ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៥០គ្រួសារ ក្នុងស្រុករំដួល ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

0
74


ដោយលោក:ថត ភារៈ
ស្វាយរៀង ៖ ម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះនៅតាមសហគមន៍ឲ្យបានទាន់ពេលវេលា នៅព្រឹក ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២៣  សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាគណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង  ព្រមទាំង ឯកឧត្តម លោកជំទាវ លោកលោកស្រី គណៈកិត្តិយស គណៈកម្មាធិការសាខា បានចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌របស់សាខា ចែកជូនដល់ជនងាយរងគ្រោះមានចាស់ជរា ជនពិការ កុមារកំព្រារ គ្រួសារមានជំងឺប្រចាំកាយ ស្ត្រីមេម៉ាយមានកូនច្រើន អ្នករស់នៅជាមួយមេរោគអេដស៍ និងគ្រួសារមានជីវភាពខ្វះខាត សរុបចំនួន ៥០គ្រួសារក្នុងស្រុករំដួល មកពី ១០ ឃុំ ។

បន្ទាប់ពីមានសំណូមពររបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះនៅតាមសហគមន៍ អនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានស្នើសុំជំនួយពីសាខា ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានឯកភាពក្នុងការដោះស្រាយជូនពួកគាត់នៅតាមក្រុងស្រុកទាំង ៨ ឲ្យទាន់ពេលវេលានារដូវបុណ្យភ្ជំកាន់បិណ្ឌនេះ ។

ក្នុងឱកាសនោះសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំបណ្តាំសួរសុខទុក្ខ ពីសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងការផ្តាំផ្ញើ សូមបងប្អូនយកចិត្តទុកដាក់អំពីការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ និងការថែទាំសុខភាពរស់នៅប្រកបដោយអនាម័យ ។

សម្តេចក៏បានជម្រាបជូនបងប្អូន ប្រជាពលរដ្ឋទាំងអស់ថា ដោយមើលឃើញការលំបាក នាចុងរដូវវស្សាឆ្នាំ ២០២៣ នេះក៏ដូចជារៀងរាល់ឆ្នាំ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានសម្រេចដោះស្រាយឆ្លើយតបឱ្យបានទាន់ពេលវេលា នូវស្បៀង សម្ភារៈប្រើប្រាស់ ថវិកា ដល់ប្រជាជនងាយរងគ្រោះមហន្តរាយ ផ្សេងៗ ដែលរស់នៅតាមភូមិ ឃុំមួយចំនួន ក្នុងក្រុង ស្រុកទាំង ៨ នាពេលនេះ និងពេលខាងមុខទៀត ។

ដូចបងប្អូនទាំងអស់គ្នាដឹងហើយថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  ជាប្រធាននៃសមាគមជាតិ ក្នុងវិស័យមនុស្សធម៌ ជួយសម្រាលទុក្ខលំបាករបស់ជនងាយរងគ្រោះ និងរងគ្រោះមហន្តរាយទូទាំងប្រទេស ដែលកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនណារម្នាក់ចោល ។

ទោះបីនៅពេលនេះ សម្តេចប្រធានមិនបានអញ្ជើញមកផ្ទាល់ក៏ពិតមែន ប៉ុន្តែរាល់សកម្មភាព ចែកអំណោយ សម្តេចតែងតែឱក្រុមការងារនៅតាមបណ្តាសាខា អនុសាខា ពាំនាំនូវបណ្តាំ ការសាកសួរសុខទុក្ខជាប្រចាំ និងរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋត្រូវមានលក្ខណៈត្រៀម បង្ការជានិច្ចនូវ គ្រោះមហន្តរាយនានា ព្រោះបច្ចុប្បន្ននៅលើពិភពលោក ក៏ដូចប្រទេសកម្ពុជាយើង តែងទទួលរងនូវផលប៉ះពាល់ ការផ្លាស់ប្តូរអាកាសធាតុ នៅគ្រប់ពេលវេលា មិនថាទីណា កន្លែងណានោះទេ បង្ករឡើងនូវគ្រោះមហន្តរាយញឹកញ៉ាប់ដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់កន្ត្រាក់ជាដើម ។…
អំណោយដែលបានផ្តល់ជូនក្នុង ១ គ្រួសារ ទទួលបាន៖ អង្ករ ៣០ គ.ក្រ មី ១ កេស ត្រី ខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលជ័របត់ ១ មុង ១ ភួយ ១ សារុង ១ ក្រម៉ា ១ ថវិកាធ្វើដំណើរ ៥ ម៉ឺន រៀល៕

LEAVE A REPLY

Please enter your comment!
Please enter your name here