ថ្នាក់ដឹកនាំ​ខេត្តកំពង់ចាម​ ​​កាត់បេីក​ស្រោម​ប្រធាន​វិញ្ញាសារប្រឡងមធ្យមសិក្សាទុតិយភូមិ​ ឆ្នាំ​២០២៣​​ ខណៈ​បេក្ខជនចូលរួមប្រឡង​សរុប​ជិត​ ៩ពាន់​នាក់

0
160


កំពង់ចាម​: ឯកឧត្តម​ ខ្លូត​ ចិន្ដា​ អភិបាល​ រង​ខេត្តកំពង់ចាម​ បានអញ្ជើញកាត់បើក​ស្រោម​ប្រធាន​វិញ្ញាសារប្រឡងមធ្យមសិក្សាទុតិយភូមិ​ នាសម័យប្រឡង ថ្ងៃទី៦​ ខែវិច្ឆិកា​​ ឆ្នាំ​២០២៣នេះ​​ នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​កំពង់ចាម​​​ ស្ថិតក្នុង​ក្រុង​កំពង់ចាម​ ដោយមានការ​អញ្ជើញ​ចូលរួមពី​តំណាង​​ក្រសួងអប់រំ យុវជន និងកីឡា និងអង្គភាពប្រឆាំងអំពើពុករលួយ​ អ្នកសង្កេតការណ៍ សសយក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត​ ។

មានប្រសាសន៍ក្នុងឱកាស​នោះ​ ឯកឧត្ដម​ ខ្លួន​ ចិន្ដា​ តំណាង​ឯកឧត្តម អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម បានជូនពរដល់បេក្ខជនទាំងអស់ សូម​ឱ្យ​មាន​សុខភាព​ល្អ​ទាំង​ផ្លូវកាយ​ និង​ផ្លូវចិត្ត​ ជាពិសេស​​ទទួល​បានលទ្ធផលល្អ​ ក្នុង​ការ​ប្រឡង​ជាប់​ និងជោគជ័យ ត្រូវ​ខិតខំប្រឹងប្រែងសរសេរ​ ដើម្បី​សន្សំ​យកនិទ្ទេសល្អ​ និងដើម្បីឈាន​ទៅ​ដល់ទទួលបានអាហាររូបករណ៍ ហេីយបន្តទៅរៀននៅមហាវិទ្យាល័យបន្ថែមទៀត សូម​កុំមានការភ័យខ្លាចអ្វីឡើយ​ ត្រូវ​តាំង​អារម្មណ៍​ធម្មតា​ឱ្យ​​ដូច​ពេល​កំពុង​សិក្សា​នាពេលកន្លងមក​​ ព្រោះ​មានកងកម្លាំង​សហការណ៍​ជាមួយ​​អាជ្ញាធរ​មូលដ្ឋាន​ ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុខមាលភាព សម្រាប់ដំណើរការប្រឡង ​ជូនដល់បេក្ខជន​ និងសិស្សផងដែរ។​

បេី​តាមរបាយការណ៍​ របស់​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ ​ខេត្ត​កំពង់ចាម​ បានឱ្យដឹងថា​ ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣នេះ​ សម្រាប់ខេត្តកំពង់ចាម មាន​បេក្ខជន​ សរុប​ចំនួន​​ ៨៨៩៦នាក់ ដោយបែងចែកមណ្ឌលប្រឡងចំនួន​ ១៤មណ្ឌល ស្មើនឹង​ ៣៥៨បន្ទប់ ក្នុងនោះចែកជាថ្នាក់វិទ្យាសាស្ត្រចំនួន​ ៥មណ្ឌល ស្មើ​នឹង​ ១៣០បន្ទប់ មានបេក្ខជន ៣២១៥នាក់​ និងថ្នាក់វិទ្យាសាស្ត្រសង្គម ចំនួន​ ៩មណ្ឌល ស្មើនឹង​ ២២៨បន្ទប់ មាន​បេក្ខជន​ ៥៦៨១នាក់​ ។ ដោយ​នៅ​ស្រុកកំពង់សៀម​មាន​​ ២មណ្ឌល​ នៅ​អនុវិទ្យាល័យ​អង្គរ​ និងវិទ្យាល័យ​សម្តេចជួន​ណាត​ ចំពោះ​មណ្ឌលស្រុកជេីងព្រៃ​មាន​ ២មណ្ឌល​ នៅ​​វិទ្យាល័យ​ ហ៊ុនសែន​ស្គន់​ និង​សាលា​សាលាបឋមសិក្សា​ ហ៊ុនសែន​ស្គន់​ ដោយឡែក​នៅ​ក្នុង​ក្រុងកំពង់ចាម មាន​ចំនួន​ ៩មណ្ឌល​ គឺ​នៅ​​សាលា​បឋម​សិក្សា​ ឧត្តរ​ វិទ្យាល័យ​ ​ព្រះ​សីហនុ​(​ជេីង​)​ មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​កំពង់ចាម​ វិទ្យាល័យ​ ហ៊ុនសែន​ បឹងកុក​ សាលា​គរុកោសល្យ​ និង​វិក្រិតការ​ខេ​ត្តកំពង់ចាម​ អនុវិទ្យាល័យ​ ទួលថ្ម​ វិទ្យាល័យ​ សំបួរមាស​ វិទ្យាល័យ​ ព្រះ​សីហនុ​ (ត្បូង​ )​ វិទ្យាល័យ​ ដីដុះ​ សកលវិទ្យាល័យ​ គ្រប់គ្រង​ និង​សេដ្ឋកិច្ច​ ​ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here