​ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ប្រគល់ផ្ទះមនុស្សធម៌​ ២ខ្នង​ ជូនពលរដ្ឋទ័លលំបាក ២គ្រួសារ​ ​នៅ​ស្រុក​កំពង់សៀម​​ និង​ស្រុក​កងមាស​

0
58


ដោយ,ប៉ៃ លិន
កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត​ ដោយ​មានការនិមន្ត​ អញ្ជើញចូលរួមពី​ ព្រះមន្ត្រីសង្ឃ​ និង​មន្ត្រី​រាជការ​ នាព្រឹកថ្ងៃទី​៤​ ខែកញ្ញា​ ឆ្នាំ​២០២៣​នេះ​ បានអញ្ជើញប្រគល់ផ្ទះមនុស្សធម៌​ទី១៥​ និង​ផ្ទះ​​ទី​១៦​ ដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ជូនប្រជាពលរដ្ឋ​ទ័ល​លំបាក​ ​២គ្រួសារ​ នៅ​ក្នុង​ស្រុកកំពង់សៀម​ ១គ្រួសារ​ និង​ស្រុកកងមាស​ ១គ្រួសារ​ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែមានក្តីនឹករលឹក គិតគូរពីសុខទុក្ខចំពោះប្រជាពលរដ្ឋ​ ពិសេសប្រជាពលរដ្ឋ ដែលជួបការលំបាក ទាំងពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ហើយតែងចាត់តំណាង ចុះអន្តរាគមន៍ នាំយកនូវអំណោយសង្រ្គោះបន្ទាន់ ផ្ដល់ជូនទាន់ពេលវេលា ដោយមិនរើសអើង មិនប្រកាន់វណ្ណ:  តាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និង ” មិនទុកនរណាម្នាក់ចោល ” ។

ជាមួយគ្នា​នោះ​ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋ សូមលើកកំពស់ការថែទាំសុខភាព​ឱ្យ​បានល្អ ដោយរស់នៅត្រូវមានអនាម័យ ​ត្រូវ​សំអាត​​ថែរក្សា​បរិវេណ​ជុំវិញ​លំនៅឋាន​របស់ខ្លួន​​​ ដែល​ជា​កន្លែង​សត្វ​មូសបង្កាត់ពូជ​ ដេីម្បី​ការពារ​នូវ​​ជំងឺ​ឆ្លង​ផ្សេងៗ​​ លេីសពីនោះ​សូម​បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះមហន្តរាយផ្សេងៗ ពិសេសគ្រោះអគ្គីភ័យ ដែលអាចបណ្តាលឱ្យបាត់បង់ទ្រព្យសម្បត្តិ និងលំនៅដ្ឋាន ផងដែរ​ ។

គួរបញ្ជាក់ថា​ ​ស្រ្តី​ឈ្មោះ ញ៉ិល សុខនី អាយុ​ ៤៩ឆ្នាំ រស់នៅភូមិគគរ២ ឃុំគគរ ស្រុកកំពង់សៀម មានប្តីឈ្មោះ ស្រឿន សារិន អាយុ ៥១ឆ្នាំ ជាជនពិការភ្នែក និងជើង ដែល​មិនអាចធ្វើការបាន​។ ដោយឡែក​ស្ត្រី​ឈ្មោះ ឡុំ ស្រីតូច អាយុ ៣០ឆ្នាំ រស់នៅភូមិអន្លង់អកកើត ឃុំសូរគង ស្រុកកងមាស ជាស្រ្តីមេម៉ាយពិការភ្នែក មានកូនស្រី ១នាក់ អាយុ ៣ឆ្នាំ។  ដោយ​ស្ថានភាព​លំបាក​បែប​នេះ​ ឯកឧត្តម អ៊ុន ចាន់ដា បានសម្រេចផ្តល់ផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសី (ទំហំ៤ម × ៦ម) ជូន ២គ្រួសារនេះ ដែល ១ខ្នង មានតម្លៃ​ប្រមាណ​ជា​ ១០លាន​រៀល​ ។ ព្រមទាំង​ផ្តល់សម្ភារ គ្រឿង ឧបភោគ បរិភោគ ជូនគ្រួសារ ទាំង២ សម្រាប់សង្កត់ផ្ទះថ្មីនេះ ដោយ​ក្នុង១គ្រួសារទទួលបាន អង្ករ ៥០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់ អាវយឺត ១២ , សាប៊ូដុំ​ សម្ភារផ្ទះបាយមួយចំនួន និងថវិកា​ចំនួន​ ២០​ម៉ឺន​រៀល​ ។ ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មី ទាំង ២ខ្នងនេះ សរុប​ចំនួន ២២នាក់ ក្នុងម្នាក់ៗ ទទួលបាន  អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ សាប៊ូ អាវយឺត ព្រមទាំង ថវិកាចំនួន ២០,០០០ រៀល ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here