អភិបាលខេត្តកំពង់ចាម​ បាន​ស្នេី​ដល់​មន្ទីរ​រៀបចំ​ដែនដី​ សូម​​បង្រួម​នីតិវិធី​ឱ្យ​ខ្លី​​ តែ​កុំ​ឱ្យ​ធ្វើ​ខុស​ ចំពោះ​​ការ​ប្រេីប្រាស់​ឯកសារ​ ​សម្រាប់​ផ្តល់​​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ ជូន​ពលរដ្ឋ​

0
81


ដោយ,លឹម សិលា
កំពង់ចាម​ ៖​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បាន​ស្នើ​ដល់​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត​ សូម​​បង្រួម​នីតិវិធី​​ឱ្យ​ខ្លី​ តែ​កុំ​ឱ្យ​ធ្វើ​ខុស​ ចំពោះ​ការ​ប្រើប្រាស់​ឯកសារ​ សម្រាប់​​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ ជូន​ប្រជាពលរដ្ឋ​ ព្រោះ​បច្ចុប្បន្ន​នេះ​ការ​បំពេញ​បន្ថែម​ប្លង់​ដី​មាន​រយៈពេល​៤ខែ​ឯណោះ​ ការ​ស្នើ​ឡើង​បែប​នេះ​ក្នុង​កិច្ចប្រជុំពិភាក្សាវឌ្ឍនភាព និងបញ្ហាប្រឈមនៃការចុះបញ្ជីដីធ្លី​ នាព្រឹកថ្ងៃទី​២៥​ ខែសីហា​ ឆ្នាំ​២០២៣​ ។

ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ​​បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​​ពាក់ព័ន្ធ​ ត្រូវ​បន្ត​អនុវត្តនូវការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូន​បងប្អូនប្រជាពលរដ្ឋ ឱ្យ​បានសម្រេច​មុន​ផែនការ​កំណត់​ ខណៈ​ថ្នាក់​ដឹកនាំ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី​ គ្រោង​យក​ខេត្តកំពង់ចាម​ ធ្វើ​ជា​ខេត្ត​គំរូ​ ក្នុង​ការ​ចុះ​បញ្ជី​ដីធ្លី​មានលក្ខណៈជាប្រព័ន្ឋ​ ឱ្យ​បាន​ចប់​សព្វគ្រប់​ ១០០%​ នាចុង​ឆ្នាំ​២០២៣​ ឬ​ដើម​ឆ្នាំ​២០២៤​ខាងមុខនេះ​ ដូច្នេះ​យេីង​ត្រូវ​លេីក​បញ្ហា​ប្រឈម​ និង​ការ​ខ្វះខាត​​ ដេីម្បី​រក​ដំណោះស្រាយ​ ធ្វេីយ៉ាងណា​ឱ្យ​ការងារ​ចុះ​បញ្ជី​ដីធ្លី​ទទួល​បាន​លទ្ធផល​ល្អ​ ​ដូច​ការ​គ្រោង​ទុក​ ។

បេីតាម​លោក ម៉ា ហូឌី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ចាម​ បានឱ្យដឹងថា​ ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ​ ខេត្តកំពង់ចាម​ មាន​ ៩ស្រុក និង​ ១ក្រុង ស្មើនឹង​ ១០៥ឃុំ និង​ ៤សង្កាត់ មានភូមិចំនួន ៩១៦ភូមិ ។ ហើយបានចាប់ផ្ដើមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ​ ពីខែតុលា ឆ្នាំ២០០៣ រហូតមកដល់​ពេល​បច្ចុប្បន្ន ដោយបានបញ្ចប់ជាស្ថាពរ​ នូវការផ្ដល់ប័ណ្ណកម្មសិទ្ធិ​ ជូនប្រជាពលរដ្ឋចំនួន ៤ស្រុក និង​ ១ក្រុង ដែលបានធ្វើការប្រមូលក្បាលដី​គូស​ និងបញ្ចូលក្នុងកុំព្យូទ័រ​ មានចំនួន ៧៦២,៥៩៩ក្បាលដី ស្មើនឹង ៨៣% និងការចេញប័ណ្ណកម្មសិទ្ធិ​ ចំនួន ៧២៣, ៥៨៨ប័ណ្ណ ស្មើនឹង ៨០% នៃក្បាលដីប៉ាន់ស្មានរបស់ខេត្តកំពង់ចាមទាំងមូលមាន ៩២៤,៤២១ក្បាលដី លើការងារចុះបញ្ជីដីធ្លីបច្ចុប្បន្ននេះ មានចំនួន ៧ក្រុមវាល ដែលកំពុងអនុវត្តនៅស្រុកចំនួន ៥ គឺស្រុកស្ទឹងត្រង់​ មាន ១ក្រុមវាល ស្រុកស្រីសន្ធរ​ មាន ១ក្រុមវាល ស្រុកកោះសូទិន​ មាន ២ក្រុមវាល និងស្រុកកងមាស​ មាន ២ក្រុមវាល លើភូមិ-ឃុំ​ និងក្បាលដីប៉ានស្មានសរុបនៅសល់បច្ចុប្បន្នមាន​ចំនួន​ ២០០,១០៨​ក្បាលដី​ ។ ចំពោះ​ដីរដ្ឋដែលបានចេញប័ណ្ណកម្មសិទ្ធិ តាមរយៈការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ មានចំនួនសរុប ៤,​ ៩៥៥​ ក្បាលដី។ ដីរដ្ឋដែលបានចុះបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ​ មានចំនួនសរុប ២, ៦៥៥​ ក្បាលដី នៅក្នុងនោះ បានចេញប័ណ្ណកម្មសិទ្ធិ ២,​ ២០៩​ ក្បាលដី​ កំពុងដំណើរការចេញប័ណ្ណកម្មសិទ្ធិ ៣៣ក្បាលដី​ ​នៅសល់មិនបានធ្វើប័ណ្ណកម្មសិទ្ធិ ៤១៣​ ក្បាលដី ។​ ដូច្នេះ​សូម​មន្ទីរ អង្គភាព ឬស្ថាប័នពាក់ព័ន្ឋទាំងអស់ មេត្តាចូលរួមសហកាក្នុងការធ្វើប័ណ្ណកម្មសិទ្ឋិក្នុងកំឡុងពេលចុះ​បញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ឋ ដាច់ដោយដុំ រឺបំពេញបន្ថែម​ ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here