អភិបាលខេត្តកំពង់ចាម​ អំពាវនាវ​សូម​យកចិត្តទុកដាក់បន្តបង្កើនការបណ្តុះ និងដាំកូនឈើឲ្យបានច្រើនបន្ថែមទៀត​

0
71


ដោយ លឹម សិលា
កំពង់ចាម​:​ ក្នុងឱកាស​ប្រារព្ធ​ពិធី​រុក្ខទិវា នៅ​សាលា​អនុវិទ្យាល័យ​អន្លង់​អក​ ស្ថិត​ក្នុង​ឃុំ​អង្គបាន​ ស្រុក​កងមាស​ នាព្រឹក​ថ្ងៃទី​៣១ ខែកក្កដា​ ឆ្នាំ​២០២៣​នេះ​ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បានអំពាវនាវ​ដល់​ ព្រះមន្ត្រីសង្ឈ អង្គភាពនានា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ គ្រប់គ្រឹះ​ស្ថាន​​សិក្សា ទីអារាមទាំងអស់ និងបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប មេត្តាយកចិត្តទុកដាក់បន្តបង្កើនការបណ្តុះ និងដាំកូនឈើឲ្យបានច្រើន​បន្ថែម​ទៀត​ ពីមួយឆ្នាំទៅមួយឆ្នាំ ពោល​គឺ​ត្រូវដាំពូជឈើល្អៗគ្រប់ប្រភេទ ឲ្យបានកាន់តែច្រើនឡើង នៅលើ​​ដីទំនេរ ទីទួល ទីទំនាប តាមទីអារាម ស្ថាប័ន គ្រឹះស្ថានសិក្សា ភូមិដ្ឋាន និងតាមទីសាធារណៈផ្សេងៗ ឲ្យបានច្រើន​ផងដែរ​ ។ ​

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានអំពាវនាវដល់អង្គការជាតិ-អន្តរ​​ជាតិ ដៃគូរអភិវឌ្ឍន៍នានា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និង​អង្គភាពពាក់ព័ន្ធ​នានា​ សូម​បន្តកិច្ចសហប្រតិ​​បត្តិ​​​​ការ តាមគ្រប់រូបភាព ក្នុងការថែរក្សាធនធានព្រៃឈើ និងដាំកូនឈើឲ្យបានជាអតិបរមា ពីព្រោះថាដើមឈើដែល​បាន​ដុះដាល រីកចម្រើនច្រើន វា​​ជាពហុប្រយោជន៍​ និងបានបំពេញនៅលើដីទំនេរឲ្យមានគម្របព្រៃឈើ​ ។ ចំពោះ​ការគ្រប់គ្រងព្រៃឈើ ទាំងព្រៃធម្មជាតិ ទាំងព្រៃដាំ និងការអភិវឌ្ឍន៍​ក្នុងវិស័យព្រៃឈើ ត្រូវមានការចូលរួមជាចាំបាច់ពីគ្រប់ភាគីទាំងអស់ ជាពិសេសប្រជាពលរដ្ឋមូលដ្ឋាន ។

ជាមួយគ្នា​នោះ​ ឯកឧត្តម​អភិបាល​ខេត្ត​ ក៏បានសង្កត់​ធ្ងន់ថា​ ការដាំដើមឈើនាពេលនេះ ជាការបណ្ដុះនូវគំនិតយុវជន ប្រជាពលរដ្ឋទាំងអស់ ឲ្យស្រឡាញ់ថែរក្សា និងបន្តការដាំដុះដើមឈើ​ក្នុង​សហគមន៍​ ដូច្នេះ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ ជាពិសេស​អាជ្ញាធរ​មូលដ្ឋាន​ ចូលរួម​ការពារ​ថែរក្សា​ទុក​ជាមរតកសម្រាប់​ឲ្យ​កូនចៅ​ជំនាន់ក្រោយ​ ពីពោះថា​ ​នៅតាមវត្តអារាម សាលារៀន សួនច្បារ មានដើមឈើច្រើននោះ វានឹងធ្វើឲ្យក្លាយទៅជារមណីយដ្ឋាន ក្លាយជាតំបន់ទេសចរណ៍ និងសាលារៀនមានទីធ្លាប្រកបដោយម្លប់ឈើត្រឈឹងត្រឈៃ ជាទីមនោរម្យសម្រាប់សិស្សានុសិស្ស សម្រាករៀនសូត្រ និងលេងកំសាន្ត​ផងដែរ​ ។

បើតាម លោក ស៊ឹម ថាវរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានឱ្យដឹងថា​ ការប្រារព្ធពិធី រុក្ខទិវាថ្ងៃនេះ បានកំណត់យកទីតាំងនៅអនុវិទ្យាល័យអន្លង់អក ស្ថិតក្នុងភូមិអន្លង់អកកើត ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម ដើម្បី ប្រារព្ធពិធី រុក្ខទិវា ថ្នាក់ខេត្ត ដែល​បាន​ជ្រើសរើសយកប្រភេទឈើល្អៗ មានតម្លៃ​សម្រាប់​ដាំដុះ​ និងចែកជូនប្រជាពលរដ្ឋយមទៅដាំនៅកន្លែងផ្សេងៗសរុបចំនួន ២.៥០០ ដើម ជាប្រភេទកូនគ្រញូងចំនួន១៥០ដើម កូនបេងចំនួន៨០ដើម កូនធ្នង់ចំនួន១៧០ដើម កូនគគីរចំនួន ១០០ដើម និងកូនក្ងោកចំនួន២០០០ដើម ៕

LEAVE A REPLY

Please enter your comment!
Please enter your name here