ថ្នាក់ដឹកនាំសាខាសមាគមន៍នារីខេត្តកំពង់ចាម នាំយកទៀនព្រះវស្សា និងទេយ្យទាន​ ប្រគេន ដល់ព្រះសង្ឃ នៅវត្តជោតិការាម បឹងកាចូត ស្រុកស្ទឹងត្រង់

0
77


កំពង់ចាម​:​ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម និងលោកជំទាវ ប៉ាង ដានី ប្រធានប្រតិបត្តិ ដឹកនាំសមាជិកា សមាគមនារីខេត្ត នាព្រឹកថ្ងៃទី​៣ ខែសីហា ឆ្នាំ២០២៣​ បាន​អញ្ជើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្ត ជោតិការាម បឹងកាចូត ស្ថិតនៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ដោយមានការ អញ្ជើញចូលរួមពីសំណាក់ លោកជំទាវ សមាជិកព្រឹទ្ធសភា-រដ្ឋសភា លោកជំទាវសមាជិកក្រុមប្រឹក្សខេត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត ។

នាឱកាសនោះដែរលោក ជំទាវ ញូង ចរិយា អ៊ុន ចាន់ដា បាននាំយកនូវទៀនចំណាំវស្សា ទេយ្យទាន និងបច្ច័យ វេរប្រគេនដល់ព្រះសង្ឃ ដើម្បី ចូលរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃគង់ ក្នុងវត្ត ទុកជាប្រទីបបំភ្លឺ សម្រាប់រៀនសូត្រធម៌ វិន័យផ្សេងៗ នារដូវកាលចូលកាន់ព្រះវស្សា អស់កាលត្រីមាស ដែលក្នុងនោះ រួមមាន ៖ អង្គរ ១០០គីឡូក្រាម ,ទៀនចំណាំព្រះវស្សា ០១គូរ ,ស្លាដក់ ០១គូ ,ទឹកសុទ្ធ ១០កេស, ភេសជ្ជះ ១០កេស, មី ០១កេសធំ ,ទឹកត្រី ០៥យួរ ,ទឹកស៊ីអ៊ីវ ០៥យួរ, តែ ០១កញ្ជប់ធំ, ស្ករស ៩៥កញ្ជប់ ,និងថវិកាសាខាសមាគមនារីខេត្ត ចំនួន ៤លាន រៀល និងបច្ច័យបួន ចំនួន ២៤ ម៉ឺនរៀល ប្រគេនដល់ព្រះសង្ឃផងដែរ។

គួរកត់សម្គាល់ដែរថា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយមានសារៈសំខាន់ នៅក្នុងព្រះពុទ្ធសាសនា ដែលជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេរ បានរៀនធម៌ និងវិន័យ យ៉ាងខ្ជាប់ខ្លួន តាមពុទ្ធឱវាទ ។ អ្នកមានជំនឿ ទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យនេះ ដោយនាំយកជាសាដក់ អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃ តាមលទ្ធភាព ។ សម្រាប់វត្តអារាមនីមួយៗ នាក្នុងរយៈពេល ៣ខែ ជាពិសេស ក្នុងរដូវធ្លាក់ភ្លៀង គឺមិនអនុញ្ញាតឲ្យព្រះសង្ឃ និមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ ពោលគឺ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជា ឪពុកម្តាយឈឺធ្ងន់ ឬនិមន្តទៅសម្ដែងធម៌ ជាដើម តែត្រូវតាំងចិត្តវិលត្រលប់មកវិញ ក្នុងរយៈពេល ៧ថ្ងៃ ។ តាមទំនៀម បុណ្យចូលព្រះវស្សានេះដែរ តែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ គឺចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ ១៥កើត ខែអស្សុជ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here