អ្នកសារព័ត៌មានរៀនការពារខ្លួនពីការវាយប្រហារ ឬបោកប្រាស់តាមបណ្តាញសង្គម

0
66


ដោយ,ហេង នាង
ភ្នំពេញ ៖ អ្នកសារព័ត៌មានជិត១០០នាក់ បានរៀនពីរបៀបការពារខ្លួនពីការវាយប្រហារ ការគំរាមគំហែងតាម អ៊ីនធឺណិត និងការបោកប្រាស់តាមបណ្តាញសង្គម ដែលកំពុងកើតឡើងនៅជុំវិញពិភពលោក។
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានថ្លែងនៅឯពិធីប្រគល់វិញ្ញាបនប័ត្រនាល្ងាចថ្ងៃព្រហស្បត៌នេះថា “នេះជាវគ្គបណ្តុះបណ្តាលសម្រាប់អ្នកសារព័ត៌មានលើកទី២ហើយ ក្នុងរយៈពេលពីរខែ លើប្រធានបទ “ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព” ដោយផ្តោតសំខាន់ទៅលើ “ហានិភ័យថ្មីៗ និងការគំរាមគំហែងតាមអ៊ីនធឺណិត, ចេះការពារសុវត្ថិភាពក្នុងការប្រើប្រាស់អ៊ីនធឺណិត/ អ៊ីមែល និងបណ្ដាញព័ត៌មានសង្គម, ចេះការពារឯកជនភាព និងទិន្នន័យផ្ទាល់ខ្លួន និងចេះកាពារខ្លួនពីការវាយប្រហារ ឬបោកប្រាស់តាមអនឡាញ”។
វគ្គបណ្តុះបណ្តាលខាងលើត្រូវបានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជាអ្នកផ្តល់ទីកន្លែង និងផ្តល់គ្រូឧទ្ទរសនាមជំនាញៗ ដើម្បីធានាថាក្រោយសិក្សាចប់នឹងយកទៅអនុវត្តបានដោយប្រសិទ្ធភាព។
លោក ពុយ គា បានថ្លែងថា “អ្នកសារព័ត៌មានប្រៀបបាននឹងកងទ័ពជួរមុខមួយក្នុងការប្រើប្រាស់បញ្តាញសង្គម ដូច្នេះអ្នកសារព័ត៌មានត្រូវមានចំណេះដឹងបន្ថែមក្នុងការការពារខ្លួន”។
ក្រៅពីជំនាញខាងលើអ្នកសារព័ត៌មាន ក៏ត្រូវបានបំប៉នបន្ថែមលើចំណេះដឹងក្នុងការប្រើប្រាស់កម្មវិធីថត កាត់តវីដេអូតាមទូរស័ព្ទដៃ ការEditរូបថត ដាក់ក្រេឌីតលើរូបថតដោយប្រើទូរស័ព្ទដៃ និងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ( Messenger, Telegram, What’s App ) ។ល។
លោក ពុយ គា បានវាយតម្លៃខ្ពស់ទៅលើក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលលោកប្រៀបប្រដូចក្រសួងមួយនេះទៅនឹង “កូនក្រមុំដ៏ស្អាត” ដែលស្ថាប័នណាក៏ត្រូវការចង់នែបនិត្យជាមួយក្នុងការប្រតិបត្តិការងារឱ្យលឿនរហ័ស និងប្រកបដោយសុវត្ថិភាពនាសម័យឌីជីថល។
ដោយឡែក លោក លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានថ្លែងថា “បច្ចេកវិទ្យាឌីជីថលចេះតែជឿនលឿនពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាកត្តាចំបងតម្រូវឱ្យអង្គភាពស្ថាប័ននានា ជាពិសេសបុគ្គលខ្លួនឯងតែម្តង ត្រូវចាប់យកបច្ចេកវិទ្យាឌីជីថលជាការចំបាច់ក្នុងជីវភាពការងារ និងការរស់នៅប្រចាំថ្ងៃ និងបន្តការយល់ដឹងបន្ថែម បើមិនដូច្នេះទេអ្វីដែលយើងចេះពីប៉ុន្មានឆ្នាំមុន ត្រូវបាត់បង់ទាំងអស់!”
លោក សុផាណារិទ្ធិ បានបន្ថែមទៀតថា “ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បាន និងកំពុងខិតខំរៀបចំវគ្គបណ្តុះបណ្តាលជាច្រើន ដើម្បីបញ្ជ្រាបការយល់ដឹងអំពីការប្រើប្រាស់បច្ចេកវិទ្យា និងផលប៉ះពាល់នានា ដែលកំពុងមានការគំរាមកំហែង និងហានិភ័យថ្មីៗនៅលើប្រព័ន្ធអ៊ីនធឺណិតដល់មន្រ្តីរាជការ នៅតាមស្ថាប័ននានា ក៍ដូចជាកម្មវិធីសិក្សាជាច្រើនរួមទាំងការផ្តល់អាហារូបករណ៍សម្រាប់លើកទឹកចិត្តសិស្សានុសិស្ស ដើម្បីចាប់យកជំនាញនេះ ក្រសួងក៍បាន និងកំពុងរៀបចំផ្សព្វផ្សាយមាតិការអំពីការយល់ដឹងបច្ចេកវិទ្យាឌីជីថល ដើម្បីប្រជាពលរដ្ឋអាចទទួលបានព័ត៌មាន និងងាយស្រួលយល់ដឹងអំពីបច្ចេកវិទ្យាថ្មីៗ”។
អ្នកសារព័ត៌មាន ដែលមានបំណងចង់បន្ថែមចំណេះដឹង និងជំនាញលើការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនង សង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពអាចទំនាក់ទំនងមកក្លិបអ្នកកាសែតកម្ពុជាដើម្បីក្លិបស្នើទៅលោករដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកបណ្ឌិត ជា វ៉ាន់ដេត ដើម្បីរៀបចំបើកវគ្គបណ្តុះបណ្តាលបន្តទៀតដោយឥតគិតថ្លៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here