ឯកឧត្តម គីម រិទ្ធី រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្សានុសិស្ស និងបងប្អូន ប្រជាពលរដ្ឋ ចូលរួម ពិធីដាំកូនឈើអបអរសាទរទិវា រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៣

0
66


ប្រភព:មន្ទីរព័ត៌មានខេត្តព្រះវិហារ
ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ អមដំណើរដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ អង្គភាពនានាជុំវិញខេត្ត រួមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូន ប្រជាពលរដ្ឋជាច្រើនរូប បានអញ្ជើញចូលរួមពិធីដាំកូនឈើអបអរសាទរទិវា រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៣ ក្នុងបរិវេណសាលាបឋមសិក្សាទំនប់ ក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ

មានប្រសាសន៍នាឱកាសនោះ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តព្រះវិហារបានអោយដឹងថា ថ្ងៃនេះមន្ទីរកសិកម្មខេត្តដែលមានខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ជាសេនាធិការ រួមជាមួយ អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់បានរៀបចំពិធីនេះឡើង ដើម្បីអបអរសាទរ រុក្ខទិវា ៩កក្កដា ឆ្នាំ២០២៣។ សម្រាប់កូនឈើដែលបាន យកមកដាំនាពេលនេះ ជាប្រភេទកូនឈើ ចម្រុះ សរុបចំនួន ១០០០ ដើម ក្នុងនោះ កូនឈើក្រញូង ចំនួន១០០ដើម កូនឈើបេង២០០ដើម និងកូនឈើធ្នង់៧០០ដើម។ ជាមួយគ្នានេះផងដែរ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ក៏បានចែក កូនឈើហូបផ្លែ សរុបចំនួន៦០០ដើម ជូនដល់ បងប្អូនប្រជាពលរដ្ឋ ដើម្បីយកទៅដាំតាមលំនៅដ្ឋាន ដែលក្នុងនោះរួមមាន កូនស្វាយចំនួន ២០០ដើម កូនខ្នុរចំនួន២០០ដើម កូនអំពិលផ្អែម១០០ដើម និងកូនទាបបារាំងចំនួន១០០ដើម។
នៅក្នុងឱកាសនោះ ឯកឧត្តមបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម កិត្តិទេសា ភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់អង្គពិធី។ ឯកឧត្តម គីម រិទ្ធី ក៏បានថ្លែងអំណរគុណដល់មន្ទីរ កសិកម្មខេត្តក៏ដូចជាខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ព្រមទាំង អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងគ្រប់ប្រភេទ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ដែលបានសហការ រៀបចំពិធីដ៏មានសារៈសំខាន់នេះឡើង។ ឯកឧត្តម បានអោយដឹងថា ពិធីរុក្ខទិវា ជាចលនាបំផុស ដាំដើមឈើ ដែលជាប្រពៃណីដ៏ល្អផូរផង់ ឧត្តុងឧត្តម របស់ប្រជាជាតិយើង។ ចលនានេះមានតាំងពី សម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជបូជនីយកិច្ច ផ្តួចផ្តើមនិងដឹកនាំរបស់ ព្រះករុណា ព្រះមហាវីរ ក្សត្រព្រះវររាជបិតាជាតិខ្មែរព្រះបរមរតនកោដ្ឋ តាំងពីទស្សវត្ស៣០មក ដោយមានការចូលរួមយ៉ាង ផុសផុល ពីប្រជាពលរដ្ឋគ្រប់ស្រទាប់ ក្លាយ ទៅជាសកម្មភាពទូលំទូលាយក្នុងចលនាទិវាពលកម្ម ដាំដើមឈើនៅក្នុងសង្គម ដែលទីបំផុតត្រូវ បានទទួលស្គាល់ ជាពិធីប្រពៃណីជាតិមួយ ហៅថា ពិធីរុក្ខទិវា ដែលកំណត់ដោយព្រះរាជក្រឹត្យ លេខ ៧៣៨ នស.រកត ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ ១៩៥២។
ជាមួយគ្នានេះផងដែរ ឯកឧត្តម ក៏បានជម្រុញអោយមានការចូលរួមដាំដើមឈើ អោយបាន គ្រប់ៗគ្នា គ្រប់ប្រភេទ និងគ្រប់ទីកន្លែងអោយបានច្រើន តាមលទ្ធភាពដែលអាចធ្វើទៅបាន។ និងត្រូវចូលរួមជួយទប់ស្កាត់ បញ្ឈប់ការកាប់ឈើ ការកាប់រានដុតឈូសឆាយដីព្រៃ ដើម្បីថែរក្សា ការពារព្រៃឈើទុកសម្រាប់កូនចៅរបស់យើងនៅគ្រប់ជំនាន់ជាបន្តទៀត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here