ឯកឧត្តម ខៀវ កាញ្ញារីទ្ធ ផ្តល់គន្លឹះសំខាន់បីរយ៉ាង ដល់សិស្សគថ្លង់ និងសិស្សកំព្រា ដើម្បឲ្យក្លាយខ្លួនជាសិស្សពូកែ

0
114


ដោយ ប៉ៃ លិន
កំពង់ចាម​:​ អ្នករៀនពូកែទៅបាន លុះត្រាតែសិស្សនោះ គោរពវិន័យ រៀនជាក្រុម និងមានអនាម័យ ទើបអាចក្លាយខ្លួនជាសិស្សរៀនពូកែ ឆាប់មានការងារធ្វើពេលរៀនចប់ ឯកឧត្តម ខៀវ កាញ្ញារីទ្ធ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាមថ្លែងយ៉ាងដូច្នេះ ក្នុងពិធីជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសិស្សពិការភ្នែក គថ្លង់ កំព្រា និងលោកគ្រូ អ្នកគ្រូ មកពីវិទ្យាល័យអប់រំពិសេសកំពង់ចាម និងមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០២ ខែវិច្ចកា ឆ្នាំ២០២៣ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យអប់រំពិសេសខេត្តកំពង់ចាម។ ក្នុងពិធីជួបសំណេះសំណាលនោះ ក៏មានការអញ្ជើញចូលរួមដោយ  លោកជំទាវ ខៀវ ទេពរង្ស៊ី កាញារីទ្ធ, អ្នកតំណាងរាស្រ្តព្រឹទ្ធសភា-រដ្ឋសភា រដ្ឋលេខាធិការក្រសួងព័ត៌មាន អគ្គនាយកវិទ្យុជាតិកម្ពុជា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម ប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភាប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ នាយកសាលាអប់រំពិសេសខេត្តកំពង់ចាម លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សពិការ គថ្លង់ កំព្រា សរុបចំនួន២៤០នាក់។
ស្ថិតក្នុងឱកាសនោះ ឯកឧត្តម ខៀវ កាញ្ញារីទ្ធ បានណែនាំទៅដល់កុមារ គថ្លង់ និងកុមារកំព្រា ឲ្យប្រកាន់ភ្ជាប់នូវគោលការណ៍បីរចំណុច ដើម្បីឲ្យខ្លួនក្លាយទៅជាសិស្សរៀនពូកែ ក្លាយទៅជាធនធានដែលសំខាន់ សម្រាប់សង្គមត្រូវការនៅពេលខាងមុខគឺ ១.គោរពវិន័យ៖ នៅពេលរៀនក្នុងថ្នាក់ សូមឲ្យចៅៗខិតខំ ប្រឹងប្រែងស្តាប់ការអប់រំ ណែនាំ របស់លោកនាយកសាលា លោកគ្រូ អ្នកគ្រូ ជាពិសេស គោរពវិន័យក្នុងសាលាឲ្យបានភ្ជាប់ខ្ជួន ហើយកុំប្រព្រឹត្តិអំពើខុសឆ្គងនៅសាលា ដែលជាហេតុធ្វើឲ្យខ្លួនឯងក្លាយទៅជាមនុស្សដែលគេស្អប់ គេមិនចង់និយាយជាមួយយើង។ ២.រៀនជាក្រុម៖ បើសិនចៅៗចង់ឲ្យខ្លួនឯងរៀនពូកែ គ្រាន់តែរៀនតែម្នាក់ឯង មិនអាចក្លាយខ្លួនជាសិស្សពូកែបានទេ លុះត្រាតែ ចៅៗរៀនជាក្រុម ពន្យល់ឲ្យគ្នាទៅវិញទៅមកនៅរាល់ចំណុចណាដែលសមាជិកក្នុងក្រុមមិនចេះ ឲ្យពួកគាត់បានយល់ បានចេះ ហើយនៅពេលយើងវិញមិនចេះ យើងត្រូវរៀនសាកសួរមិត្តភ័ក្រ្តក្នុងក្រុម ឲ្យពួកគាត់ជួយពន្យល់ឲ្យយើងវិញ រៀនបែបនេះ មិនត្រឹមតែចេះខ្លួនឯងនោះទេ អាចឲ្យសមាជិកទាំងអស់ក្នុងក្រុមបានចេះគ្រប់ៗតែម្តង។ ៣.មានអនាម័យជាប្រចាំ៖ មនុស្សម្នាក់ត្រឹមតែមានចំណេះ និងសមត្ថភាព មិនទាន់គ្រប់គ្រាន់ទេ គឺត្រូវមានអនាម័យ ជាប្រចាំថ្ងៃ។ បើសិនយើងមានតែចំណេះ ប៉ុន្តែ បែជាសុខភាពរបស់យើងខ្សោយ ក៏មិនអាចយកចំណេះនោះ ទៅប្រើប្រាស់ឲ្យក្លាយទៅជាលិទ្ធផលបានដែរ។ ព្រោះនៅពេលយើងឈឺ យើងមិនអាចមានស្មារតី ឬមានបញ្ញាវាងវៃ ដូចមនុស្សដែលមានសុខភាពល្អបានទេ។ ដូចនេះ សូមឲ្យចៅៗ ត្រូវលាងដៃ លាងជើង ដុសធ្មេញជាប្រចាំថ្ងៃ ហើយត្រូវបរិភោគ ស្អាត រស់នៅស្អាត។
បើតាមរបាយការណ៍របស់ លោក កែវ ផល្លី នៅក្នុងវិទ្យាល័យអប់រំពិសេសខេត្តកំពង់ចាម មានសិស្សចំនួនសរុប១៨០នាក់ សិស្សពិការភ្នែកចំនួន ៥០នាក់ ។សិស្សគថ្លង់ចំនួន១២៧នាក់ ។បុគ្គលិក និងគ្រូសរុបចំនួន៣៧នាក់ ក់។ នៅមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម កុមារកំព្រា មកចូលរួម មានចំនួនសរុប ៦០នាក់ ។ បុគ្គលិក មានចំនួន១២នាក់។
ជាមួយគ្នានោះដែរ លោក នាយកវិទ្យាល័យអប់រំពិសេសខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានជួយឧបត្ថម្ភជាសម្ភារ ឧបភោគបរិភោគ សម្ភារសិក្សា និងថវិកាមួយចំនួនផងដែរ និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ ដែលតែងតែយកចិត្តទុកដាក់ដល់អ្នកមានពិការភាពគ្រប់ប្រភេទ ទាំងពិការភ្នែក គថ្លង់ អូទីហ្សឹម ដោនលឿនជ្រោម និងកុមារកំព្រា។

LEAVE A REPLY

Please enter your comment!
Please enter your name here