ក្រសួង​សាធារណការ​ និង​អភិបាលខេត្តកំពង់ចាម​ ចុះ​ត្រួតពិនិត្យ​បច្ចេកទេស​ក្នុងការ​បុកគ្រឹះ​រៀបចំ​សាងសង់ស្ពាន​ នៃ​គម្រោងពង្រីកផ្លូវជាតិលេខ៧​ ជា​ ៤គន្លង​

0
145


កំពង់ចាម​:​ ឯកឧត្តម​ លឹម​ ស៉ីដេនីន​ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និងដឹកជញ្ជូន​ និង​ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​២​ ខែវិច្ឆិកា​​ ឆ្នាំ​២០២៣​នេះ​ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ អញ្ជើញ​ចុះ​ត្រួតពិនិត្យ​បច្ចេកទេស​ក្នុងការ​បុកគ្រឹះ​រៀបចំ​សាងសង់ស្ពាន​ នៃ​គម្រោងពង្រីកផ្លូវជាតិលេខ៧​ ជា​ ៤គន្លង​ ប្រវែងសរុប​ជាង​ ៤៥គីឡូម៉ែត្រ​ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្ត​កំពង់ចាម​ ។

ឆ្លៀតឱកាសនោះដែរ​ ឯកឧត្តម​ លឹម​ ស៉ីដេនីន​ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និងដឹកជញ្ជូន​ បានឱ្យដឹងថា​ មកដល់ពេលនេះក្រុមហ៊ុនទទួលម៉ៅការកំពុងចុះអនុវត្តន៍គម្រោងដោយ​សាងសង់ស្ពានចំនួន៤កន្លែង​ និងផ្លូវចំនួន​ ២ចំណុច​ ខណៈដែលក្រុមបច្ចេកទេសកំពុងពិសោធន៍ដី​ និងថ្មក្រាលពីក្រោម​ ដេីម្បីធ្វេី​ឱ្យ​គុណផ្លូវជាតិលេខ៧នេះ​ មានគុណភាពល្អ​ និងត្រូវតាមលក្ខណៈស្តង់ដាបច្ចេកទេស។
ឯកឧត្តម​រដ្ឋលេខាធិកា​ បានបញ្ជាក់​ថា​ ចំពោះមុខ​ក្រសួងសាធារណការ​ ​និងដឹកជញ្ជូន​ នឹងធ្វេីការចុះពិនិត្យវឌ្ឍនាភាព​នៃ​ការសាងសង់ផ្លូវជាតិលេខ៧​ ជាបួនគន្លងជាបន្តបន្ទាប់ទៀត​។ ចំណែកចំពោះផលប៉ះពាល់ជាមួយបងប្អូនប្រជាពលរដ្ឋវិញ​ ​កន្លែងដែលត្រូវអនុវត្តន៍ជំហានដំបូងនេះ គឺ​អាជ្ញាធរ​ និងមន្ត្រីពាក់ព័ន្ធ​ដោះស្រាយរួចរាល់ហេីយ​ និងបន្តដោះស្រាយជាបន្តបន្ទាប់ទៀត។

ជាមួយគ្នានោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ គម្រោងពង្រីកផ្លូវជាតិលេខ៧​ ជា​ ៤គន្លង​ ប្រវែងសរុប​ជាង​ ៤៥គីឡូម៉ែត្រ​ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្ត​កំពង់ចាម​ ដែល​មានឯកឧត្តម​ លឹម​ ស៉ីដេនីន​ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ ជា​ប្រធាន​គ្រប់គ្រង​គម្រោង​នេះ​​ ដោយ​ជំហាន​ដំបូង​គឺ​ក្រុម​ការងារ​​ចាប់ផ្តើមសាងសង់​ស្ពាន​មុន​ ​ថ្ងៃ​នេះ​គឺ​យើង​បាន​រួមគ្នា​ ​ចុះ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​របស់​ក្រុមហ៊ុន CRBC​ ដែល​កំពុង​បុក​គ្រឹះ​រៀបចំ​សាងសង់​ស្ពាន​ ជា​ជំហាន​ដំបូង​ បន្ទាប់​ពី​ការ​ដោះស្រាយ​ផលប៉ះពាល់​ផ្សេងៗ​ ហើយ​ក៏​​បាន​ពិនិត្យ​ឧបករណ៍​ពិសោធន៍​ដី​សម្រាប់​ធ្វើ​គ្រឹះ​ផ្លូវថ្នល់​ ធ្វើយ៉ាងណា​ឱ្យ​ដំណើរការសាងសង់ស្ពាន និង​ផ្លូវ​ខាងលើ​នេះ​ឱ្យ​បានឆាប់រហ័ស ទៅតាមផែនការ​កំណត់ ។

គួរបញ្ជាក់ថា​ គម្រោងពង្រីក និងលើកកម្ពស់ កម្រិតផ្លូវជាតិលេខ៧ ជា​ ៤គន្លង​នេះ​ គឺ​មាន​ស្ពានចំនួន ៨កន្លែង ដែល​ផ្លូវមានប្រវែងសរុប ៤៥,៤៨៩គីឡូម៉ែត្រ ក្នុង​នោះ​នៅតំបន់ក្រៅទីប្រជុំ មានទទឹង ២៤ម៉ែត្រកន្លះ និងក្នុងទីប្រជុំជន មានទទឹង២០ម៉ែត្រកន្លះ ចាប់ពីរង្វង់មូលស្គន់ រហូត​ដល់រង្វង់មូលស្ពានគីហ្សូណាខេត្តកំពង់ចាម ដោយមានសួនច្បារនៅចំចំណុចកណ្តាលផ្លូវ​ ។​ ដែល​ជា​គម្រោងក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃ សាធារណ រដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជាសរុបចំនួនជាង ១១៧លាន​ដុល្លារ​អាមេរិក​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here