ផ្លូវលំក្រាលក្រួសក្រហម ប្រវែងជាង៣០ គីឡូម៉ែត្រ ចូលទៅកាន់ឃុំយាង ត្រូវបានរងការ ច្រោះដាច់ និងច្រោះខូចជាអន្លើៗ ដោយជំនន់ទឹកភ្លៀង៖ អាជ្ញាធរឃុំអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវមួយខ្សែនេះសូមមានការប្រុងប្រយ័ត្ន!

0
60


ដោយលោក:សួន លីណា
ខេត្តព្រះវិហារ ៖ ផ្លូវលំក្រាលក្រួសក្រហមមួយខ្សែ ចូលទៅកាន់ឃុំយាង ឈ្ពោះបន្តទៅភូមិកំប្រាក់ ស្ថិតក្នុងភូមិសាស្ត្រឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានរងនូវការច្រោះដាច់ និងច្រោះខូចជាអន្លើៗ ប្រវែងជាង៣០គីឡូម៉ែត្រ ដោយជំនន់ទឹកភ្លៀង បានធ្លាក់ជាបន្តបន្ទាប់ នាដើម ខែកញ្ញា ឆ្នាំ២០២៣ កន្លងមកនេះ។ នេះបើតាមការបញ្ជាក់ឲ្យដឺង នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ពីលោកមេឃុំយាង ហ៊ឹម ហឿន ។

លោកមេឃុំបានបញ្ជាក់បន្តថា៖ ផ្លូវដែលរងការខូចខាតចាប់ពីចំណុចភូមិគងយោង ទៅកាន់ភូមិជាំស្រែប្រវែង ១៤គីឡូម៉ែត្រ និងពីភូមិជាំស្រែ បន្តទៅកាន់ភូមិរស្មី ប្រវែង ៤គីឡូម៉ែត្រ និងពីភូមិរស្មី ទៅកាន់ភូមិអន្ទិលប្រវែង ៦គីឡូម៉ែត្រ និងពីភូមិអន្ទិលបន្តទៅកាន់ភូមិកំប្រាក់មានប្រវែង ១២គីឡូម៉ែត្រ សរុបចំនួន ៣៦គីឡូម៉ែត្រ។ លោកថា ក្នុងផ្លូវប្រវែង ៣៦គីឡូម៉ែត្រខាងលើនេះ កន្លែងខ្លះត្រូវបានទឹកហូរច្រោះដាច់ និងនៅកន្លែងខ្លះទៀត ទឹកបានហូរច្រោះខូចជាអន្លើៗ ធ្វើឲ្យលំបាកក្នុងការធើ្វដំណើរឆ្លងកាត់ ។

លោក ហ៊ឹម ហឿន បានឲ្យដឹងដែរថា៖ កន្លងមកក្រុមការងារនៅមិនទាន់បានអនុវត្តតាមគម្រោងឲ្យបាន១០០% នៅឡើយនោះទេ។ ក្នុងនោះមានស្ពានធំៗ ចំនួនពីរកន្លែង ទី១-ស្ពានពីភូមិយាងឆ្លងទៅកាន់ភូមិជាំស្រែ ដែលមានប្រវែងចំនួន ៦០ម៉ែត្រ និងស្ពានទី២ ពីភូមិអន្ទិលឆ្លងទៅកាន់ភូមិកំប្រាក់មានប្រវែងចំនួន ៧០ម៉ែត្រ និងខ្វះលូមុខកាត់ដាក់តាមអូធំៗ ជាច្រើនកន្លែងទៀតផងដែរ ។

លោកបានបញ្ជាក់បន្ថែមថា ផ្លូវមួយខ្សែនេះ ស្ថិតក្រោមគម្រោងកសាងដោយ កងវិស្វកម្មក្រសួងការពារជាតិ, មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ និងថវិកាមូលនិធិឃុំសង្កាត់។ ចំពោះផ្លូវមួយខ្សែនេះធ្វើឡើង មិនបានត្រឹមត្រូវទៅតាមស្តង់ដារទាំងអស់នោះទេ គឺធ្វើឡើងដើម្បីសម្រួលទៅដល់បងប្អូនប្រជាពលរដ្ឋ អាចធ្វើដំណើរបានពីភូមិមួយ ទៅកាន់ភូមិមួយ និងដឹកកសិផលចេញពីទីជនបទដាច់ស្រយាល ទៅកាន់ទីផ្សារបានងាយស្រួលបណ្ដោះអាសន្នសិនតែប៉ុណ្ណោះ ។

ជាមួយគ្នានោះលោកមេឃុំ សូមធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានធ្វើដំណើរតាមបណ្តោយផ្លូវមួយខ្សែនេះ សូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជៀសវាងកើតមានគ្រោះថ្នាក់ឡើង ជាហត្ថាហេតុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here