អាជីវករ​ក្នុង​ផ្សារ​បឹងកុក​ សំណូមពរ​ដល់​អ្នក​លក់ដូរ​នៅ​មុខ​ផ្សារ​ អនុវត្ត​តាម​ការ​រៀបចំ​របស់​គណៈ​អាជីវករ​ សូម​កុំ​ចុះ​លក់ដូរ​នៅ​លេី​ផ្លូវថ្នល់​

0
50


កំពង់ចាម​:​ បងប្អូន​អាជីវករ​ក្នុង​ផ្សារ​បឹងកុក​ បាន​សំណូមពរ​ដល់​អ្នក​លក់ដូរ​ផ្សេងៗ​ ជាពិសេស​អ្នក​លក់​​ត្រី​ បន្លែ​ សាច់​​ នៅ​មុខ​ផ្សារ​ មេត្តា​​អនុវត្ត​​តាម​ការ​រៀបចំ​របស់​គណៈកម្មការ​អាជីវករ​ សូម​កុំ​​ចុះ​លក់ដូរ​នៅ​លេី​​ផ្លូវថ្នល់​ ជៀសវាងបាតុភាពរញ៉េរញ៉ៃ​គ្មាន​សណ្តាប់​ធ្នាប់​ រហូត​កក​​ស្ទះ​ចរាចរណ៍​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៀត​ផង​ ការ​លេីក​ឡើង​បែប​នេះ​បន្ទាប់​ពី​ក្រុម​អ្នក​សារព័ត៌មាន​ចុះ​ផ្តិត​យក​ទិដ្ឋភាព​ជុំវិញ​ផ្សារ​បឹងកុក​ ក្រុងកំពង់ចាម​ នាព្រឹកថ្ងៃទី​១៩​ ខែកក្កដា​ ឆ្នាំ​២០២៣​ ។

អាជីវករ​បាន​លេីក​ឡើង​ទៀត​ថា​ បេី​គ្មាន​កន្លែង​ដាក់​ផ្ញើ​ម៉ូតូ​ទេ​​នោះ​​ ក៏​គ្មាន​អ្នក​មក​ផ្សារ​​ទិញ​ឥវ៉ាន់​ដែរ​ បើ​ផ្សារ​មួយ​​ទាំង​មូល​ពោពេញ​ទៅ​ដោយ​​សភាព​រញ៉េរញ៉ៃ​ ​ពុំ​មាន​សណ្តាប់​ធ្នាប់​ល្អ​នោះ​ គ្មាន​ប្រជាពលរដ្ឋ​ណា​ គេ​ចង់​ចូល​មក​ទិញ​ឥវ៉ាន់​យេីង​នោះទេ​ ដូច្នេះ​សូម​ឱ្យ​​បងប្អូន​ដែល​ធ្លាប់​លក់ដូរ​នៅ​តាម​ផ្លូវថ្នល់​​ មេត្តា​ស្តាប់​តាម​ការ​រៀបចំ​របស់​គណៈ​អាជីវករ​ សូម​ឡើង​មក​លក់​នៅ​ក្នុង​ផ្សារផង​​ទៅ​ ព្រោះ​បងប្អូន​សុទ្ធសឹងតែ​មាន​តូប​លក់​ដូរ​ក្នុង​ផ្សារ​ហើយ​ កុំ​ដាក់​អារម្មណ៍​ថា​នៅ​តាម​ផ្លូវ​ទេីប​​លក់​ដាច់​អី​ លក់​ក្នុង​ផ្សារ​ក៏​លក់​ដាច់​ដូច​តែ​គ្នា​ទេ​ ហើយ​មាន​សុវត្ថិភាព​ទៀត​ផង​ ។

បើ​តាម​លោក​ស្រី​ ឡុង​ ឆៃ​អ៉ី​ ប្រធាន​គណៈ​អាជីវករ​ផ្សារ​បឹងកុក​ បានឱ្យដឹងថា​ ផ្សារ​បឹងកុក​មាន​អ្នក​​លក់ដូរ​ ចំនួន​ ២វេន​ គឺ​អ្នក​លក់​ពេល​យប់​ និង​លក់​ពេល​ព្រឹក​ ខណៈ​​អ្នក​លក់​ពេល​យប់​ ​ភាគ​ច្រើន​លក់​បោះដុំ​ ត្រី​ បន្លែ​ សាច់​ ជូន​អាជីវករ​នៅ​តាម​បណ្ដា​ស្រុក​នានា​ ចាប់ពី​ម៉ោង​ ​១២យប់​ ​ដល់​ម៉ោង​ ​៦​ព្រឹក​ ហើយ​រហូត​​ដល់​ម៉ោង​ ៦,៣០នាទី​ព្រឹក​ ទេីប​គណៈ​អាជីវករ​ រៀបចំ​អ្នក​លក់​វេន​យប់​ ​​ឱ្យ​ឡើង​លក់​នៅ​ខាង​លើ​ ពោល​គឺ​មិន​មែន​ដេញ​អ្នក​លក់​កញ្ច្រែង​ល្អី​មិន​ឱ្យ​លក់​ទេ​ ហើយ​អ្នក​លក់​កញ្ច្រែង​ល្អី​ ក៏​យើង​រៀបចំ​ឱ្យ​មាន​កន្លែង​សម្រាប់​​​លក់​រហូត​ដល់​​ ៧២កន្លែង​ឯណោះ​ ប៉ុន្តែ​កន្លង​មក​ការ​រៀបចំ​នេះ​​ហាក់​ដូច​ជា​មិន​បាន​ផល​សោះ​ ដោយ​អ្នក​លក់​មួយ​ចំនួន​ចេះ​តែ​លួច​រំកិល​​ចុះ​ទៅ​ខាង​ក្រោម​វិញ​ បង្ក​ឱ្យ​មាន​ផល​លំបាក​ ការ​កកស្ទះ​នៅ​តាម​ផ្លូវ​ ។

លោក​ស្រី​ប្រធាន​គណៈ​អាជីវករ​ បាន​បញ្ជាក់​ថា​ កន្លង​មក​យើង​បាន​យក​កន្លែង​ផ្ញើ​ម៉ូតូ​ចាស់​នៅ​ខាង​លើ​ រៀបចំ​ជា​កន្លែង​សម្រាប់​លក់​ដូរ​ ជូន​បងប្អូន​អាជីវករ​ ជៀសវាង​ការ​លក់ដូរ​​អាណាធិបតេយ្យ​នៅ​តាម​ដង​ផ្លូវ​។ ដោយ​មាន​ការ​ឯកភាព​​ពី​អាជ្ញាធរ​ក្រុងកំពង់ចាម​ និង​ការ​គាំទ្រ​ពី​បងប្អូន​អាជីវករ​ចំនួន​ ៤២៣នាក់​ គណៈ​អាជីវករ​យើង​​ ក៏​បាន​រៀបចំ​សណ្តាប់​ធ្នាប់​ឱ្យ​មាន​ផ្លូវ​ធំទូលាយ​ឡេីងវិញ​ ដោយ​បាន​ដាក់​ម៉ូតូ​ជា​រនាំង​ការពារ​កុំ​ឱ្យ​មាន​ការ​លួច​រំកិល​ចុះ​ក្រោម​បន្ត​ទៀត​​ ព្រោះ​បើ​ដាក់​ដែក​ជា​រនាំង​មេីល​ទៅ​​វា​ដូចជា​អាក្រក់​ពេក​ ។ នេះ​មិន​មែន​ជា​ការ​បំពាន​ដោយ​យក​ផ្លូវថ្នល់​ធ្វើ​អាជីវកម្ម​នោះ​​ទេ​ គឺ​ជា​ដំណោះស្រាយ​រួម​សម្រាប់​​បងប្អូន​អាជីវករ​ទាំងអស់​ ក៏ដូចជា​អ្នក​ធ្វើ​ដំណើរ​ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here