អាជ្ញាធរ​ខេត្តកំពង់ចាម​ នឹង​រៀបចំពិធីប្រណាំងទូក បណ្តែតប្រទិប អុចកាំជ្រួច និងតាំងពិព័រណ៍សមិទ្ធផល ក្នុង​ថ្ងៃ​បុណ្យចេញព្រះវស្សា​ នៅថ្ងៃទី២៨-២៩ ខែតុលានេះ

0
117


កំពង់ចាម​:​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ នាព្រឹកថ្ងៃទី​២​ ខែតុលា​ ឆ្នាំ​២០២៣​នេះ​ បាន​ដឹកនាំ​កិច្ច​ប្រជុំ​បំណែងចែក​ភារកិច្ច​ ដេីម្បី​ត្រៀម​រៀបចំ​ពិធី​ប្រណាំងទូក​ ង​ ទូក​ខ្នាត​អន្តរជាតិ​ បណ្តែតប្រទិប អុចកាំជ្រួច និងតាំងពិព័រណ៍សមិទ្ធផល ក្នុងថ្ងៃបុណ្យចេញព្រះវស្សា នៅ​​ថ្ងៃទី២៨-២៩ ខែ​តុលា ឆ្នាំ២០២៣ ​ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត នេត សាសឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះមូលដា្ឋនខេត្តកំពង់ចាម​ ។

ក្នុងកិច្ចប្រជុំ​នេះ​ដែរ​​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ស្នើ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ ធ្វើយ៉ាងណា​ត្រូវ​សហការ​គ្នា​ ដេីម្បី​​ពង្រឹងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈនៅក្នុងក្រុង​កំពង់ចាម​ ឲ្យ​បាន​ល្អ​ប្រសើរ​ ពោលគឺ​ត្រូវ​បង្ក​លក្ខណៈ​ងាយស្រួល​ ទាំង​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ ដោយឡែកក្រុម​កីឡាករ​ទាំងអស់​ ត្រូវ​ខិតខំ​​គោរព​វិន័យ​ ជាពិសេស​ត្រូវ​​គោរព​តាម​លក្ខន្តិកៈ​ របស់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ ឲ្យ​បាន​ខ្ជាប់ខ្ជួន​ ហើយ​ត្រូវ​ខិតខំ​ធ្វើការ​​ហ្វឹកហាត់​ផងដែរ​ ។

បេី​តាម​លោក ឃន ប្រុស នាយករដ្ឋបាលសាលាខេត្តកំពង់ចាម បានឱ្យដឹងថា​ ដើម្បីថែរក្សាប្រពៃណី លើកស្ទួយវិស័យកីឡាអុំទូក និង​បង្កបរិយាកាសសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋក្រោមម្លប់សុខសន្តិភាព រដ្ឋបាលខេត្តកំពង់ចាមនឹងរៀបចំពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ នៅក្រុងកំពង់ចាម ក្នុងថ្ងៃបុណ្យចេញព្រះវស្សា មានរយៈពេលពីរថ្ងៃ នៅវេទិកាអុំទូក ភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ដែល​នៅពេលរាត្រី មានការរៀបចំបណ្ដែតប្រទីប និងអុចកាំជ្រួច។
ព្រមជាមួយ​ការតាំងពិព័រណ៍សមិទ្ធផលរបស់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត, ពិព័រណ៍ផលិតផលនានា និងការប្រគុំតន្ត្រីមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨- ៣០ ខែតុលា ឆ្នាំ២០២៣​ នេះ​ ។

ជាមួយ​គ្នា​នោះ​ រដ្ឋបាលខេត្តកំពង់ចាម ក៏បាន​ធ្វើ​ការ​អំពាវនាវដល់សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុក លោក-លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ម្ចាស់ក្រុមហ៊ុន ពាណិជ្ជករ អាជីវករនានា និងលោក-លោកស្រី សូមមេត្តាជួយឧបត្ថម្ភ គ្រាំទ្រជាថវិកា និងសម្ភារៈផ្សេងៗដល់គណៈកម្មការខេត្តរៀបចំពិធី ដើម្បី​មាន​លទ្ធភាព​ក្នុង​ការ​ទ្រទ្រង់​ដល់​ក្រុម​កីឡាករ​អុំទូក​ និងចាត់ចែងរៀបចំពិធីប្រណាំទូក​ ង​ ទូក​ខ្នាត​អន្តរជាតិ​ នៅក្រុងកំពង់ចាម ​ឲ្យទទួលលទ្ធផលល្អប្រសើរផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here