ក្របី​ឃេីញ​ទូក​មាន​រូប​ភ្នែកដូចសត្វក្រពើ​ ផ្អើលរត់ជាន់គ្នាលង់ទឹកងាប់​អស់​១៩ក្បាល​ នៅ​ស្រុក​ជេីងព្រៃ​

0
64

កំពង់ចាម​ ៖​ ម្ចាស់ក្របីបានប្រើទូកជ័រជាច្រើនគ្រឿងសម្រាប់កៀងក្របី ហើយទូកនោះមានរចនារូបភ្នែក (មើលទៅដូច​ជា​រូបសត្វក្រពើ) ដែលធ្វើឱ្យក្របីផ្អើលរត់​ជាន់​គ្នា​លង់ទឹកងាប់​អស់​ ១៩ក្បាល​ ហេតុការណ៍​នេះ​បាន​កើត​មាន​ឡេីង​ កាលពី​វេលាម៉ោង​៥​ និង​៣០នាទីល្ងាច​ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣​ នៅ​ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

អាជ្ញាធរ​ឃុំ​ផ្តៅជុំ​ បានឱ្យដឹងថា​ ដោយប្រជាពលរដ្ឋជាម្ចាស់ក្របីបានប្រលែងក្របីជាហ្វូងដើម្បីសុីស្មៅនៅចំណុច អ្នកតាប៉ោ ស្រុកកងមាស ប៉ុន្តែដោយសារប៉ុន្មានថ្ងៃនេះទឹកទន្លេចាប់ផ្តើមឡើងខ្លាំងធ្វើឱ្យលិចតំបន់នោះ ហេតុនេះម្ចាស់បាននាំគ្នាដេញក្របីឆ្លងទឹកព្រែកកំពង់រាំង មកទីទួលនៅភូមិចាំនាង និងភូមិផ្តៅជុំកើត ឃុំផ្តៅជុំ ស្រុកជើងព្រៃ ដែលមានព្រំប្រទល់ជាប់គ្នាវិញ។

អាជ្ញាធរ​ បាន​បន្ត​ថា​ មូលហេតុដែលបណ្តាលឱ្យក្របីងាប់មកពីត្រើយម្ខាងទៅត្រើយម្ខាងទៀត មានចម្ងាយឆ្ងាយ (មិនក្រោម៣គីឡូ) ធ្វើឱ្យក្របីអស់កម្លាំងហែលទឹក និងម្យ៉ាងទៀតវិញម្ចាស់ក្របីបានប្រើទូកជ័រជាច្រើនគ្រឿងសម្រាប់កៀងក្របី ហើយទូកនោះមានរចនារូបភ្នែក (មើលទៅដូចរូបសត្វក្រពើ) ដែលធ្វើឱ្យក្របីផ្អើល លង់ទឹកងាប់តែម្តងទៅ។

អាជ្ញាធរ​បាន​បញ្ជាក់​ថា​ ចំពោះក្របីដែលងាប់ទាំងអស់មានចំនួន១៩ក្បាល ក្នុងនោះ៤ក្បាលជារបស់ប្រជាពលរដ្ឋរស់នៅភូមិចាំនាង និង១៥ ក្បាលទៀតជារបស់ប្រជាពលរដ្ឋរស់នៅភូមិផ្តៅជុំកើត ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here