អភិបាលខេត្តកំពង់ចាម​ ចុះ​ពិនិត្យវឌ្ឍនភាព​នៃ​ការសាងសង់ផ្លូវក្រាលកៅស៊ូ DBST ប្រវែង១២គីឡូម៉ែត្រ ក្នុង​ឃុំអូរស្វាយ​ និង​ឃុំស្រក ស្រុកកំពង់សៀម

0
36


ដោយ:ប៉ៃ លិន
កំពង់ចាម​:​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​១៤​ ខែកក្កដា​ ឆ្នាំ​២០២៣​នេះ​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃការ​សាងសង់ផ្លូវក្រាលកៅស៊ូDBST ១ខ្សែ ប្រវែង ១២គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ​៧១ ភូមិអន្លង់ស្នូក ឃុំអូរស្វាយ ដល់ភូមិល្ពាក ឃុំស្រក​ ស្រុកកំពង់សៀម​ ដើម្បី​​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការធ្វើដំណើរ ក៏ដូចជា​ការ​ដឹកជញ្ជូន​កសិផលទៅកាន់ទីផ្សារ សំដៅលើកកម្ពស់កម្រិតជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ។

លោក ប៊ិន ឡាដា អភិបាលស្រុកកំពង់សៀម​ បានឱ្យដឹងថា​ ស្រុកកំពង់សៀម ទទួលបានផ្លូវក្រាលកៅស៊ូប្រវែងសរុប ១១,៦០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ឆ្លងកាត់ឃុំអូរស្វាយមានប្រវែង ៦,០០០ម៉ែត្រ កាត់ចំនួន​ ៣ភូមិ គឺភូមិអន្លង់ស្នូក ភូមិអូរស្វាយ និងភូមិត្រពាំងកក់ ដែលមានប្រជាពលរដ្ឋ ៤,២៣៩នាក់ ស្មើនិង ៩៥១គ្រួសារ   និងឃុំស្រក មានប្រវែង ៥,៦០០ម៉ែត្រ​ កាត់ចំនួន​ ២ភូមិ គឺ ភូមិព្រៃគុយ និងភូមិល្ពាក មានប្រជាពលរដ្ឋ​ សរុប​ ៤,២៥៧នាក់ ស្មើនឹង ៩៩៧គ្រួសារ និងផ្លូវបេតុងអាមេចូលសាលាបឋមសិក្សាអន្លង់ស្នូក​ ប្រវែង ២២៤ម៉ែត្រ ទទឹង ៥ម៉ែត្រ ។

គួររំលឹក​ថា​ ក្នុង​ពិធី​បើកការដ្ឋាន​សាងសង់​ផ្លូវក្រាលកៅស៊ូ​ខាងលើ​ កាលពី​​ដើម​ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញដល់ក្រុមការងារបច្ចេកទេស​សាងសង់​ ធ្វើយ៉ាងណាត្រូវស្ថាបនាផ្លូវមួយខ្សែនេះ ឱ្យត្រូវតាមបទដ្ឋានបច្ចេកទេស និងត្រូវសម្រេចឱ្យបានរួចរាល់មុនផែនការ នៅមុនពេលបោះឆ្នោត​ ជ្រេីសតាំង​តំណាង​រាស្ត្រ​អាណត្តិ​​ទី​៧​ នាថ្ងៃទី​២៣ ខែកក្កដា​ ឆ្នាំ២០២៣នេះ ។

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទើបមានការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ដូចសព្វថ្ងៃនេះ ជាក់ស្ដែងការស្ថាបនាផ្លូវមួយខ្សែខាងលើនេះ ដែលជាសរសឈាមនៃសេដ្ឋកិច្ច​យ៉ាង​សំខាន់​ ដោយមានផ្លូវមានក្តីសង្ឃឹម ទីណាមានការអភិវឌ្ឍន៍ទៅដល់ ទីនោះតែង​តែមានការរីកចម្រើន ហេីយជីវភាពប្រជាពលរដ្ឋ កាន់តែប្រសើរឡើង​ជាបន្តបន្ទាប់​ ។

គួរកត់សម្គាល់ថា​ ក្នុង​ឱកាស​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​ខាងលើ​នេះ​ផងដែរ​ បងប្អូន​ប្រជាពលរដ្ឋ​ បាន​សំដែង​នូវ​អារម្មណ៍​សប្បាយ​រីករាយ​ទទួល​ស្វាគមន៍​ ឯកឧត្ដម​អភិបាលខេត្តកំពង់ចាម​ និង​ក្រុម​ការងារ​ទាំង​អស់​ ព្រោះ​យល់​ឃើញ​ថា​ សុខសន្តិភាព​ បាន​នាំ​មក​នូវ​ការ​អភិវឌ្ឍ​រីកចម្រើន​ជាបន្តបន្ទាប់​ ដូច្នេះ​គាត់​បាន​ប្តេជ្ញា​នាំ​គ្នា​ទៅ​បោះឆ្នោត​នាថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០៣​ ខាងមុខ​នេះ​ ដេីម្បី​ការពារ​សុខសន្តិភាព​ និង​នាំមក​នូវ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​បន្ត​ទៀត​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here