ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អះអាងថា​ បំណងប្រថ្នារបស់​ពលរដ្ឋ​ គឺបោះឆ្នោត​ដើម្បី​បាន​ថែរក្សា សន្តិភាព បន្តជម្រុញការអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួន

0
72


ដោយ លឹមសិលា
កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល និង​ជា​ប្រធានគណៈកម្មាធិការគណបក្សខេត្ត​កំពង់ចាម​​ បានអះអាងថា​ បំណងប្រថ្នាដ៏ពិសិដ្ឋរបស់​ប្រជាពលរដ្ឋ​ គឺបោះឆ្នោត​ដើម្បី​បាន​ថែរក្សា សន្តិភាព បន្តជម្រុញការអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួន ឱ្យ​កាន់តែប្រសើរឡើងឥតឈប់ឈរ ការ​ថ្លែង​បែប​នេះ​កិច្ច​ប្រជុំ​បូកសរុប​ និង​វាយតម្លៃ​ការងារ​បោះឆ្នោត​ជ្រេីសតាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៧​ ឆ្នាំ​២០២៣​ នាព្រឹកថ្ងៃទី​៩​ ខែសីហា​ ឆ្នាំ​២០២៣​ ។

ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានប្រព្រឹត្តទៅ ប្រកបដោយជោគជ័យ មានសន្តិសុខ សណ្ដាប់ធ្នាប់ល្អ ប្រជាជនបានចេញទៅបោះឆ្នោត ដោយសេចក្ដីរីករាយ គ្មានការគម្រាមកំហែង គ្មានអំពើហិង្សា ដែលមានប្រជាជនចំនួនសរុប ៥៥៦,០៦៩ នាក់ ស្មើ ៨៥,២ ២ % នៃប្រជាជនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ចេញទៅបោះឆ្នោត ។ សមាជិកបក្ស បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាចំនួន ៤៤៧,៥០០នាក់ ស្មើ ៨៤.៩៩% នៃសមាជិក គណបក្សសរុប ចំនួន ៥២៦,៨១០នាក់  ។
ប្រៀបធៀបសម្លេងគាំទ្រគណបក្សប្រជាជនកម្ពុជា ឆ្នាំ២០២៣នេះ ទៅនឹងការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ ដែលមានសម្លេងគាំទ្រ ៣៣៩,២៧៩ កើនបាន ៧៦,៥៩៧ សម្លេង ស្មើអត្រា ១៨.៤២%  ។
ជាមួយគ្នានោះ​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ចាម បាន​ថ្លែង​នូវ​ការ​កោតសរសើរ និងវាយ​តម្លៃ​ខ្ពស់ចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារគណបក្ស​ ចុះមូលដ្ឋានខេត្តកំពង់ចាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ពេលវេលា ប្រាជ្ញាស្មារតី ធនធាន សម្ភារ និងថវិកាផ្ទាល់ខ្លួន ចុះបំពេញភារកិច្ចយ៉ាងសស្រាក់សសាំ ជាប្រចាំ ដោយមិនខ្លាចនឿយហត់ប្រកបដោយការទទួលខុសត្រូវខ្ពស់ ពីដំណាក់កាលចាប់ផ្តើមរហូតដល់ចប់ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ និង ចូលរួមបោះឆ្នោតនាថ្ងៃទី២៣ កក្កដា ដោយមានបងប្អូនលោកតា លោកយាយ ក្មួយៗទាំងអស់ បានយល់ដឹង និងជ្រួតជ្រាបអំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និង​ធ្វើឱ្យបងប្អូនយើងប្រើប្រាស់នូវសិទ្ធិរបស់ខ្លួន បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ គួរជាទីពេញចិត្ត​ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here