អាជ្ញាធរ​ស្រុកកងមាស​ អះអាងថា​ ការ​អនុញ្ញាត​ឱ្យ​សាងសង់​សំណង់​លេី​ដី​ចំណី​ព្រែក​ ក្នុង​ឃុំ​ស្តៅ​ គឺយោងលើកិច្ចសន្យា​ ដែលបម្រើ​ដល់​ផលប្រយោជន៍​រួម​របស់ប្រជាពលរដ្ឋ​

0
48


ដោយ,ប៉ៃ លិន
កំពង់ចាម​:​ លោក អឿន សុធាលី អភិបាល​រង​ស្រុក​កងមាស​ បានអះអាងថា​ ការ​ធ្វើ​សំណង់​លេី​ដី​ចំណី​ព្រែក​​ ស្ថិតនៅក្នុងភូមិអន្លង់គគីរ ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម​ រដ្ឋបាលស្រុក​ បានធ្វើកិច្ចសន្យាជាមួយ​ម្ចាស់​សំណង់​ ដោយ​ការធ្វើនេះ​ ដេីម្បី​​បម្រើ​ដល់​ប្រយោជន៍រួម​ មិនមែនជាប្រយោជន៍បុគ្គលទេ​ ព្រោះ​ក្នុងកិច្ចសន្យាគាត់បានអះអាងដែរ​ថា​ ការធ្វើនេះក្នុងករណីថ្ងៃក្រោយបើធ្វើ​ឱ្យ​ប៉ះពាល់ដល់សោភ័ណភាពសណ្ដាប់ធ្នាប់សាធារណៈ​ បរិស្ថាន​ និងការពង្រីកផ្លូវ​ គាត់សុខចិត្តប្រគល់ជូនអាជ្ញាធរចាត់ចែង​វិញ​ ពោលគឺ​ ការ​អនុញ្ញាត​ឱ្យ​គាត់សាងសង់នេះ​ គឺយោងលើកិច្ចសន្យាដែលគាត់បម្រើ​ដល់​ផលប្រយោជន៍​រួម​ របស់ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើដំណើរ​ រួមមានឃុំស្ដៅ ឃុំព្រែកកុយ និងឃុំរាយប៉ាយ​ ។

លោកអភិបាល​រង​ស្រុក​កងមាស​ បានឱ្យដឹងថា​ ដើមឡើយសំណង់នេះមានការសាងសង់ដែរ​ ប៉ុន្តែ​មិន​បាន​ធ្វើ​ទំហំ​ធំ​ដូច​នេះ​ទេ​ ព្រោះការ​សាងសង់​បំណងនេះគឺមានផលប្រយោជន៍ដល់​ប្រជាពលរដ្ឋ ចំណុច​សំខាន់​ទី​១​ គឺក្នុងនាមអាជ្ញាធរមិនបានអនុញ្ញាត​ ឬក៏លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋនៅក្នុងតំបន់​នេះ​សាងសង់​ជាសំណងនោះទេ​ ប៉ុន្តែ​ទាក់ទងនឹងសំណងមួយនេះ​ ដោយមានការស្នើសុំផ្ទាល់ពីម្ចាស់សំណង់​ គាត់បានស្នើសុំ​សាងសង់​ហ្នឹង​គ្រាន់តែក្នុងនាមបម្រើជាប្រយោជន៍រួម​ទីមួយ​ ទីពីរដីរបស់គាត់នៅជិតហ្នឹង​ កាលណាបើសិនជាគាត់បាន​សាងសង់​ទៅអាចជួយការពារកុំ​ឱ្យ​បាក់​ដាច់​​ផ្លូវ​សាធារណៈ​ និង​អាច​បាក់​ដល់ផ្ទះគាត់​ផងដែរ​ ។

បើតាម លោក ឡាយ សេងហុង មេឃុំស្តៅ បានឱ្យដឹងថា ផ្លូវមាត់ព្រែកនោះធ្លាប់រកនូវការបាក់ស្រុតចាប់តាំងពីឆ្នាំ ២០០២ មកម្លេះ ។ ជាមួយគ្នានោះអាជ្ញាធរឃុំ ធ្លាប់បានជួយចាក់ដីមាត់ព្រែកនោះរាប់រយឡានផងដែរ ប៉ុន្តែនៅតែទប់មិនឈ្នះ ។ លោកមេឃុំបញ្ជាក់ថា ប្រសិនបើគ្មានសំណង់ទប់ដីនោះទេ ផ្លូវនោះនឹងត្រូវបាក់ស្រុតទាំងអស់ និងត្រូវផ្អាកចរាចរណ៍ទាំងស្រុង បណ្ដាលឲ្យប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និងមកពីតំបន់ផ្សេងៗ ឆ្លងកាត់លែងបាន។

ដោយឡែក លោក ឡេះ ប៊ុល ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ស្រុកកងមាស​ បានឱ្យដឹងថា​ នេះ​គឺជាសំណង់ដែលសាងសង់នៅលើ​ដី​ចំណីព្រែក​ ដែល​​អាជ្ញាធរ​ ក៏​ដូចជា​មន្ត្រី​ជំនាញមិនបានចេញលិខិតអនុញ្ញាត​ឱ្យ​សាងសង់​នោះ​ទេ​ ប៉ុន្តែសំណងនេះពិតជា​មាន​ផលប្រយោជន៍​បម្រើ​ដល់សាធារណៈ ដែល​មិន​មែនពេល​ធ្វើ​រួច​ហើយ​ម្ចាស់​​យក​ធ្វើ​ជាកម្មសិទ្ធិផ្ទាល់ខ្លួនទេ តាមដែលខ្ញុំមកកាន់ជាប្រធានភូមិបាលស្រុកហ្នឹង​ គឺសំណង់​នេះ​សាងសង់​ ចំនួន​ ៣លើក​រួច​មកហើយ​ នេះជាលើកទី​៣ ព្រោះកាលពីលើកមុន​ៗ​ គឺវាមានលក្ខណៈតូច​ ហើយ​ក៏​បាក់​ចូលទៅក្នុងចំណី​ព្រែក​បាត់​ទៅ​ លេីក​នេះ​សាងសង់​មានលក្ខណៈរឹងមាំ​ ព្រោះ​មាន​វិស្វករ​ត្រឹមត្រូវ​ ប៉ុន្តែរដ្ឋបាលយើង​មិនបានចេញលិខិតអនុញ្ញា​ត​ផ្តល់​ជូន​គាត់​ទេ​ ហេីយ​យើងក៏បានធ្វើលិខិតមួយ​ ដើម្បីផ្អាកការ​សាងសង់​របស់គាត់ ប៉ុន្តែដោយសារមូលដ្ឋានត្រូវការ​ជា​ចាំបាច់​ផ្ទប់​ចំណី​ផ្លូវ​មិន​ឱ្យ​មានការ​បាក់​ស្រុត​ ឬក៏ដាច់ផ្លូវ​ ដែលបម្រើ​ឱ្យ​ប្រជាពលរដ្ឋចំនួន​ ៣ឃុំ​ នៅផ្នែកខាងក្រោម​ គឺសំណងនេះត្រូវតែធ្វើ​ ដើម្បី​ទប់​ដីកុំ​ឱ្យ​បាក់បន្តទៀត​ ​ហើយសំណងហ្នឹងគឺតាមពិតទៅគឺ ដូចជាសាលាឆទានអ៊ីចឹង​ ប្រជាពលរដ្ឋ​គាត់អាច​មក​ជ្រក​ មកស្នាក់អាស្រ័យបានពេល​មាន​ភ្លៀង​ ពេលក្តៅ​ ទោះជា​យ៉ាងណា​ជំនាញ​យេីង​មិនបានចេញលិខិតអនុញ្ញាតជូនគាត់ទេ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here