ឯកឧត្តម គន់ សុភា ៖​ ដើម្បីចូលរួម កាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយ គឺចាំបាច់ត្រូវមាន ផែនការត្រៀមបម្រុងឆ្លើយតប គ្រោះអាសន្នជាមុន​

0
76


ដោយ លឹម សិលា
កំពង់ចាម​:​ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន​គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម​ បានថ្លែងថា​ ដើម្បីចូលរួម កាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយ គឺ ចាំបាច់ត្រូវមាន ផែនការត្រៀមបម្រុងឆ្លើយតប គ្រោះអាសន្នជាមុន និងត្រូវធ្វើបច្ចុប្បន្នភាពឲ្យបាន ស្របតាមស្ថានភាពជាក់ស្តែង និងបទពិសោធន៍ ដែលធ្លាប់ទទួលរង ផលប៉ះពាល់ ដោយឆ្លុះបញ្ចាំពីផលវិបាកដ៏អាក្រក់ដែលកើតមានចំពោះ ប្រជាពលរដ្ឋ សហគមន៍ ជាពិសេសក្រុមជនងាយរងគ្រោះ រួមមាន៖ កុមារ ជនពិការ ចាស់ជរា ប្រជាពលរដ្ឋក្រីក្រ។​ ការថ្លែង​បែប​នេះក្នុងកិច្ចប្រជុំ ធ្វើបច្ចុប្បន្នភាពសៀវភៅផែនការត្រៀមបម្រុងឆ្លើយតបគ្រោះទឹកជំនន់ ខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​៣ ខែសីហា ឆ្នាំ២០២៣​ ។ ​

ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ​ តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត​ បានថ្លែងថា​ ខេត្តកំពង់ចាម ក៏មិនខុសពីបណ្តារាជធានី ខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់ជួបប្រទះគ្រោះមហន្តរាយធំៗ ដូចជា៖ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ រន្ទះបាញ់ ជំងឺឆ្លង រាតត្បាត ការបាក់ស្រុតច្រាំងទន្លេជាដើម។ មុខសញ្ញាគ្រោះថ្នាក់ទាំងនេះ បានកើតឡើង ជាញឹកញាប់ និងមានវិសាលភាព ដែលបណ្តាលឲ្យបាត់បង់អាយុជីវិតមនុស្ស សត្វ ខូចខាត ហេដ្ឋារចនាសម្ព័ន្ធ សាធារណៈ ប៉ះពាល់ដល់ ការអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គម។

ជាមួយគ្នានោះ​ ឯកឧត្តម គន់ សុភា ក៏​បានណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ឲ្យ​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់​ កម្រិតធនធានរបស់របស់មន្ទីរ-អង្គភាពជុំវិញខេត្ត ក្នុងការត្រៀម ឆ្លើយតបនឹងគ្រោះអាសន្ន​ ត្រូវ​​ផ្ទៀងផ្ទាត់ផលប៉ះពាល់នៅតាមភូមិ ឃុំ-សង្កាត់ និងក្រុង-ស្រុក ដោយផែ្អកលើ ចំនួនប្រជាសាស្ត្រ និងធនធាន ហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលមាននៅតាមមូលដ្ឋាន​នីមួយៗ​ លេីសពីនោះ​ត្រូវ​ផ្ទៀងផ្ទាត់​បញ្ជីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់​ ហើយ​ត្រូវ​​ធ្វើ​បច្ចុប្បន្នភាពទិន្នន័យទីទួលសុវត្តិភាពដែលមាននៅតាមមូលដ្ឋាន ព្រមទាំង​​ត្រួតពិនិត្យអំពីទម្រង់នៃការរាយការណ៍ និងអន្តរាគមន៍ឆ្លើយតប ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅកាត់បន្ថយផលប៉ះពាល់លើជីវិតមនុស្ស សត្វ និងហេដ្ឋារចនាសម្ព័ន្ធនានា​ ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here