យុវជន ១៣១ នាក់ទទួលបានលទ្ធផលល្អពីការដាក់ពាក្យ និងសម្ភាសការងារនៅក្នុងវេទិកាការងាររបស់ NEA ម្សិលមិញ

0
142


វេទិកាការងារដែលបានសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ជាមួយនឹង ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពេញមួយថ្ងៃម្សិលមិញនេះ បានបញ្ចប់ទៅដោយរលូន ដោយមានយុវជន សិស្ស/និស្សិត និង អ្នកស្វែងរកការងារធ្វើចំនួនជាង ២០០ នាក់ បានចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ។ ជាលទ្ធផល អ្នកស្វែងរកការងារចំនួន ១៣១ នាក់បានសម្ភាសជាប់ ដោយក្នុងនោះអ្នកសម្ភាសជាប់ជាស្ថាពរមានចំនួន ១២ នាក់ និងអ្នកសម្ភាស ជាប់បឋមមានចំនួន ១១៩ នាក់ ហើយនឹងត្រូវសម្ភាសបន្តនៅតាមក្រុមហ៊ុននីមួយៗ នាពេលឆាប់ៗខាងមុខ។

យុវជន គិត គឹមហេង មកពីសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ដែលបានសម្ភាសការងារជាប់បឋម នៅក្រុមហ៊ុន SUMI (Cambodia ) Wiring System Co., Ltd ផ្នែកគ្រប់គ្រងធនធានមនុស្ស បានលើកឡើងថានេះជាលើកទី១ ដែលលោកបានចូលរួមក្នុងវេទិកាការងារ ហើយអ្វីដែលខ្ញុំនឹកស្មានមិនដល់គឺខ្ញុំជាប់ការងារបឋមនៅក្រុមហ៊ុនដ៏ធំមួយនេះ។ យុវជន គឹម ហេងបន្តថា៖ «ខ្ញុំសូមអរគុណដល់ NEA ក៏ដូចជាក្រសួងការងារដែលបានផ្តល់ឱកាសការងារដល់ខ្ញុំ និងយុវជនដទៃទៀត»។ ជាមួយគ្នានេះយុវជនរូបនេះ ក៏បានអំពាវដល់បងប្អូនយុវជន និងអ្នកដែលចង់រកការងារធ្វើផ្សេងទៀត សូមយក CV មកសម្ភាសការងារនៅ NEA បាន ព្រោះ NEA មានឱកាសការងារយ៉ាងសម្បូរបែបសម្រាប់យើងទាំងអស់គ្នា។

ដូចគ្នានេះដែរ យុវជន វិន ធុន ដែលកំពុងសិក្សានៅវិទ្យាស្ថានព្រះកុសុមៈ ជំនាញអេឡិចត្រូនិចឆ្នាំទី១ បានដាក់ពាក្យសម្ភាសជាប់ជាស្ថាពរនៅផ្សាទំនើបឡាក់គី មុខតំណែង នាំអីវ៉ាន់ចេញ លើកឡើងថា វាពិតជាល្អ និងងាយស្រួលដែល NEA រៀបចំវេទិកាការងារនេះឡើង ព្រោះបានជួយសម្រួលដល់ អ្នកស្វែងរកការធ្វើឱ្យបានជួបជាមួយនឹងតំណាងនិយោជកនៅនឹងកន្លែងតែម្តង។

សម្រាប់យុវជន សិស្ស/និស្សិត ដែលមិនបានចូលរួមក្នុងវេទិកាការងារ សូមមកចុះឈ្មោះ ស្វែងរកការងារជាមួយ NEA ដើម្បីអាចចូលរួមក្នុងព្រឹត្តិការណ៍ការងារ និងវគ្គបណ្តុះបណ្តាលផ្សេងៗ ជាច្រើនដោយឥតគិតកម្រៃ ដែលរៀបចំជាបន្តបន្ទាប់ទៀតដោយ NEA រួមមាន៖ វេទិកាការងារ, កិច្ចសម្ភាសន៍ការងារ, វគ្គបណ្តុះបណ្តាលអំពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ និង ជំនាញទន់ ដើម្បីអាចទទួលបានការងារធ្វើកាន់តែឆាប់រហ័ស។

ដើម្បីទទួលព័ត៌មានបន្ថែមអំពីការចូលរួមក្នុងវេទិកាការងារនាពេលក្រោយទៀត សូមទាក់ទង មជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕

LEAVE A REPLY

Please enter your comment!
Please enter your name here