ ប្រធានបទ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣ បានគូសបញ្ជាក់យ៉ាងច្បាស់ថា ដើម្បីអាចបញ្ចប់ជំងឺអេដស៍បាន គឺទាមទារឱ្យមានការចូលរួមឱ្យបានពេញលេញ និងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដូចដែលព្រះរាជាណាចក្រកម្ពុជាយើង ធ្លាប់បាននិងកំពុងបន្តអនុវត្ត ក្នុងការឆ្លើយតបទូលំទូលាយ និងពហុវិស័យ ទៅនឹងមេរោគអេដស៍/ជំងឺអេដស៍ ដោយមិនទុកនរណាម្នាក់ឱ្យនៅឯកោឡើយ និងការបង្កើតឱ្យមានមធ្យោបាយអប់រំផ្សព្វផ្សាយថ្មីៗដែលមានលក្ខណៈឌីជីថល។ ជាមួយគ្នានេះ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា បាននាំយកនូវការផ្តាំផ្ញើរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបង-ប្អូន ជាពិសេសយុវជនយើងរួមមាន៖ ១ ត្រូវប្តេជ្ញាចិត្តចូលរួមទប់ស្កាត់ការរីករាលដាល និងបញ្ចប់ជំងឺអេដស៍ នៅឆ្នាំ២០២៥ ដោយប្រកាន់ខ្ជាប់គោលការណ៍សមភាព និងបរិយាបន្ន២- ត្រូវនាំគ្នា អនុវត្តវិធីសាស្ត្រ មិត្ត-អប់រំ-មិត្ត ក្នុងការចាកឆ្ងាយពីគ្រឿងញៀន ភាពភ្លើតភ្លើនផ្លូវភេទ ដែលជាហានិភ័យខ្ពស់នៃការឆ្លងមេរោគអេដស៍/ជំងឺកាមរោគផ្សេងៗ និងត្រូវខិតខំរៀនសូត្រ ថែរក្សាសុខភាព បរិភោគអាហារូបត្ថម្ភល្អដូចពាក្យចាស់ពោលថា ស្រឡាញ់ខ្លួន ឱ្យស្ងួនចំណី ។ ៣ សូមបង-ប្អូនដែលសង្ស័យថាបានប្រឈមនឹងមេរោគអេដស៍ ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តរកមេរោគអេដស៍ឱ្យបានឆាប់បំផុត,ទទួលបានការថែទាំសុខភាព និងត្រូវប្រើថ្នាំប្រឆាំងមេរោគអេដស៍ឱ្យបានត្រឹមត្រូវ ទៀងទាត់ និងជាប់លាប់ ។ ៤ សូមស្ត្រីមានផ្ទៃពោះ ទៅពិនិត្យនិងថែទាំផ្ទៃពោះជាមួយឆ្មប ឬគ្រូពេទ្យយ៉ាងហោចឱ្យបាន៤ដងមុនសម្រាលកូន និងទទួលយកសេវាទប់ស្កាត់ការចម្លងមេរោគអេដស៍/ស្វាយ និងថ្លើម ពីសេវាសុខាភិបាល ៥ សូមបង-ប្អូនទាំងអស់ ចូលរួមលើកទឹកចិត្ត និងមិនត្រូវរើសអើងឬមាក់ងាយអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ឡើយ ។ ៦ សូមអំពាវនាវដល់ក្រុមបុរសរួមភេទជាមួយបុរស ក្រុមអ្នកបំប្លែងភេទ ក្រុមស្ត្រីបម្រើសេវានៅតាមគ្រឹះស្ថានកម្សាន្តសប្បាយមនុស្សពេញវ័យ។ល។ ត្រូវចូលរួមក្នុងការអនុវត្តនូវវិធានការបង្ការការចម្លងមេរោគអេដស៍ឱ្យបានត្រឹមត្រូវ ដើម្បីសុខភាពផ្ទាល់ខ្លួន និងដើម្បីទប់ស្កាត់ការចម្លងថ្មី និងឈានទៅបញ្ចប់ជំងឺអេដស៍ នៅឆ្នាំ២០២៥ ឱ្យបានសម្រេចជោគជ័យ។ លោកស្រី កែវ សារ៉ាឌី ដែលជាអ្នករស់នៅជាមួយមេរោគអេដស៍ បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាល អង្គការនានា ពិសេសកាកបាទក្រហមកម្ពុជា
ដែលបានជួយឧបត្ថម្ភគាំទ្រដល់អ្នករស់នៅជាមួយមេរោគអេដស៍ ជម្ងឺអេដស៍ និងកុមារកំព្រារ ដែលរងគ្រោះដោយសារមេរោគអេដស៍ និងជម្ងឺអេដស៍ ធ្វើឲ្យពួកគាត់ជាគ្រួសាររងគ្រោះមានជីវភាពប្រសើរ បានចូលសាលារៀន បានទទួលមុខរបរខ្នាតតូចកាត់បន្ថយការរើសអើងដល់អ្នកផ្ទុក និងអ្នកជម្ងឺអេដស៍ និងធ្វើឲ្យពួកគាត់មានក្តីសង្ឃឹមក្នុងការរស់នៅតទៅទៀត ។ អំណោយដែលបានផ្តល់ជូនដល់អ្នករស់នៅជាមួយមេរោគអេដស៍ និងកុមាកំព្រាដោយសារអេដស៍ទាំង ២៤៩ នាក់ ក្នុង ១ នាក់ទទួលបាន អង្ករ ៣០ គ.ក្រ មី១កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប សាប៊ូដុំ ៤ដុំ ទឹកដោះគោខាប់ ៥កំប៉ុង ឃីត១ កញ្ចប់(មុង១ ភួយ១ សារ៉ុង១ ក្រម៉ា១) ថវិកាធ្វើដំណើ ៥០,០០០រៀល ៕

LEAVE A REPLY

Please enter your comment!
Please enter your name here