អភិបាលខេត្តត្បូងឃ្មុំ បានអំពាវនាវដល់អាណាព្យាបាល ឱ្យ​នាំកុមារី អាយុ ៩ឆ្នាំទាំងអស់​ មកទទួលវ៉ាក់សាំងមហារីកមាត់ស្បូន ដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ ឬមណ្ឌលសុខភាព

0
141


ដោយលោក:ប៉ៃ លិន
ត្បូងឃ្មុំ​:​ អភិបាលនៃគណៈអភិបាលខេត្ត​ត្បូងឃ្មុំ​ ឯកឧត្ដម ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់អាណាព្យាបាល សូមអញ្ជើនាំកុមារី អាយុ ៩ឆ្នាំទាំងអស់​ មកទទួលការចាក់វ៉ាក់សាំងមហារីកមាត់ស្បូន ដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ ឬមណ្ឌលសុខភាពដែលនៅជិតផ្ទះ។​ ការ​ថ្លែង​បែប​នេះ​ក្នុង​ពិធី​ប្រកាសដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ដល់កុមារី ដែលមានអាយុ៩ឆ្នាំ ដោយឥតគិតថ្លៃ ទៅក្នុងកម្មវិធីជាតិផ្ដល់ថ្នាំបង្ការដើម្បីការពារជំងឺមហារីកមាត់ស្បូន​ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ។

មានប្រសាសន៍នាឳកាសនោះ​ ឯកឧត្ដម ជាម ច័ន្ទសោភ័ណ អភិបាល​ខេត្ត​ត្បូងឃ្មុំ​ បាន​លើកឡើងថា ជំងឺមហារីកមាត់ស្បូន គឺជាអាទិភាព​ចំពោះ​សុខភាពសាធារណៈដែលត្រូវយកចិត្តទុកដាក់នៅប្រទេសកម្ពុជា។ ដូច្នេះ​យើងទាំងអស់គ្នាត្រូវពន្លឿនកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីលុបបំបាត់ជំងឺដ៏កាចសាហាវនេះ តាមរយៈការបញ្ចូលវ៉ាក់សាំងថ្នាំបង្ការជំងឺមហារីកមាត់ស្បូនទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៅប្រទេសកម្ពុជា។

​ ឯកឧត្ដម អភិបាល​ខេត្ត​ត្បូងឃ្មុំ​ បាន​សង្កត់​ធ្ងន់ថា​ «យើងនឹងធានាថា កុមារី អាយុ ៩ឆ្នាំទាំងអស់ នឹងទទួលបានថ្នាំបង្ការជំងឺមហារីកមាត់ស្បូនមួយដូសដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះតទៅ ហើយកម្ពុជាក៏មានគម្រោងនឹងផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់ កុមារី ដែលមានអាយុ លើសពី៩ឆ្នាំ តាមរយៈការធ្វើយុទ្ធនាការក្នុងឆ្នាំ២០២៥ផងដែរ»។

ជាមួយគ្នានោះ​ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា : រាជរដ្ឋាភិបាលបានផ្ដល់ថវិការជាតិសម្រាប់ទិញវ៉ាក់សាំងជាប្រចាំ និងបដិភាគ ជាមួយអង្គការGavi ក្នុងការបញ្ជាទិញវ៉ាក់សាំងថ្មីៗជាបន្តបន្ទាប់។ មកទល់ថ្ងៃនេះ កម្មវិធីជាតិផ្ដល់ថ្នាំបង្ការមានវ៉ាក់សាំង ដែលអាចការពារជំងឺទារក កុមារ បានចំនួន១១មុខ រួមមាន : ជំងឺរបេង គ្រុងស្វិតដៃជើង ក្អកមាន់ ខាន់ស្លាក់ តេតាណូស រលាកថ្លើមប្រភេទបេ ជំងឺរលាកសួត រលាកស្រោមខួក្បាល(ដោយសារបាក់តេរី Hib) ជំងឺកញ្ជ្រឹល ជំងឺស្អូច ជំងឺរលាកស្រោមខួរក្បាល (Streptococcus) និងជំងឺរលាកខួរក្បាលជេអ៉ី ។

លោក បន្តថា តាមយុទ្ធសាស្ត្រ៥ឆ្នាំ របស់កម្មវិធីជាតិផ្ដល់ថ្នាំបង្ការ (ពីឆ្នាំ២០២២-២០២៥) ក្រោមការជួយគាំទ្រថវិកាពីអង្គការ Gavi ព្រមទាំងមានការគាំទ្របច្ចេកទេសពីអង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វក្រសួងសុខាភិបាល បានអនុញ្ញាតអោយកម្មវិធីជាតិផ្ដល់ ថ្នាំបង្ការដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនលើកុមារអាយុ៩ឆ្នាំ ទៅក្នុងសកម្មភាពផ្ដល់ថ្នាំបង្ការជាប្រចាំនៅទូទាំង២៥ រាជធានី\ខេត្ត នៅតាមសាលារៀន និងតាមមូលដ្ឋានសុខាភិបាលសាធារណៈក៏ដូចជាតាមសហគមន៍ ដោយឥតគិតថ្លៃចាប់ពីពេលនេះតទៅ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here