អភិបាលខេត្តកំពង់ចាម​ អះអាងថា​ គ្រោង​ធ្វើ​ការ​អភិវឌ្ឍន៍​កសាង​ច្រាំង​ទន្លេ​អុំ​​ ឱ្យ​ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍​ អាច​ជិះ​ទូក​លេង​កម្សាន្ត​បាន​ ​

0
55


កំពង់ចាម​ ៖​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានអះអាងថា​ រដ្ឋបាល​ខេត្ត​​គ្រោង​ធ្វើ​ការ​ពង្រីក​ផ្លូវ​ និង​កសាង​​ច្រាំង​ទន្លេ​អុំ​ជា​បេតុង​ ធ្វើ​យ៉ាងណា​ឱ្យ​ទន្លេ​អុំ​មាន​ទឹក​កម្ពស់​យ៉ាង​តិច​ ៣ម៉ែត្រ​ ដែល​យេីង​អាច​ជិះ​ទូក​លេង​កម្សាន្ត​បាន​ ពោលគឺ​ត្រូវ​ធ្វើការ​អភិវឌ្ឍន៍​​ទន្លេ​អុំ​ ក្រុងកំពង់ចាម​ ឱ្យ​ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍​​ ក្នុង​ឆ្នាំ​២០២៤​​ខាងមុខ​នេះ​ ការ​ថ្លែង​បែប​នេះ​ក្នុង​កិច្ចប្រជុំសាមញ្ញលើកទី៥១​ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​១០ ខែសីហា ឆ្នាំ២០២៣​ ។

ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ គិតមកដល់ពេលនេះ ពិធីបុណ្យចេញព្រះវស្សា គឺនៅសល់ពេលប្រមាណជាង ២ខែ ប៉ុណ្ណោះ ។ យ៉ាងណាមិញ នាឱកាសអបអរសាទរពិធីបុណ្យចេញព្រះវស្សា នាឆ្នាំ២០២៣ នេះដែរ រដ្ឋបាលខេត្ត គ្រោងនឹងរៀបចំពិធីអធិកអធ័ម ដោយរៀបចំការតាំងពិពណ៌បង្ហាញផលិតផលក្នុងខេត្ត និងការប្រណាំងទូក បណ្ដែតប្រទីប អុចកាំជ្រួច រយៈពេល ២ថ្ងៃ ដើម្បី បង្កបរិយាកាសសប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋយើង ក៏ដូចជា ការអបអរសាទរ បន្ទាប់ពីយើងបានដំណើរការបោះឆ្នោត ដោយជោគជ័យ នាពេលថ្មីៗកន្លងទៅនេះ ផងដែរ ។ ទន្ទឹមនឹងនោះដែរ នាឱកាសអបអរសាទរបុណ្យចេញព្រះវស្សា នាឆ្នាំនេះដែរ យើងក៏លើកទឹកចិត្តឲ្យទូកល្បីៗ ទាំងក្នុង និងក្រៅខេត្ត បានចូលរួមប្រណាំងប្រជែង ដើម្បី ប្រជាពលរដ្ឋទស្សនាកំសាន្ត ។ ជាមួយគ្នានោះដែរ បន្ទាប់ពីការជួបជុំប្រណាំង នៅទីនេះហើយនោះ ទូកដែលឈ្នះ ឬទូកដែលមានលទ្ធភាព នឹងយកទៅប្រណាំងប្រជែង ជាលក្ខណៈកម្រិតជាតិ នៅឯរាជធានីភ្នំពេញ ផងដែរ ។ ដូច្នេះ សូមឲ្យរដ្ឋបាលខេត្ត ក៏ដូចជា ស្ថាប័នជំនាញ រួមគ្នាគិត និងលើកផែនការគ្រោង ឲ្យបានហ្មត់ចត់ និងដោយការយកចិត្តទុកដាក់បំផុត ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ខ្លូត​ ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកយកសេចក្កី ព្រាងរបៀបវារៈសំខាន់ៗ មកពិភាក្សា រួមមាន៖​ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំ​ ខែកក្កដា និងទិសដៅការងារប្រចាំខែសីហា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម។
៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងស្តីពីការរៀបចំ​គម្រោងចំណូល-ចំណាយថវិការបស់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់ឆ្នាំ២០២៤។
៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងស្តីពីការរៀបចំគម្រោងចំណូល-ចំណាយថវិកា របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម សម្រាប់ឆ្នាំ២០២៤​ ។

LEAVE A REPLY

Please enter your comment!
Please enter your name here