អភិបាលខេត្តកំពង់ចាម​ បានណែនាំ​ឱ្យ​រៀបចំ​សណ្តាប់​ធ្នាប់​ ​អនាម័យ​ និង​ការពារ​សន្តិសុខ​សុវត្ថិភាព​ ជូន​កីឡាករ​ទូក​ និង​ប្រជាពលរដ្ឋ​ ក្នុង​ពិធី​ប្រណាំង​ទូក​​ នៅ​ថ្ងៃទី​២៨-២៩​ ខែតុលា​

0
53


ដោយលោក:លឹម ប៉ៃលិន
កំពង់ចាម​ ៖ ក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត​ នាព្រឹកថ្ងៃទី​២៦​ ខែតុលា​ ឆ្នាំ​២០២៣​នេះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ត្រូវ​​រៀបចំ​សណ្តាប់​ធ្នាប់​ ​អនាម័យ​ និង​ការពារ​សន្តិសុខ​សុវត្ថិភាព​ ឱ្យ​បាន​ល្អ​ប្រសើរ​ ជូន​កីឡាករ​ទូក​ និង​បងប្អូន​​ប្រជាពលរដ្ឋ​ ក្នុងពិធី​ប្រណាំងទូក​ ង​ ទូក​ខ្នាត​អន្តរជាតិ​ ដេីម្បី​អបអរសាទរ​បុណ្យចេញព្រះវស្សា​ នៅថ្ងៃទី២៨-២៩ ខែតុលា​ ឆ្នាំ​២០២៣​ នេះ​ ។

ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ក៏ដូចជា​កងកម្លាំង​ទាំង​៣​ ត្រូវ​យកចិត្តទុកដាក់​លើ​បញ្ហា​ចរាចរណ៍​ និង​រៀបចំ​ចំណត​ឱ្យ​បាន​ត្រឹមត្រូវ​ ធ្វើ​យ៉ាងណា​កុំ​ឱ្យ​មាន​ការ​កកស្ទះ​ ក្នុង​នោះ​កម្លាំង​ឈរជើង​នៅ​តាម​គោលដៅ​ ត្រូវ​យល់ដឹង​អំពី​​តួនាទី​ភារកិច្ច​របស់​ខ្លួន​ ដេីម្បី​បំពេញ​កាតព្វកិច្ច​ ​និង​អនុវត្ត​នូវ​កិច្ច​អន្តរាគមន៍​នានា​ នៅ​ពេល​មាន​បទបញ្ជា​ ។ ក្រៅពី​នោះ​ត្រូវ​យកចិត្តទុកដាក់​លើ​បញ្ហា​កន្លែង​ស្នាក់​នៅ​របស់​កីឡាករ​អុំទូក​ ចៀសវាង​មាន​ជន​ឆ្លៀតឱកាស​ចូល​បង្ក​បញ្ហា​​ ដូច្នេះ​ត្រូវ​រៀបចំ​ផែនការ​ការពារ​សន្តិសុខ​​​ ធ្វើយ៉ាងណា​ឱ្យ​​​បងប្អូន​ចំណុះ​ទូក​​ទាំង​អស់​មាន​សុវត្ថិភាព​ និង​ស្នាក់នៅ​បាន​សមរម្យ​ ។

ឯកឧត្ដមអភិបាលខេត្ត​ បានណែនាំ​សូម​ឱ្យ​​យកចិត្តទុកដាក់​លើ​បញ្ហា​សំរាម​ គឺ​ត្រូវ​រៀបចំ​ធ្វើយ៉ាងណា​ឱ្យ​បាន​ស្អាត​គ្រប់​ទី​កន្លែង​ទាំង​អស់​ ដោយ​ត្រូវ​ណែនាំ​ដល់​អាជីវករ​លក់​ដូរ​​ ត្រូវ​រៀបចំ​ទុកដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​ ក្នុង​នោះ​ក្រុម​ហ៊ុន​ត្រូវ​ធ្វើការ​ប្រមូល​សំរាម​​ ធ្វេីយ៉ាងណា​ឱ្យ​ព្រឹកព្រលឹម​ឡើង​គឺ​​ត្រូវ​តែ​ស្អាត​ ពោលគឺ​ត្រូវ​រៀបចំ​អនាម័យ​បរិស្ថាន​ឱ្យ​បាន​​ល្អ​ជាប្រចាំ​ ។

ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏បាន​ណែនាំ​ថា​ ចំពោះ​កម្លាំង​ល្បាត​ត្រូវ​ប្រេីប្រាស់​កម្លាំង​អន្តរាគមន៍​ ត្រូវ​ប្រេី​ចិត្តសាស្ត្រ​ក្នុង​ការ​ដើរ​ល្បាត​ ធ្វើ​យ៉ាងណា​ត្រូវ​ក្តាប់​មុខ​សញ្ញា​ឱ្យ​បាន​ កុំ​ឱ្យ​មាន​ករណី​លួច​ ករណី​លូក​ហោប៉ៅ​ ឬ​ករណី​ចោរកម្ម​ផ្សេងៗ​កេីតឡេីង​ ។ ក្រៅពី​នោះ​ត្រូវ​យកចិត្តទុកដាក់​ ក្នុង​ការ​បង្កើត​ទីតាំង​ប្រមូលផ្ដុំ​ព័ត៌មាន​ ដេីម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​ ​ក្នុង​ករណី​បាត់​ក្មេង​ ឬ​បាត់​របស់របរ​ផ្សេងៗ​ បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​ បាន​រាយការណ៍​ដល់​សមត្ថកិច្ច​ ។​

គួរ​បញ្ជាក់​ថា​ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​អភិបាល​រង​ខេត្ត​ ក៏បាន​អញ្ជើញ​ទទួល​អំណោយ​ជា​សម្ភារៈ​ ស្បៀងអាហារ​ និង​ថវិកា​​ ពី​មន្ទីរ​អង្គភាព​ និង​សប្បុរសជននានា ដែល​បាន​ចូលរួម​គាំទ្រការរៀបចំពិធីប្រណាំងទូក « ង » នៅក្រុងកំពង់ចាម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ​ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here