ពលរដ្ឋ២៩គ្រួសារ ប្តឹង​សុំ​ឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ ខណៈ​បុគ្គលម្នាក់ បានហ៊ុមព័ទ្ធយកដីចំណីព្រែករបស់រដ្ឋ នៅចំណុចស្ពានទួលធាតុ ក្នុង​ស្រុកកោះសូទិន

0
55


កំពង់ចាម​:​ ប្រជាពលរដ្ឋ ២៩គ្រួសារ រស់នៅភូមិទួលធាតុ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន បានប្តឹង​សុំ​ឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ ខណៈ​មាន​បុគ្គល​ម្នាក់​ឈ្មោះ ណូ ស៊ីណៃ បានធ្វើរបងលួសព័ទ្ធយកដីចំណីព្រែករបស់រដ្ឋ ធ្វើជាកម្មសិទ្ធិ ។
បើតាមសំដី របស់ប្រជាពលរដ្ឋទាំង ២៩គ្រួសារ បាន​ឱ្យ​ដឹងថា ពួកគាត់រស់នៅក្នុងភូមិ ឃុំ កើតហេតុ ខាងលើ និងធ្លាប់ប្រើប្រាស់ទឹកព្រែកមួយកន្លែងនេះ ជាប្រចាំ ទាំងការលាងសម្អាតសត្វពាហនៈ និងយកទឹក ទៅស្រោចស្រពដំណាំ ជាដើម ។ ថ្មីៗកន្លងទៅនេះ ឈ្មោះ ណូ ស៊ីណៃ បានធ្វើរបងព័ទ្ធខ្សែលួស មិន​ឱ្យ​ពួកគាត់ចូលក្នុងបរិវេណព្រែកនោះឡើយ ទើបពួកគាត់បានប្ដឹងទៅអាជ្ញាធរស្រុកកោះសូទិន ដើម្បី ឱ្យ​ជួយអន្តរាគមន៍ ។

លោក សេង អុល មេឃុំពាមប្រុសធ្នោះ បាន​ឱ្យ​ដឹងថា អតីតព្រែកនេះ គឺជាសម្បត្តិរដ្ឋយូរមកហើយ មិនអាចមានបុគ្គលណាម្នាក់ យកទៅធ្វើជាកម្មសិទ្ធិរបស់ខ្លួនបានឡើយ ។ ដោយ​កន្លងទៅនេះ ភាគីឈ្មោះ ណូ ស៊ីណៃ បានអះអាងថា ខ្លួនបានទិញដីព្រែកនេះ ប៉ុន្តែ ការទិញនោះ មិនមានការទទួលស្គាល់ពីអាជ្ញាធរឡើយ ។ មកដល់បច្ចុប្បន្ននេះ ទំនាស់វិវាទ រវាងភាគី ណូ ស៊ីណៃ ជាមួយប្រជាពលរដ្ឋ ត្រូវបានអាជ្ញាធរធ្វើការដោះស្រាយ ៨លើក មកហើយដែរ ។

លោក សារ៉ាត់ អនុប្រធានការិយាល័យភូមិបាល ស្រុកកោះសូទិន បាន​ឱ្យ​ដឹងថា មកដល់ពេលនេះ ភូមិចំនួន ១៣ នៅក្នុងឃុំពាមប្រធ្នោះ បានចុះបញ្ជីលក្ខណៈជាប្រព័ន្ធរួចរាល់ហើយ ។ ដោយឡែក នៅក្នុងភូមិទួលធាតុនេះ គឺមានឈ្មោះ ណូ ស៊ីណៃ បានរំលោភយកដីព្រែកជាកម្មសិទ្ធិ ។ លោកថា ដីព្រែក ជាកម្មសិទ្ធិរបស់រដ្ឋ តាមច្បាប់មិនអាចធ្វើការវាស់វែង និងចុះបញ្ជីជូន​ឱ្យ​ទៅបុគ្គលណាមួយនោះទេ ។ លោក បានបញ្ជាក់ដែរថា ដីស្ថិតនៅទីតាំងកើតទំនាស់នេះ គឺជាដីសម្បត្តិរបស់រដ្ឋ ហើយបានផ្ដល់ប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋរស់នៅតាមសងខាងព្រែក អាស្រ័យផលគ្រប់ៗគ្នា ។
លោកសារ៉ាត់ បានបញ្ជាក់ទៀតថា ដីចំណីព្រែករបស់រដ្ឋ ត្រូវបានកាត់សងខាងមាត់ព្រែក មានប្រវែង ២០ ម៉ែត្រ។ លោកបន្តថា ផ្ទះរបស់ភាគី ណូ ស៊ីណៃ គឺមិនប៉ះពាល់លើដីចំណីព្រែកនោះទេ ។ ប៉ុន្តែ អ្វីដែលបង្ក​ឱ្យ​មានវិវាទ ដោយសារបុគ្គលរូបនេះ បានព័ទ្ធរបងលួស យកទំហំព្រែកធ្វើជាកម្មសិទ្ធិ ដែលមានប្រវែងបណ្ដោយជាង ១០០ម៉ែត្រ និងទទឹងទំហំ ៥០ម៉ែត្រ ឯណោះ ។

លោក សៀត សូត អភិបាលរងស្រុកកោះសូទិន ទទួលផែនវិវាទដីធ្លី បានគូសបញ្ជាក់ថា បញ្ហាវិវាទនេះ គឺជាទំនាស់រវាងប្រជាពលរដ្ឋ ២៩គ្រួសារ ជាមួយនឹងភាគី ឈ្មោះ ណូ ស៊ីណី ចាប់តាំងពីខែមករា ឆ្នាំ២០២៣ ពោលគឺ បន្ទាប់ពីភាគីឈ្មោះ ណូ ស៊ីណៃ បានព័ទ្ធរបងហ៊ុមយកព្រែកនេះ ធ្វើជាកម្មសិទ្ធិ ។ ករណីនេះ អាជ្ញាធរស្រុក រួមជាមួយនឹងមន្ត្រីពាក់ព័ន្ធ បានហៅភាគីទំនាស់ មកធ្វើការសម្របសម្រួល ជាច្រើនដងមកហើយ ។ ប៉ុន្តែ ភាគី ណូ ស៊ីណៃ នៅតែទាមទារយកដីព្រែក ធ្វើជាកម្មសិទ្ធិរបស់ខ្លួន ។
សូមបញ្ជាក់ដែរថា ក្រោយពីការទាមទារ របស់ប្រជាពលរដ្ឋទាំង ២៩គ្រួសារ អាជ្ញាធរស្រុកកោះសូទិន សម្រេចធ្វើការរុះរើរបងលួសនោះចេញ ។ ប៉ុន្តែ ដើមឈើនៅតាមមាត់ព្រែក មិនទាន់បានកាត់នៅឡើយទេ ។ ទោះជាយ៉ាងណាក្ដី មកដល់ពេលនេះ ប្រជាពលរដ្ឋ នៅក្នុងតំបន់វិវាទនោះ បានអាស្រ័យផល ពីទឹកព្រែកនោះ ជាធម្មតាវិញហើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here