ឯកឧត្តម​ ជាម ច័ន្ទសោភ័ណ​ នាំយកអំណោយ​មនុស្សធម៌​កាកបាទក្រហមខេត្ត​ ចែកជូនពលរដ្ឋងាយរងគ្រោះ​ចំនួន​ ៣៤៨គ្រួសារ​ នៅ​ស្រុកអូរាំងឪ

0
143


ត្បូងឃ្មុំ​:​ ឯកឧត្តម ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បាននាំយកអំណោយ​មនុស្សធម៌​កាកបាទក្រហមខេត្ត​ ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ​ ចំនួន​៣៤៨ គ្រួសារ​ មកពីឃុំចំនួន៦ ក្នុងស្រុកអូរាំងឪ។ ដែលពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២៣ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ ចំការស្បូវ ស្ថិត​ក្នុងភូមិថ្មីកណ្តាល ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។

មានប្រសាសន៍នាឱកាសនោះឯកឧត្តម ជាម ច័ន្ទសោភ័ណ បានថ្លែងថា​​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកតែងតែគិតគូរ​អំពី​សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈទាំងអស់ ហើយក៏ដូចជាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ​តែងតែគិតគូរ អំពីសុខទុក្ខ និងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តត្បូងឃ្មុំក៏ដូចជានៅទូទាំងប្រទេសផងដែរ។ ហើយលើសពីនេះទៅទៀត សម្តេចនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានបង្ហាញនូវជំហរយ៉ាងប្រាកដថា ត្រូវតែរក្សាឱ្យបាននូវសុខសន្តិភាពជូនប្រជាជន និងប្រទេសកម្ពុជាបន្តទៀត ធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត មានឱកាសក្នុងការប្រកបរបរទទួលទាន និងបង្កបង្កើនផលរៀងៗខ្លួន ដោយមិនមានការភ័យខ្លាច ហើយក៏ដូចជា ឱ្យបងប្អូនកូនចៅយើងមានឱកាសសិក្សារៀនសូត្រ​ឱ្យ​បានចេះដឹងជ្រៅជ្រះ ដើម្បីទទួលបានឱកាសការងារល្អៗ និងទទួលបានប្រាក់កម្រៃច្រើន សម្រាប់ជួយលើកកម្ពស់ជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិផងដែរ។

ជាមួយគ្នានោះ​ ឯកឧត្តម ជាម ច័ន្ទសោភ័ណ​ ក៏បានក្រើនរំឭកដល់លោក លោកស្រី ដែលជា មេភូមិ មេឃុំ សូមបន្តយកចិត្តទុកដាក់ក្នុងការបម្រើសេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋរបស់យើងប្រកបដោយប្រសិទ្ធភាពថែមទៀត ហើយក៏ត្រូវតែជួយដល់បងប្អូនប្រជាពលរដ្ឋយើងដែលជួបនូវបញ្ហាគ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើងដោយយថាហេតុ ឱ្យ​យបានលឿននិងឆាប់រហ័ស។ពិសេសសូមមន្ត្រីរាជការយើងនៅ គ្រប់លំដាប់ថ្នាក់ បន្តខិតខំបម្រើបងប្អូនប្រជាពលរដ្ឋ​ ឱ្យ​បានល្អប្រសើរឡើងថែមទៀត​ ។

គួរ​បញ្ជាក់​ថា​ អំណោយ​កាកបាទក្រហម​ខេត្ត​ដែល​ចែកជូនដល់ប្រជាពលរដ្ឋ​ចំនួន​ ៣៤៨គ្រួសារ​ មកពីឃុំចំនួន៦ ក្នុងស្រុកអូរាំងឪនេះ ដោយក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ២៥គីឡូក្រាម​, មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ​ ១យួរ ត្រីខ ១០កំប៉ុង និងថវិកា ២ម៉ឺនរៀល​ ។ បន្ថែមលើសពីនេះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ ក៏បានជូន រទេះរុញ ចំនួន​ ៣គ្រឿង​ដល់ប្រជាពលរដ្ឋដែលមានពិការភាព​ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here