សិស្ស​ពិការភាព​​ និង​កុមារ​កំព្រា​ ប្រមាណជា​២៤០នាក់​ ទទួល​បាន​ការ​លេីក​ទឹកចិត្ត​ពី​អភិបាល​ខេត្ត​កំពង់ចាម​

0
155


កំពង់ចាម​:​ ក្មួយៗ​សិស្សានុសិស្ស​ពិការ​ភ្នែក​ និង​គថ្លង់​ នៃ​វិទ្យាល័យ​អប់រំ​ពិសេស​កំពង់ចាម​ និង​កុមារ​នៃ​មណ្ឌល​កុមារ​កំព្រា​ខេត្ត​កំពង់ចាម​ ប្រមាណ​ជា​២៤០នាក់​ ទទួល​បាន​ការ​លេីក​ទឹកចិត្ត​ និង​អាហារ​យ៉ាង​ឈ្ងុយឆ្ងាញ់​ពី​ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ នាថ្ងៃ​ទី​១១​ ខែតុលា​​ ឆ្នាំ​២០២៣​ ។

ថ្លែង​សំណេះសំណាល​ក្នុង​ពិធី​នោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ បាន​លើក​ឡើង​ថា​ ការ​រៀបចំ​ពិធី​នេះ​ឡើង​​ ដើម្បីបានស្វែងយល់អំពីសុខទុក្ខរបស់ក្មួយៗ ក៏ដូចជាការលើកកម្ពស់ដល់ជនពិការភាព ដោយការមិនទុកឲ្យនៅឯកកោ និងការរើសអើងនោះឡើយ ពោលគឺយើងត្រូវតែរួមគ្នា ដើម្បីដោះស្រាយ ធ្វើយ៉ាងណា ដើម្បីឲ្យក្មួយៗមានសុខភាពល្អ ដូចយុវជនយើង ដែលមានកាយសម្បទាគ្រប់គ្រាន់ផងដែរ ។
ជាមួយ​គ្នានោះ​ ឯកឧត្តមអភិបាលខេត្ត​ ក៏បាន​លើក​ទឹកចិត្ត​ដល់​សិស្សានុសិស្ស​ទាំង​អស់​ឲ្យ​ខិតខំ​យកចិត្តទុកដាក់​ក្នុង​ការ​សិក្សា​រៀនសូត្រ​ និង​ចាប់​យក​ចំណេះវិជ្ជា​ផ្សេងៗ​ ដើម្បី​ឈាន​ទៅ​ដល់​សម្រេច​គោលបំណង​ក្នុង​ថ្ងៃ​អនាគត​។ ជាពិសេស​កុំ​ឲ្យ​ជឿ​តាម​ការ​អូសទាញ​របស់​មិត្តភ័ក្ដិ​អាក្រក់​ គឺ​ត្រូវ​ជៀសឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ដែល​នាំឲ្យ​អន្តរាយ​ដល់​សុភមង្គល​នោះ​ឡើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ សិស្ស​ក្នុង​វិទ្យាល័យ​សរុប​ទាំង​អស់​មាន​ចំនួន​១៨០នាក់​ ក្នុងនោះ​សិស្ស​ពិការ​ភ្នែក​មាន​៥០នាក់​ និង​គផ្លង់​ចំនួន​១២៧នាក់​ ហើយ​បុគ្គលិក​សរុបគឺមានចំនួន​៣៧នាក់​។ ដោយ​ក្នុង​វិទ្យាល័យ​អប់រំ​ពិសេស​កំពង់ចាម​ មាន​សិស្ស​ចាប់​​ពី​ថ្នាក់​បឋម​ ដល់​​វិទ្យាល័យ​ ក្នុង​នោះ​មាន​សិស្ស​ពិការ​ភ្នែក​ចំនួន​១២ថ្នាក់​ ចាប់​ពី​ថ្នាក់​ទី​១​ ដល់​ថ្នាក់​ទី​១២​ សិស្ស​គថ្លង់​មាន​ចំនួន​១៣ថ្នាក់​ ចាប់​ពី​ថ្នាក់​ទី​១ទាប​ ទី១ខ្ពស់​ ដល់​ថ្នាក់​ទី​១២​ ។ សិស្សពិការភ្នែកថ្នាក់ទី១ ទី២ សិស្សគថ្លង់ថា្នក់ទី១ ទី២ ទី៣ ទី៤ ត្រូវរៀននៅសាលាអប់រំពិសេសទាំងព្រឹក-ល្ងាច ឯសិស្សថ្នាក់ផ្សេងៗទៀតត្រូវទៅរៀនថ្នាក់អប់រំបរិយាបន្ននៅសាលាចំណេះទូទៅមួយពេល។​ ដោយ​សាលាអប់រំពិសេសបានបង្រៀនទៅតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា តែត្រូវបន្ថែមជំនាញ ពិការភាពដល់សិស្ស (សម្រាប់សិស្សពិការភ្នែកបន្ថែមជំនាញអក្សរស្ទាប ឬអក្សរប្រិយ៍ ក្បាច់គិតលេខ របៀបតម្រង់ទិស-OM កម្មវិធីកំព្យូទ័រ-កម្មវិធីJor-កម្មវិធី NVDA និង Zoomtext_ចំណែកសិស្សគថ្លង់រៀនដូចសិស្សមិនមានពិការភាព តែត្រូវបន្ថែម ភាសាសញ្ញាកម្ពុជា)។ ក្រៅពីនេះសាលាមានបង្រៀនភ្លេង សិល្បៈ និងបង្ហាត់ស្ដាប់និយាយសម្រាប់សិស្សគថ្លង់។ ដោយឡែក​មណ្ឌល​កុមារ​កំព្រា​ខេត្ត​កំពង់ចាម​ មាន​កុមារ​ចំនួន​៦០នាក់​ និង​បុគ្គលិក​ចំនួន​២នាក់​ ផង​ដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here