រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ពូជស្រូវ​ជាង​៣០តោន ជូនដល់​កសិករ​ដែល​រងគ្រោះដោយជំនន់​ទឹក​ភ្លៀង​ នៅស្រុក​ស្ទឹងត្រង់​ និង​ស្រុក​ជេីងព្រៃ​

0
90


កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា​ បំណង​ប្រាថ្នា​ធំ​បំផុត​​របស់​យើង​គឺ​ ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​យើង​ បង្កបង្កេីន​ផល​ហើយ​ទទួល​បាន​ទិន្នផល​ខ្ពស់​ មិន​ប្រឈម​នឹង​ការ​ខូចខាត​ ឬ​បាត់បង់​តម្លៃ​នៅ​លើ​ទីផ្សារ​ឡេីយ​ ។ ការ​ថ្លែង​បែប​នេះ​ក្នុង​ឱកាស​នាំយកពូជស្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុង​ ប្រមាណ​ ៣២,៧តោន​​ ផ្តល់ជូនប្រជាកសិករ​ នៅ​ស្រុក​ស្ទឹងត្រង់​ និង​ស្រុក​ជេីងព្រៃ​ ចំនួន​ ៣២៤គ្រួសារ នៅ​សាលា​ស្រុក​ស្ទឹងត្រង់​ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣​ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានសម្រេចផ្តល់នូវពូជស្រូវជាប្រព័ន្ធស្បៀងបំរុង កម្ពុជាចំនួន ៣២.៧០០គីឡូក្រាម​ ជូនដល់បងប្អូនប្រជាកសិករ ៣២៤គ្រួសារ ក្នុង​នោះ​ប្រជាពលរដ្ឋ ក្នុងឃុំព្រែកក់ ស្រុកស្ទឹងត្រង់ មានចំនួន ២៨៧គ្រួសារ និងប្រជាពលរដ្ឋ នៅឃុំសំពងជ័យ ស្រុកជើងព្រៃ មានចំនួន ៣៧គ្រួសារ​ ដោយ័ក្នុង ១គ្រួសារ ចំនួន​ ១០០គីឡូក្រាម និង​ថវិកា​ ២ម៉ឺន​រៀល​ ដើម្បីធ្វើការដាំដុះស្តារឡើងវិញ បន្ទាប់​ពី​រង​គ្រោះ​ដោយ​ជំនន់​ទឹក​ភ្លៀង​នាពេលកន្លងមក​ ព្រមទាំង​ចាត់​មន្ត្រី​ជំនាញ​ឱ្យ​​ចុះ​បង្ហាត់​បង្រៀន​ពី​របៀប​នៃ​ការ​ដាំដុះ​ផងដែរ​ ។​

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ សំដៅ​ធ្វើ​យ៉ាងណា​ត្រូវ​ចុះ​ទៅ​ដល់​ទីតាំង​ដោយ​​ផ្ទាល់​​​ ដេីម្បី​ស្វែងយល់​​ ​និង​​រៀនសូត្រ​ពី​អ្វី​ដែល​កសិករ​កំពុង​តែ​អនុវត្ត​​ នេះ​ជា​រឿង​សំខាន់​បំផុត​ ក្នុង​ការ​ជួយ​ដល់​កសិករ​ឱ្យ​ទទួល​បាន​ទិន្នផល​ខ្ពស់​ ។
ឯកឧត្តម​រដ្ឋលេខាធិកា​ បានបន្ត​ថា​ អ្វី​ដែល​ខ្ញុំ​ចង់​ឱ្យ​មន្ត្រី​ជំនាញ​ជួយ​ដល់​កសិករ​យេីង​បន្ថែម​នោះ​​ គឺ​ត្រូវ​ស្វែងយល់​ពី​តំបន់​នេះថា​​ តេី​អាច​កាត់​បន្ថយ​ថ្លៃ​​ចំណាយ​ ជាពិសេស​គឺ​​ជី​ ព្រោះ​បច្ចុប្បន្ន​នេះ​​កសិករ​យេីង​ បាន​ប្រេីប្រាស់​ជី​អស់​ជា​ច្រើន​ ដូច្នេះ​យេីង​​ត្រូវ​កាត់​បន្ថយការ​ប្រេីប្រាស់​ជី​​ ហើយ​រក្សា​ទិន្នផល​បាន​ដែរ​​​ឬ​អត់​?​ នេះ​ជា​រឿង​សំខាន់​ ដែល​ត្រូវ​ស្វែងយល់​ ហើយ​ត្រូវ​ជួយ​ដល់​កសិករ​ក្នុង​​​រឿង​ហ្នឹង​ ។ ពាក្យ​ថា​ កាត់បន្ថយ​ថ្លៃ​ដើម​ គឺ​បង្កើន​ការ​ចំណេញ​ដល់​កសិករ​ គឺ​ត្រូវ​ចេះ​តម្រង់​ទិស​ និង​បង្កើន​លទ្ធភាព​លើ​ការ​ផលិត​ ដោយ​​មុខងារ​របស់​ក្រសួង​កសិកម្ម​ គឺ​ត្រូវ​ស្វែងយល់​ពី​ដំណាំ​ផ្សេងៗ​ទៀត​ ក្រៅ​ពី​ដំណាំស្រូវ​ ។
ជាមួយគ្នានោះ​ ឯកឧត្តម អ៊ុង សំអាត ក៏​បាន​បញ្ជាក់​ថា​ ក្រសួង​កសិកម្ម​សំរិតសម្រាង​ពូជ​​ជូន​ហើយ​ គឺ​ពូជ​ស្រូវ​ OM5451​ ជា​ពូជ​ដែល​មិន​ប្រកាន់​ចំពោះ​​​រដូវ​កាល​ទេ​ ហើយ​​រយៈពេល​នៃ​ការ​ប្រមូល​​ផល​គឺ​ ៩០ទៅ​៩៥​ថ្ងៃ​ នេះ​ជា​រយៈពេល​ខ្លី​ ដែល​អាច​ទទួល​បាន​ទិន្នផល​ខ្ពស់​ ដូច្នេះនៅពេលដែលបងប្អូនទទួលបានពូជស្រូវនេះហើយ សូមយកទៅធ្វើការដាំដុះ​ឱ្យ​បាន​ទាន់ពេលវេលា ដើម្បី​ស្តារ​ជីវភាពគ្រួសារឡើងវិញ​ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here