មន្ត្រី​ជាន់ខ្ពស់​ក្រសួង​កសិកម្ម​ អះអាងថា​ ដំណាំពោតក្រហមជាង២០ម៉ឺន​ហិកតា​ ​​នៅទូទាំងប្រទេសកម្ពុជា​ ក្នុងឆ្នាំ២០២២កន្លងទៅនេះ​ ទិន្នផលវិញបានជាង​ ១លានតោន

0
84

កំពង់ចាម:​ ឯកឧត្តម​ ឈុំ​ ឆុនលី​ អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអះអាងថា​ ដំណាំកសិកម្មដែល​មាន​​សារសំខាន់ទី២​ បន្ទាប់ពីដំណាំស្រូវនោះ​ គឺដំណាំពោតក្រហម​សម្រាប់កម្ពុជា​ ដែលដំណាំពោតក្រហមមួយនេះ​ កសិករនិយមដាំដុះ​លេី​ផ្ទៃដីជាង២០ម៉ឺន​ហិកតា​​ នៅទូទាំងប្រទេសកម្ពុជា​ ក្នុងឆ្នាំ២០២២កន្លងទៅនេះ​ ទិន្នផលវិញបានជាង​ ១លានតោន។ ការ​ថ្លែង​បែប​នេះ​ក្នុង​អង្គ​សិក្ខាសាលា​ស្តីពីស្ថានភាពបច្ចប្បន្ន​ និង​ទស្សនវិស័យអនាគតនៃការអភិវឌ្ឍន៍ពូជពោតអ៊ីប្រ៊ីតនៅកម្ពុជា​ ​ដេីម្បីដឹងពីបញ្ហាប្រឈមនៃផលិតកម្មដំណាំពោតក្រហមនៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះដែរ​ ឯកឧត្តម​ ឈុំ​ ឆុនលី​ អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានថ្លែងថា​ អគ្គនាយកដ្ឋានកសិកម្ម បានទទួលការគាំទ្រថវិការពី​មជ្ឈមណ្ឌល​ KOPIA កូរ៉េប្រចាំកម្ពុជា ក្នុងការអនុវត្តគម្រោងនេះរយៈ​ពេល​ ៣ឆ្នាំ ក្នុងការចុះបេសកម្ម​ នៅ​ខេត្តចំនួន៥​ រួមមាន៖​ ខេត្តកណ្ដាល កំពង់ចាម ត្បូងឃ្មុំ បាត់ដំបង​ និង​ខេត្ត​ប៉ៃលិន។​
ជាមួយគ្នានោះ​ លោក​ សុង​ យ៉ុងហ្សូ​ នាយកមជ្ឈមណ្ឌល KOPIA កូរ៉េប្រចាំនៅកម្ពុជា​ បានលេីកឡេីងដែរថា​ សិក្ខាសាលា​នៅពេលនេះ​ គឺចង់ឲ្យកសិករ​ និងអ្នកក្រុមហ៊ុនអាចទទួលបាននូវបច្ចេកទេសថ្មីៗបន្ថែមទៀត​ ទាំងលេីបច្ចេកទេសដាំដុះ​ និងស្រាវជ្រាវបន្ថែម​ ដើម្បីអភិវឌ្ឍន៍ពូជពោតអ៊ីប្រ៊ីដកម្ពុជា០១​ ឲ្យ​កាន់តែប្រសើរ។ លោកសុង​ យ៉ុងហ្សូ​ ក៏ចង់ឲ្យក្រសួងកសិកម្ម​ រៀបចំផែនការយុត្តិសាស្ត្ររយៈពេលវែង​ ក្នុង​ការអនុវត្ត៍សម្រាប់ពូជពោតអ៊ីប្រ៊ីដកម្ពុជា០១​ ដេីម្បីឲ្យខាងកូរ៉េ​ ក៏ដូចជា​ប្រទេស​ដទៃ​​ផ្តល់ជំនួយបន្ថែមទៀតលេីការស្រាវជ្រាវ​ និងការអនុវត្តន៍ពូជពោតមួយនេះ។

គួរ​បញ្ជាក់​ថា​ ក្នុងរយៈពេល​២ថ្ងៃ​ គឺចាប់ពីថ្ងៃទី១៩​ និងថ្ងៃទី២០​ ខែតុលា​នេះ​ នៅខេត្តកំពង់ចាម​ បាន​បេីក​អង្គ​សិក្ខាសាលាមួយស្តីពី​ ស្ថានភាពបច្ចប្បន្ន​ និង​ទស្សនវិស័យអនាគតនៃការអភិវឌ្ឍន៍ពូជពោតអ៊ីប្រ៊ីតនៅកម្ពុជា​ ដោយមានការអញ្ជេីញចូលរួមពី​ ឯកឧត្តម​ ឈុំ​ ឆុនលី​ អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ លោកបណ្ឌិត​ យិន​ ចន្ទ័សុធី​តំណាង​ឯកឧត្ដម​ប្រតិភូអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម​ និង​ លោក​ សុង​ យ៉ុងហ្សូ​ នាយកមជ្ឈមណ្ឌល KOPIA កូរ៉េប្រចាំនៅកម្ពុជា​ ព្រមទាំងសិក្ខាកាមជាម្ចាស់ក្រុមហ៊ុន​ និងកសិករមកពីខេត្តត្បូងឃ្មុំ​ និងខេត្តកំពង់ចាម​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here