អភិបាលខេត្តកំពង់ចាម​ ណែនាំ​មន្ត្រី​​ឱ្យ​បន្តយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋាន ក្នុងអំឡុងពេលអន្តការនៃការបង្កើតរាជរដ្ឋាភិបាលនីតិកាលទី៧

0
61


ដោយ លឹម សិលា
កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា​ បានណែនាំ​ដល់គណៈបញ្ជាការឯកភាព​រដ្ឋបាល​ក្រុង ស្រុក ត្រូវបន្តយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋាន ក្នុងអំឡុងពេលអន្តការនៃការបង្កើតរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយត្រូវទប់ស្កាត់ការជ្រៀតចូលពីសំណាក់ក្រុមជ្រុលនិយម ពិសេសត្រូវរក្សាបាននូវស្ថានភាពសន្តិសុខ សណ្ដាប់ធ្នាប់ឱ្យបានល្អ​។ ការ​ថ្លែង​បែប​នេះ​ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តកំពង់ចាម ប្រចាំឆមាសទី១​ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣​ ។

ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ប្រធាន​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ បានណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ឱ្យ​បន្តពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងទប់ស្កាត់រាល់បទល្មើសគ្រប់រូបភាព ការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ ការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ និងបទល្មើសផ្សេងៗទៀត​ ជាពិសេស​ត្រូវ​​អនុវត្តផែនការយុទ្ធនាការ បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន​ផងដែរ​ ។

ឯកឧត្ដមអភិបាលខេត្ត​ បានបន្ត​ថា​ ​បញ្ហាល្បែងស៊ីសងជាដើមចមបង្ក​ឱ្យ​មានអសន្តិសុខនៅក្នុងមូលដ្ឋាន និងសង្គម ហេតុនេះត្រូវរួមគ្នាដើម្បីបង្ក្រាប ហើយត្រូវប្តេជ្ញាធ្វើយ៉ាងណា​ ឱ្យ​ល្បែងស៊ីសងមានការថមថយនឹងឈានទៅដល់លុប បំបាត់ទាំងស្រុងនៅមូលដ្ឋាន​ ដើម្បីជំរុញ​ និងលើកកម្ពស់ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព សំដៅលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការ​ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា​ នៅតាមមូលដ្ឋាន ពិសេស ការជួញដូរចែកចាយប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋាន អំពើហិង្សាក្នុងគ្រួសារ ក្រុមក្មេងទំនើង និងបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋាននានាទូទាំងខេត្ត​ ។

ជាមួយគ្នានោះ​ ​ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានណែនាំ​ដល់គណៈបញ្ជាការឯកភាព​រដ្ឋបាលក្រុង-ស្រុក ត្រូវបន្តយកចិត្តទុកដាក់ លើកត្តាបម្រែបម្រួល អាកាសធាតុ ពិសេសនៅក្នុងរដូវវស្សានេះ ចំពោះកត្តាគ្រោះមហន្តរាយដែលអាចកើតមានជាយថាហេតុ នៅក្នុងភូមិសាស្ត្ររបស់ខ្លួន សំដៅធ្វើយ៉ាងណា ចុះដោះស្រាយបន្ទាន់ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលរងគ្រោះ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here