ថ្នាក់ដឹកនាំខេត្តកំពង់ចាម នាំយកទៀនព្រះវស្សា និង​ទេយ្យទាន​​ ប្រគេនដល់ព្រះសង្ឃគង់នៅវត្តចំនួន៤ ក្នុងក្រុងកំពង់ចាម

0
71


ដោ លឹម សិលា
កំពង់ចាម​:​​ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញូង ចរិយា ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិក​​ក្រុមប្រឹក្សា​ខេត្ត​ អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត នាព្រឹកថ្ងៃទី​២​ ខែសីហា​ ឆ្នាំ​២០២៣​ នេះ​ បាននាំយកទៀនចំណាំព្រះវស្សា និង​ទេយ្យទាន​ ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា​នៅ​វត្តចំនួន​ ៤ ស្ថិតក្នុងក្រុងកំពង់ចាម រួមមាន ៖ វត្តខេមវ័នបឹងស្នាយ វត្តសុទស្សនារាមជ្រោយថ្ម វត្តបុទុមតរនៈតីដុះ និងវត្តជោតនារាមបឹងកុក ដោយក្នុងវត្តៗ ទៀនចំណាំព្រះវស្សា ១គូ អង្ករ ១៥០គីឡូក្រាម ទឹកសុទ្ធ ៥កេស ភេសជ្ជៈ ចំនួន ១០កេស ត្រីខ ១កេស ទឹកត្រី ១០យួរ ទឹកស៊ីអ៊ីវ ១០យួរ មី ១កេស ទឹកដោះគោខាប់ ១កេសធំ ស្ករស ១០គីឡូ តែ ១០គ.ក្រ និងបច្ច័យចំនួន ៣.៤៨០.០០០រៀល ។ ក្រៅពីនោះ ឯកឧត្ដម និងលោកជំទាវ ក៏បានប្រគេន ព្រះសង្ឃ ចំនួន ៧អង្គ ក្នុង ១អង្គ ទេយ្យវត្ថុ ១សម្រាប់ ចង្ហាន់ ១ស្រាក់ ផ្លែឈើ ១កន្រ្តក និងបច្ច័យចំនួន ១០ម៉ឺនរៀល​ផងដែរ​ ។

ក្នុងឱកាសនោះ ឯកឧត្តម ខ្លូត ផន ឯកឧត្តម អ៊ុន ចាន់ដា​ និងលោកជំទាវ ព្រមទាំង ក្រុមការងារ​ បានអុជធូប​ថ្វាយបង្គំ​ព្រះរតនត្រ័យ​ និងវេរប្រគេនទានព្រះវស្សា និងទ័យវត្ថុ ដល់ព្រះសង្ឃ ទៅតាមកិច្ចសាសនា ដោយបានឧទ្ទិសបួង​សួង​ សុំឲ្យ​វត្ថុ​សក្តិសិទ្ឋិ សូមជួយថែរក្សា​ប្រទេសកម្ពុជា ឲ្យមានភាពរីកចំរើន មានសន្តិភាព គង់វង្សជានិរន្តរ៍តរៀងទៅអនាគត ។

បន្ទាប់មកព្រះសង្ឃ ក៏បាន​ធ្វើ​បទនម​សក្ការ​ប្រោះព្រំឲ្យពរឲ្យជ័យ សេរីសួស្តី ជ័យមង្គលជូនដល់ ឯកឧត្តម លោកជំទាវ និង​លោក លោកស្រី ពុទ្ធបរិស័ទ ពិសេស បានឧទ្ទិសកុសលដល់បុព្វការីជន មានមាតា បិតា ជីដូនជីតា ញាតិ្តការ​ទាំង ៧សណ្ដាន ព្រម​ទាំង​ ឧទ្ទិសបុណ្យកុសលដល់វីរៈយុទ្ឋជន យុទ្ឋនារី ដែលបានលះបង់ជីវិតក្នុងបុព្វ​ហេតុ​​ជាតិ មាតុភូមិ ផងដែរ ។
គួរកត់សម្គាល់ដែរថា តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ឋសាសនា ក្នុង ១ឆ្នាំ ព្រះសង្ឃត្រូវគង់ចាំព្រះវស្សាចំនួន ៣​ខែ​ ក្នុង​ទីវត្ត​អារាម គឺ ចាប់ពីថ្ងៃទី១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែ​អស្សុជ ដោយមិនអាចនិមន្ត​បិណ្ឌបាត​ទៅ​ទីណាឡើយ ។ ហេតុដូចនេះហើយ ទើបពុទ្ធបរិស័ទដែលមានសទ្ឋា​ជ្រះថ្លា​ក្នុងព្រះពុទ្ឋសាសនា តែងប្រគេនទានព្រះវស្សា និងទ័យវត្ថុផ្សេងៗ ទៅកាន់ទីវត្តអារាម​ ដើម្បី​ ព្រះសង្ឃបានអុជបំភ្លឺ និងមាន​ចង្ហាន់ របស់របរប្រើប្រាស់ ក្នុងកំឡុងពេលកាន់ព្រះវស្សា ៣ខែ នេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here