អភិបាលខេត្ត​ត្បូងឃ្មុំ​ ក្រេីនរំលឹក​ឲ្យ​ចូលរួមជួយថែរក្សា និងគាំទ្រ​នូវ​វប្បធម៌ឲ្យបានច្រើន ព្រោះថាវប្បធម៌ជាដួងព្រលឹងរបស់ជាតិ

0
47


ដោយលោក ប៉ៃ លិន
ត្បូងឃ្មុំ ៖ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ​ បានថ្លែងថា​ វប្បធម៌មានតួនាទីសំខាន់ ក្នុងការថែរក្សាទំនៀមទម្លាប់ប្រពៃណីជាតិ និងថែរក្សាបាននូវពណ៌សម្បុរ និងអត្តសញ្ញាណជាតិ ដូច្នេះសូមបងប្អូនក្មួយៗទាំងអស់ ចូលរួមជួយថែរក្សា និង​គាំទ្រ​នូវ​វប្បធម៌ឲ្យបានច្រើន ព្រោះថាវប្បធម៌ជាដួងព្រលឹងរបស់ជាតិ។​ ក្រេីនរំលឹក​បែប​នេះ​ក្នុងពិធីបិទមហោស្រពសិល្បៈប្រឡងចម្រៀងបុរាណ និងសម័យ ឆ្នាំ២០២៣​ ​នៅ​សាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣​ ។

ស្ថិតក្នុងឳកាសនោះ​ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានថ្លែងការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដែលបានខិតខំស្វែងរកធនធានមនុស្ស ដែលមានសម្លេងពិរោះ មានទឹកដម ចូលរួមប្រកួត និងទទួលជ័យលាភី តំណាងឲ្យខេត្ត ជាពិសេសបានខិតខំប្រឹងប្រែង ក្នុងការចូលរួមអនុវត្តការងារលើកស្ទួយសិល្បៈចម្រៀងខ្មែរ ឲ្យទទួលបានជោគជ័យ ដោយមានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តសកម្មភាពការងារឱ្យបានកាន់តែប្រសើរឡើងថែមទៀត។

ជាមួយគ្នានោះ​ឯកឧត្តម អភិបាលខេត្ត​ ក៏​បានជំរុញដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ក៏ដូចជាបេក្ខជន បេក្ខនារីទាំងអស់ បន្ទាប់ពីទទួលបានជ័យលាភីហើយ ត្រូវប្រឹងប្រឹងប្រែងបន្ថែមទៀត បង្ហាញឲ្យអស់ពីសមត្ថភាព និងទេពកោសល្យ ដើម្បីជួយលើកស្ទួយនូវសិល្បះវប្បធម៌ខ្មែររបស់យើង ដែលកំពុងតែត្រូវទទួលរង នូវការគំរាមកំហែង ពីវប្បធម៌បរទេសពិសេស ស្រទាប់យុវវ័យ ដើម្បីលើកតម្កើងឱ្យចេះស្រឡាញ់ និងជួយថែរក្សាអភិរក្សសិល្បះ វប្បធម៌ខ្មែរឱ្យបានគង់វង្ស។

បេី​តាម​លោក កួ ហុក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ បានឲ្យដឹងថា​ បេក្ខជន បេក្ខនារី ដែលមកដាក់ពាក្យប្រឡងទាំងបុរាណ និងសម័យសរុបមានចំនួន ៧៤នាក់ ក្នុងនោះស្រី ៣០នាក់។​ ជាលទ្ធផលផ្នែកបុរាណៈ ចំណាត់ថ្នាក់លេខ១ បានទៅលើបេក្ខជន ញ៉ វុធធា មកពីស្រុកពញាក្រែក បកស្រាយបទ សត្វរំពេរ ទទួលបានប័ណ្ណជ័យលាភី និងថវិកា១លានរៀល, លេខ២បានទៅលើបេក្ខជន បេត សាវ៉េត ទទួលបានបណ្ណជ័យលាភី និងថវិកា៨០ម៉ឺនរៀល និងលេខ៣ បានទៅលើបេក្ខជន ស៊ឹម គឹមសាត ទទួលបានបណ្ណជ័យលាភី និងថវិកា ៦០ម៉ឺនរៀល។
ផ្នែកសម័យៈ ចំណាត់ថ្នាក់លេខ១ បានទៅលើបេក្ខនារី ហ៊ាង សុភក្ត្រា មកពីស្រុកត្បូងឃ្មុំ បកស្រាយបទទុកស្រីប្តីព្រាត់ ទទួលប័ណ្ណជ័យលាភី និងថវិកា១លានរៀល, លេខ២បានទៅលើបេក្ខនារី អុន សុខជឿន ទទួលបានបណ្ណជ័យលាភី និងថវិកា៨០ម៉ឺនរៀល និងលេខ៣ បានទៅលើបេក្ខជន ហេង ស៊ាងហៃ ទទួលបានបណ្ណជ័យលាភី និងថវិកា ៦០ម៉ឺនរៀល​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here