ពលរដ្ឋ​ស្រុកស្ទឹងត្រង់​ បាន​ស្នើ​សុំ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ ចំនួន១៩ករណី​ ក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម​

0
95


កំពង់ចាម ៖ ប្រជាពលរដ្ឋ បានលើកឡើងជាសំណើរ សំណូមពរ និងកង្វល់សរុប​ចំនួន​ ១៩ករណី ត្រូវបានអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី៥ អាណត្តិទី៣ ធ្វើការឆ្លើយតបភ្លាមៗ បាន​ចំនួន​ ៩ករណី​ អ្វី​ដែល​នៅ​សេសសល់​ត្រូវបានយកទៅពិភាក្សា ដើម្បីដោះស្រាយទៅតាមប្រភេទរដ្ឋបាលនិមួយៗ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ០២៣ នៅវត្តសន្ទិច ស្ថិត​ក្នុង​ភូមិសន្ទិច ឃុំដងក្តា ស្រុកស្ទឹងត្រង់​ ក្រោមវត្តមាន ឯកឧត្តម ខ្លូត​ ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស្រី​ សុភ័ក្ដ្រ​ អភិបាលរងខេត្តកំពង់ចាម ។

ក្នុងអង្គវេទិកានោះ តំណាង​របស់​ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម ស្រី​ សុភ័ក្ដ្រ​ បានដឹកនាំការឆ្លើយតបចំពោះ សំណើរ សំណូមពរ និងកង្វល់ ដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើងរួមមាន បញ្ហា​ចោរកម្ម​​ចោរលួច​ជ័រ​កៅស៊ូ​​ បញ្ហា​តម្លៃ​ប្រេង​ឥន្ធនៈ​ និង​បញ្ហា​កសិផល​​​ ស្នេី​សុំ​ឱ្យ​ជំរុញ​ការ​ស្ថាបនា​ផ្លូវ​​ សុំ​ផ្លូវ​មួយ​ខ្សែ​ប្រវែង​ជាង​​ ៨គីឡូម៉ែត្រ​ សុំ​ជួសជុល​ផ្លូវ​ សុំ​ស្ពាន​និង​ផ្លូវ​មួយ​ខ្សែ​ប្រវែង​​៩គីឡូម៉ែត្រ​​ សុំ​សូឡា​១៤ដេីម​សម្រាប់​​ដាក់​បំភ្លឺ​តាម​ផ្លូវ​សាធារណៈ​ សុំ​ផ្លូវ​គ្រួស​ក្រហម​ប្រវែង​៣០០ម៉ែត្រ​​​ សុំ​ឱ្យ​មន្ត្រី​សុរិយោដីកុំ​យក​លុយ​ថ្លៃ​វាស់វែង​ដីធ្លី​ សុំ​កសាង​វត្ត​ក្នុង​ឃុំ​ដងក្តា​ ពលរដ្ឋ​ក្រីក្រ​ដែល​មាន​​កូន​ច្រើន​សុំ​ផ្ទះ​ស្នាក់នៅ​ ។ ល​ ។

ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានថ្លែងថា​ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងបន្តការអនុវត្ត អភិក្រម ឆ្លុះបញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។ យុទ្ធសាស្ត្រ-ដំណាក់កាលទី១ កំណត់យកនូវអាទិភាព គន្លឹះចំនួន ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ជាមួយគ្នានោះ​ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា​​ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ​យេីង​បានពិភាក្សា ពិគ្រោះយោបល់ជាមួយអ្នកចូលរួមទាំងអស់ បានរកឃើញនូវបញ្ហាអាទិភាពសំខាន់ៗសម្រាប់រដ្ឋបាលខេត្តយកទៅពិនិត្យ ពិចារណាក្នុងការឆ្លើយតប ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ជាពិសេស ពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលក្នុងកិច្ចអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានរបស់គាត់ឱ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការតម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ​ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here