ប្រជាពលរដ្ឋ ៧៧៩នាក់ នៅស្រុកស្វាយជ្រំ ទទួលបានការពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃ ពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី សហការជាមួយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាល ខេត្តស្វាយរៀង

0
83


ដោយ:ថត ភារៈ
ស្វាយរៀង ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ បានបន្ដចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានចំនួន៧៧៩នាក់ ក្នុងនោះស្ត្រី៤៧៨នាក់។

ពិធីនេះក៏មានការចូលរួមពីលោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលស្វាយរៀង និងជាប្រធានប្រតិបត្តិក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង តំណាងលោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ថ្នាក់កណ្តាល និងលោកស្រីហ៑ុត ចាន់បូរ៉ា អភិបាលរងស្រុកស្វាយជ្រំ លោករៀម ស៊ីណា ប្រធានស្ដីទីការិយាល័យរដ្ឋបាល បុគ្គលិកមន្ទីរសុខាភិបាលខេត្ត ព្រមទាំងអាជ្ញាធរដែនដីជាច្រើននាក់ផងដែរ។

លោករៀម សុីណា ប្រធានស្ដីទីការិយាល័យរដ្ឋបាល បុគ្គលិកមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានឲ្យដឹងថា ថ្ងៃនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀងមាន ចំនួន៦៨នាក់ ស្ត្រី២៨នាក់ បានចុះពិនិត្យ និងព្យាបាល ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលជាការគិតគូររបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រឯកឧត្តម ហ៊ុន ម៉ានី។

លោក រៀម សុីណា បានបន្តថា ការពិនិត្យ និងព្យាបាលជំងឺពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង នាពេលនេះបានចំនួន៧៧៩នាក់ ស្ត្រី៤៧៨នាក់ រួមមាន ជំងឺទូទៅមនុស្សចាស់, ជំងឺទូទៅកុមារ, ជំងឺស្ត្រី, ជំងឺសន្លាក់ឆ្អឹង, អេកូសាស្រ្ត, វះកាត់តូច, ជំងឺភ្នែកនិងសុខភាពមាត់ធ្មេញ, ជំងឺផ្លូវដង្ហើម, ទឹកនៅផ្អែមនិងចាក់វ៉ាក់សាំងការពារជំងឺកូវីដផងដែរ។

លោករៀម សុីណា បានបញ្ជាក់ថា បើមានអ្នកជំងឺធ្ងន់ដែលមិនអាចព្យាបាលនៅកន្លែងបានទេ ក្រុមការងារយើងនឹងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តដោយឥតគិតថ្លៃផងដែរ។

លោកស្រី ហ៊ុត ចាន់បូរ៉ា អភិបាលរងស្រុកស្វាយជ្រំ បានថ្លែងថា ការចុះពិនិត្យ និងព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នៅស្រុកស្វាយជ្រំ នាពេលនេះមិនមែនជាលើកទីមួយទេ គឺបានជាច្រើនលើកមកហើយជាពិសេសនៅឃុំដែលដាច់ស្រយាល។ លោកស្រីបានបន្តថា ក្នុងនាមរដ្ឋបាលស្រុកស្វាយជ្រំ សូមថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង ដែលបានចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកស្វាយជ្រំ ដោយឥតគិតថ្លៃនាពេលនេះ ដែលបានបញ្ជាក់ឲ្យឃើញថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តែងតែចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដើម្បីលើកម្ពស់សុខមាលភាព ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ នៅតាមមូលដ្ឋាន ហើយបានរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ តាមរយៈការផ្ដល់សេវាសុខាភិបាលដោយឥតគិតថ្លៃនេះផងដែរ។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត គុជ សុីថា ក៏បានថ្លែងនូវការផ្ដាំផ្ញើសាកសួរសុខទុកពីសំណាក់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង និងឯកឧត្តមប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ដែលជានិច្ចកាលសម្ដេច ម៉ែន សំអន និងឯកឧត្តមអភិបាលខេត្ត តែងតែនឹករលឹកដល់ប្រជាពលរដ្ឋទាំងអស់នៅខេត្តស្វាយរៀង ហើយក៏បានផ្ដាំផ្ញើឱ្យថែរក្សាសុខភាពឱ្យបានល្អ ព្រោះសុខភាពគឺជាកត្តាចម្បងមួយ សម្រាប់ជីវភាព ការរស់នៅប្រចាំថ្ងៃ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង តែងតែចុះព្យាបាលជូនប្រជាពលរដ្ឋនៅតាមបណ្ដាស្រុក ក្រុងនានា នៃខេត្តស្វាយរៀងបានជាបន្តបន្ទាប់ ហើយ និងបន្តចុះព្យាបាលឲ្យបានញឹកញាប់ជូនប្រជាពលរដ្ឋឲ្យបន្ថែមទៀតជាពិសេសប្រជាពលរដ្ឋដែលនៅដាច់ស្រយាលពីទីរួមខេត្ត ដែលឆ្ងាយពីមន្ទីរពេទ្យ។

ជាមួយគ្នានេះលោកវេជ្ជបណ្ឌិត គុជ សុីថា ក៏បានបញ្ជាក់ថា មណ្ឌលសុខភាពនៅឃុំបាសាក់កំពុងតែសាងសង់ឡើង ដែលជាអំណោយរបស់លោកកែវ ឆាន់ជាសប្បុរសជននិងលេចជារូបរាងឡើង នៅពេលខាងមុខនេះ ដើម្បីផ្ដល់សេវាសុខាភិបាលឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសនៅកៀកកិតជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់តែម្ដង ដែលមិនពិបាកដូចមុនត្រូវធ្វើដំណើ ទៅមន្ទីរពេទ្យទីរួមខេត្ត ដើម្បីព្យាបាលជំងឺ ដែលទាំងអស់នេះ ជាការគិតគូរយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដែលមាន សម្ដេចធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបានចាត់ទុកវិស័យសុខាភិបាលគឺជាវិស័យដ៏ចម្បងមួយ ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here