ឯកឧត្តម​ អ៊ុន​ ចាន់ដា​៖ វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ចាមនឹងរៀបចំបណ្តុះបណ្តាលយុវជនលើជំនាញចំនួន ៧ និងផ្តល់ការសិក្សា ៤២០នាក់​

0
40


កំពង់ចាម​ៈ​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​ នៅវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ចាមនឹងរៀបចំបណ្តុះបណ្តាលយុវជនយើងនៅលើជំនាញចំនួន ៧ និងផ្តល់ការសិក្សាដល់ យុវជនចំនួន ៤២០នាក់។​ ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​កិច្ចប្រជុំផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ​ នាព្រឹកថ្ងៃទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣​ ។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ក្រោមការដឹកនាំរបស់សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញកម្មវិធីបណ្តុះប ណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស សំដៅធ្វើឱ្យយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ មានជីវភាពល្អប្រសើរឡើង ដោយរក្សាបាននូវស្ថិរភាពការងារ កំណើន ផលិតភាព ប្រាក់ចំណូលសមរម្យ លក្ខខណ្ឌការងារល្អប្រសើរ និងចាកផុតពីបន្ទាត់នៃភាពក្រីក្រ​ ។

ឯកឧត្ដមអភិបាលខេត្ត​ បានបន្ត​ថា​ តាមរយៈ​កម្មវិធី​នេះ​ខេត្តកំពង់ចាម ទទួលបានបានការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស នៅវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈខេត្ត ដោយមិនបង់ថ្លៃសិក្សា ព្រមទាំងទទួលបាននូវប្រាក់ឧបត្ថម្ភ ប្រចាំខែ​ ក្នុង​១ខែ​ចំនួន​ ២៨ម៉ឺនរៀល​ ។ ក្រោយពីបញ្ចប់ការសិក្សា យុវជនយើងនឹងទទួលបានចំណេះ និងជំនាញមួយពិតប្រាកដ ដើម្បីប្រកបរបបចិញ្ចឹមជីវិត បង្កើនប្រាក់ចំណូលក្នុងគ្រួសារ បញ្ចៀសបាន​នូវ​ការធ្វើចំណាកស្រុក​ដោយ​ខុសច្បាប់​ ផងដែរ​ ។

បេីតាម​​លោក ហាវ ធិន​ នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម​ បានឱ្យដឹងថា​ វិទ្យាស្ថានពហុបច្ចេទេសខេត្តកំពង់ចាមបានធ្វើផែនការ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) លើមុខជំនាញ៖ ១-ការងារ កំបោរ ២-ការដំឡើងបណ្តាញបំពង់ទឹក ៣-ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ៤-ការផ្សារអគ្គិសនី ៥-ការថែទាំ និងជួសជុលរថយន្ត ៦-សេវាកម្មកុំព្យូទ័រ និង៧-ការកែច្នៃបន្លែ និងផ្លែឈើ។​

លោក ហាវ ធិន​ បានបញ្ជាក់​ថា​ យុវជនគោលដៅនឹងទទួលបានអត្ថប្រយោជន៍ដូចជា៖ ១-សិក្សាដោយមិនបង់ថ្លៃ ២-​ប្រាក់ឧបត្ថម្ភប្រចាំខែ ចំនួន ២៨ម៉ឺនរៀលក្នុង១ខែ ដោយសិក្សាពេញម៉ោង (សរុបចំនួន​ ១. ១២០ .០០០៛​ /វគ្គ)​ ៣-ផ្តល់ប្រឹក្សាយោបល់ ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ ៤-កន្លែងចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន ៥-សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ និងឳកាសបន្តការសិក្សា ៦-ជំនាញមួយ ពិតប្រកដដែលទីផ្សារការងារកំពុងត្រូវការ និង៧ -ឳកាសការងារធ្វើសមរម្យ និងចំណូលទៀងទាត់​ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here