អភិបាលខេត្តកំពង់ចាម​ និង​ថ្នាក់ដឹកនាំ​ក្រសួង​ ដឹកនាំ​កិច្ច​ប្រជុំ​សម្រាប់ដំណើរការប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្ត​ទៅនៅថ្ងៃទី៦ ខែវិច្ឆិកា​ ឆ្នាំ២០២៣ ខាងមុខនេះ

0
61


ដោយលោក:ប៉ៃ លិន
កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង​ថ្នាក់ដឹកនាំ​ក្រសួង​ បាន​ដឹកនាំកិច្ចប្រជុំ​គណៈកម្មការដឹកនាំ គ្រប់គ្រង ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុខមាលភាព សម្រាប់ដំណើរការប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្ត​ទៅនៅថ្ងៃទី៦ ខែវិច្ឆិកា​ ឆ្នាំ២០២៣ ខាងមុខនេះ ។

កិច្ចប្រជុំនេះ​បាន​ធ្វើ​ឡើង​នារសៀលថ្ងៃទី៣ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ ក្រោម​វត្តមានឯកឧត្តម ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តកំពង់ចាម​ និងឯកឧត្តម ម៉ឹង សូដាឬទ្ធិ ឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ​ និង​ដោយ​​មានការអញ្ជើញចូលរួមពីប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ គណៈកម្មការខេត្ត ក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

គួរ​បញ្ជាក់ថា ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣នេះ​ សម្រាប់ខេត្តកំពង់ចាម មាន​បេក្ខជន​ សរុប​ចំនួន​​ ៨៨៩៦នាក់ ដោយបែងចែកមណ្ឌលប្រឡងចំនួន​ ១៤មណ្ឌល ស្មើនឹង​ ៣៥៨បន្ទប់ ក្នុងនោះចែកជាថ្នាក់វិទ្យាសាស្ត្រចំនួន​ ៥មណ្ឌល ស្មើ​នឹង​ ១៣០បន្ទប់ មានបេក្ខជន ៣២១៥នាក់​ និងថ្នាក់វិទ្យាសាស្ត្រសង្គម ចំនួន​ ៩មណ្ឌល ស្មើនឹង​ ២២៨បន្ទប់ មាន​បេក្ខជន​ ៥៦៨១នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here