អាជ្ញាធរ​ខេត្តត្បូងឃ្មុំ ចូលរួម​អបអសាទរទិវាពិភពលោកស្អាត “World Cleanup Day” និងទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣

0
153


ត្បូងឃ្មុំ:​ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បាន​អញ្ជើញ​ចូលរួម​​អបអសាទរទិវាពិភពលោកស្អាត “World Cleanup Day” និងទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង”(Tourism and Green Investment) ដែល​បាន​ធ្វើឡើង នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅបរិវេណអាងសោភ័ណ ស្ថិតនៅភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

នាឱកាសនោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអានសារលិខិតទាំងស្រុង របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង» ជូនដល់អង្គពិធីទាំងមូលជ្រាប ដើម្បីយកទៅអនុវត្តក្នុងទិសដៅលើកកម្ពស់វិស័យទេសចរណ៍ ក្នុងខេត្តត្បូងឃ្មុំ មានការអភិវឌ្ឍន៍កាន់តែទទួលបានការចាប់អារម្មណ៍បន្ថែមទៀត ពីសំណាក់ភ្ញៀវទេសចរជាតិ​ និងអន្តរជាតិ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា​ ក្នុងនាមរដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំខេត្ត ស្ថាប័នមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងអង្គពិធីទាំងមូល សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ អនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ដែលបានចង្អុលបង្ហាញ និងតម្រង់ទិស ក្នុងការស្តារ និងអភិវឌ្ឍវិស័យ ទេសចរណ៍ប្រកបដោយចីរភាព បរិយាប័ន្ន និងមានភាពធន់។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានគូសបញ្ជាក់បន្ថែមអំពីការយកចិត្តទុកដាក់ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ស្របតាមគោលនយោបាយជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដោយមានមន្ទីរទេសចរណ៍ខេត្តជាស្ថាប័នជំនាញ ដើម្បីអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ដែលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពដ៏ចម្បង ប្តេជ្ញាធ្វើការរួមគ្នាអនុវត្តនូវគំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្តរួម ក្នុងការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ក្នុងការបន្តអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

បើតាមការបញ្ជាក់ ពីសំណាក់ លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្ត បានឱ្យដឹងដែរថា ពិធីនេះធ្វើឡើងក្នុងគោលបំណង ចូលរួមសម្អាតបរិស្ថាន និងធ្វើការផ្សព្វផ្សាយជូនសាធារណៈជនឲ្យបានជ្រាបអំពីការទុកដាក់សំរាម ដោយមានការទទួលខុសត្រូវ និងលើកកម្ពស់អនាម័យបរិស្ថានស្អាតល្អស្រស់បំព្រង និង​សោភ័ណភាពល្អគួរឲ្យទាក់ទាញ​ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here