​ភ្ញៀវទេសចរជាង២៥ម៉ឺននាក់​ ចូលរួម​ទស្សនាកម្សាន្ត​​ ក្នុង​មហាព្រឹត្តិការណ៍ប្រណាំងទូក ប្រគុំតន្ត្រី បាញ់កាំជ្រួច និងតាំងពិពរណ៍​ នៅ​ខេត្ត​ត្បូងឃ្មុំ​

0
101


ត្បូងឃ្មុំ:​ ភ្ញៀវទេសចរ​ប្រមាណ​ជាង២៥ម៉ឺននាក់​ បាន​ចូលរួម​ទស្សនាកម្សាន្ត​ ក្នុង​មហាព្រឹត្តិការណ៍ប្រណាំងទូក ប្រគុំតន្ត្រីខ្នាតយក្ស បណ្តែតប្រទីប និងបាញ់កាំជ្រួច​នាពេលរាត្រី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣​ ខណៈការតាំងពិពរណ៍ពាណិជ្ជកម្មរាប់រយស្តង់ តាំងបង្ហាញផលិតផលក្នុងស្រុក(ភូមិ១ផលិតផល១) និងផលិតផល ព្រមទាំងម្ហូបអាហារចម្រុះ រយៈពេល​ ៧ថ្ងៃ ចាប់ពីថ្ងៃទី​ ៩ ដល់ថ្ងៃទី១៥ ខែតុលានេះ នៅលើផ្លូវភ្លោះ៦០ម៉ែត្រ និងបរិវេណអាងសោភ័ណត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ ត្រូវបានបញ្ចប់ដោយភាពសប្បាយរីករាយយ៉ាងក្រៃលែងពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋាន​។

ពិធីដ៏សប្បាយកងរំពងយ៉ាងអធិកអធមនេះ ប្រព្រឹត្តិទៅក្រោមការយកចិត្តទុកដាក់ខ្ពស់ណែនាំរៀបចំចង្អុលបង្ហាញ និងអញ្ជើញជាអធិបតីពីសំណាក់ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឡាក់ អេងវន ស៊ាក ឡេង។

ក្នុងឳកាសនោះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឡាន់ ឆន សមាជិកព្រឹទ្ធសភា និងលោកជំទាវ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម ម៉េង វ៉ាន់ឌី និងលោកជំទាវ ព្រមទាំងអភិបាលរងខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំសាលាខេត្ត ស្ថាប័នតុលាការ កងកម្លាំងទាំង០៣ មន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក មន្ត្រីរាជការជុំវិញខេត្ត ព្រះសង្ឃ ក្រុមកីឡាករចំណុះទូក និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ក្នុងមហាព្រឹត្តិការណ៍ ដែលរដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំឡើង ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បាននាំមកនូវសុខសន្តិភាព បន្តមានការអភិវឌ្ឍឡើងជឿនលឿនទៅមុខជាលំដាប់ ប្រជាពលរដ្ឋដើរលេងកម្សាន្ត និងរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ។

ទន្ទឹងនឹងនោះ ឯកឧត្តមអភិបាលខេត្ត​ ក៏បានអំពាវនាវឱ្យប្រជាជនទូទាំងខេត្តត្បូងឃ្មុំ ក៍ដូចជាទូទាំងប្រទេស រួមគ្នាថែរក្សាសុខសន្តិភាពដែលយើងរកបានដោយលំបាក ព្រោះបើគ្មានសន្តិភាពនោះទេ យើងមិនអាចទទួលបានសមិទ្ធផលនានា ពិសេសរៀបចំមហាព្រឹត្តិការណ៍ ដើម្បីឲ្យបងប្អូនមកជួបជុំកំសាន្តយ៉ាងកុះករ រាប់ម៉ឺនរាប់សែននាក់ នៅបុរីរដ្ឋបាលខេត្ត នាពេលនេះឡើយ។

ជាមួយគ្នានោះឯកឧត្តម ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ បានការពារសន្តិសុខសណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋ និងកោតសរសើរចំពោះអាជ្ញាធរដែនដី មន្ទីរ-អង្គភាពជំនាញទាំងអស់ ដែលបានសហការជាមួយរដ្ឋបាលខេត្ត រៀបចំប្រារព្ធមហាព្រឹត្តិការណ៍នេះឡើង បញ្ចប់ដោយជោគជ័យផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here