ទណ្ឌិតមេក្លោងគ្រឿងញៀនជនជាតិចិនម្នាក់ ជាប់ពន្ធធនាគារនៅខេត្តសៀមរាប ដែលត្រូវអនុវត្តទោស៥២ឆ្នាំ ពាក់ព័ន្ធការជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ដែលក្រុមឧក្រិដ្ឋជន៦នាក់ រំដោះនោះត្រូវបានចាប់ខ្លួនហើយ

0
81


យោងតាមផេកអគ្គនគរបាលជាតិ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើសន្និសីទសារព័ត៌មានបង្ហាញអំពីប្រតិបត្តិការលម្អិតបន្ថែម ក្នុងការតាមបង្ក្រាបក្រុមឧក្រិដ្ឋជនប្រដាប់អាវុធដែលបានធ្វើសកម្មភាពសម្រុកចូលទៅរំដោះ មេក្លោងគ្រឿងញៀនម្នាក់ នៅខេត្តសៀមរាប ដែលត្រូវអនុវត្តទោស៥២ឆ្នាំ ពាក់ព័ន្ធការជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ហើយបញ្ជាឲ្យជួញដូរចេញពីពន្ធនាគារថែមទៀត។
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ តាមរយៈសន្និសីទសារព័ត៌មាន បានអះអាងថា រហូតមកដល់ពេលនេះ ឧក្រិដ្ឋជនចំនួន៧នាក់ហើយ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ក្នុងនោះ មានខ្មែរសញ្ជាតិអាមេរិក ចំនួន៦នាក់ (កាន់លិខិតឆ្លងដែនអាមេរិក) និងជនជាតិចិន សញ្ជាតិអាមេរិកម្នាក់ (កាន់លិខិតឆ្លងដែនអាមេរិក)។ ពួកគេជាឧក្រិដ្ឋជនស៊ីឈ្នួលដើម្បីធ្វើសកម្មភាព។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ បានបន្ថែមថា ទម្រាំធ្វើសកម្មភាពរំដោះអ្នកទោសនេះ ក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំងច្បាស់លាស់នេះ បានរៀបចំផែនការត្រៀមធ្វើសកម្មភាពរយៈពេល២ខែមកហើយ ពោលរៀបចំផែនការតាំងពីនៅសហរដ្ឋអាមេរិកមកម្ល៉េះ ហើយពួកគេបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ដើម្បីពិនិត្យទីតាំងភូមិសាស្ដ្ររយៈពេលកន្លះខែមកហើយ។
នៅថ្ងៃកើតហេតុ ទី១៧ ខែសីហា ឆ្នាំ២០២៣ មានឧក្រិដ្ឋជន៤នាក់ ជាអ្នកចូលធ្វើសកម្មភាពរំដោះដោយផ្ទាល់នៅគ្លីនិកធ្មេញ ក្នុងក្រុងសៀមរាប ពេលអនុរក្សពន្ធនាគារបញ្ជូនទៅព្យាបាលជំងឺធ្មេញ ដែលកន្លងទៅធ្លាប់ព្យាបាលនៅក្នុងពន្ធនាគារប៉ុន្ដែមិនធូរស្រាល។ ក្រៅពីឧក្រិដ្ឋជន៤នាក់ ដែលធ្វើសកម្មភាពផ្ទាល់ហើយនោះ ពួកគេនៅមានក្រុមជំនួយ២នាក់ទៀត ដើម្បីត្រៀមជួយអន្ដរាគមន៍ ក្នុងករណីមានការប៉ះទង្កិចគ្នាជាមួយកម្លាំងសមត្ថកិច្ច។
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានរៀបរាប់ទៀតថា ក្រោយកើតហេតុភ្លាមៗ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងនគរបាលទាំងអស់ បានរួមគ្នាធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបានដែលពួកគេរត់ពីខេត្តសៀមរាប មកកាន់រាជធានីភ្នំពេញ ដើម្បីលាក់ខ្លួនបណ្ដោះអាសន្ន។
នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បានកំណត់បានទីតាំងដែលឧក្រិដ្ឋជនលាក់ខ្លួន និងឈានដល់ការចាប់ខ្លួនបានជាបន្ដបន្ទាប់ នៅយប់ថ្ងៃទី១៨ ខែសីហា ចំនួន៧នាក់។ ដោយឡែក សម្រាប់មេក្លោងពិរុទ្ធជននោះ បានរត់គេចខ្លួនចេញទៅក្រៅប្រទេស។
ទន្ទឹមនឹងនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានសង្កត់ធ្ងន់ថា កម្លាំងសមត្ថកិច្ចកម្ពុជា បានដឹងទីតាំងប្រទេសដែលមេក្លោងនោះរត់ទៅលាក់ខ្លួនហើយ ហើយកំពុងតែសហការគ្នាយ៉ាងស្អិតរមួតជាមួយប្រទេសជិតខាង ដើម្បីតាមការចាប់ខ្លួនឲ្យខាងតែបាន និងយកមកផ្ដន្ទាទោសតាមច្បាប់យ៉ាងតឹងរឹងបំផុត មិនអាចលើកលែងបានឡើយ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បន្ដថា កម្លាំងសមត្ថកិច្ចតាមព្រំដែនក៏កំពុងសហការគ្នា ដើម្បីស្រាវជ្រាវបន្ដទៀតផងដែរ។
ដោយឡែក ចំពោះចម្ងល់ថាតើករណីនេះអាចមានការឲ្យដៃពីផ្ទៃក្នុងដែរឬទេ? ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានអះអាងថា ក្នុងនាមជាមន្ដ្រីនគរបាលអ្នកអនុវត្តច្បាប់ កម្លាំងជំនាញនឹងស្រាវជ្រាវលើចំណុចនេះ ដើម្បីបញ្ចប់រាល់មន្ទិលសង្ស័យទាំងឡាយដែលបានលើកឡើង ក្នុងករណីរកឃើញមានការពាក់ព័ន្ធកម្រិតណានោះ នឹងអនុវត្តតាមផ្លូវច្បាប់ជាធរមានមិនលើកលែងឡើយ។
ឆ្លើយតបចំពោះការលើកឡើងថា ហេតុការណ៍នេះអាចដោយមានភាពចន្លោះប្រហោងរបស់អនុរក្សពន្ធនាគារដែរឬទេ? ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ បានទទួលស្គាល់ថា នេះអាចនិយាយបានថា ភាពចន្លោះប្រហោងរបស់សមត្ថកិច្ចពិតមែន ដោយសារតែកន្លងទៅកម្ពុជាមិនដែលធ្លាប់មានករណីខ្មាន់កាំភ្លើងសម្រុកចូលមករំដោះអ្នកទោសបែបនេះឡើយ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបន្ថែមថា អនុរក្សពន្ធនាគារនៅពេលបញ្ជូនពិរុទ្ធជនមេក្លោងគ្រឿងញៀននេះ ទៅកាន់គ្លីនិចធ្មេញក៏មានអាវុធទៅជាមួយដូចគ្នាដែរ ប៉ុន្ដែជាប្រភេទអាវុធវែងទុកនៅក្នុងរថយន្ដ។ ប៉ុន្ដែពេលនោះ ប្រសិនបើអនុរក្សពន្ធនាគារ មានកាំភ្លើងកាន់នៅក្នុងដៃ ច្បាស់ណាស់នឹងមានការប៉ះទង្កិចគ្នាជាមួយក្រុមឧក្រិដ្ឋជន ហើយកាន់តែច្បាស់ទៀតនោះ គឺនឹងមានអ្នករងរបួស ឬអាចគ្រោះថ្នាក់ដល់អាយុជីវិតក៏ថាបាន។
ចំពោះមុខនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានអះអាងថា កម្លាំងនគរបាលជាតិ និងអនុរក្សពន្ធនាគារ នឹងបង្កើតការយកចិត្តទុកដាក់ឲ្យកាន់តែខ្ពស់បន្ថែមទៀត នៅពេលបញ្ជូនអ្នកជាប់ទោសទៅកាន់គោលដៅណាមួយ ដើម្បីទប់ស្កាត់ និងបង្ការមិនឲ្យមានបទល្មើសប្រភេទនេះកើតឡើងទៀតឡើយ។
សូមរំលឹកថា ខ្មាន់កាំភ្លើងមួយក្រុម ប្រដាប់ដោយអាវុធគ្រប់ដៃ និងមានតកាណុង បានសម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ ដែលមន្ដ្រីពន្ធនាគារបញ្ជូនទៅពេទ្យធ្មេញមួយកន្លែង។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ ចំណុចគ្លីនិចធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
សេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ មន្ដ្រីពន្ធនាគារចំនួន៤នាក់ បានបញ្ជូនពិរុទ្ធជនជនជាតិចិនខាងលើ ទៅគ្លីនិចធ្មេញ លុះពេលកំពុងអង្គុយចាំពេទ្យធ្វើធ្មេញ ស្រាប់តែមានជនមិនស្គាល់មុខ មានពាក់ស្រោមមុខ ស្រោមដៃ និងប្រដាប់ដោយអាវុធដែលតកាណុង បានភ្ជង់ទៅកាន់មន្ដ្រីពន្ធនាគារ ហើយជនសង្ស័យបានចូលទៅរំដោះអ្នកទោសចេញទៅបាត់។ ពេលធ្វើសកម្មភាពនោះ ក្រុមខ្មាន់កាំភ្លើងបានយកខ្សែរូតចងរឹតដៃមន្ដ្រីពន្ធនាគារ ចំនួន៤នាក់ថែមទៀត។
ក្រោយរំដោះក្រុមខ្មាន់កាំភ្លើង បានឡើងជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 330 ពណ៌ផ្សេងបារី ពាក់ផ្លាកលេខភ្នំពេញ2AA-4315 គេចខ្លួនបាត់ស្រមោល។ រំលងបានប៉ុន្មានម៉ោងក្រោយ រថយន្ដដែលជិះធ្វើសកម្មភាពនោះ ត្រូវបានគេប្រទះឃើញយកទៅផ្លុងចោល។ ក្នុងនោះសមត្ថកិច្ចជំនាញប្រទះឃើញ កាំភ្លើងខ្លីចំនួន៥ដើម និងសម្ភារមួយចំនួនទៀត។ ពិរុទ្ធជនដែលជាមេក្លោងត្រូវបានរំដោះទៅនោះ ឈ្មោះ Chen hsin han អាយុ៤៥ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ជាប់ទោសពាក់ព័ន្ធករណីគ្រឿងញៀន ដែលចំនួនទោសជាង៥០ឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here