​ឧបនាយករដ្ឋមន្ត្រី​ យឹម​ ឆៃលី​ ចុះ​ពិនិត្យ​ស្ថានភាព​​នៃ​ការ​លក់ដូរ​ នៅ​​ផ្សារ​ធំ​ និង​ផ្សារ​បឹងកុក ខណៈ​អាជីវករ​ក្នុង​ក្រុងកំពង់ចាម​ បាន​ប្តេជ្ញា​ទៅ​បោះឆ្នោត​នាថ្ងៃទី២៣ កក្កដា​ ២០២៣ ខាងមុខនេះ

0
76


ដោយ លឹម សិលា
កំពង់ចាម​:​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិក គណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​១១​ ខែកក្កដា​ ឆ្នាំ​២០២៣​នេះ​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​នៃ​ការ​លក់ដូរ​ នៅ​ផ្សារ​ធំ​ និង​ផ្សារ​បឹងកុក​ ខណៈ​បងប្អូន​អាជីវករ​ផ្សារ​ទាំង​២​ ក្នុង​ក្រុងកំពង់ចាម​ បាន​ប្តេជ្ញា​នាំ​គ្នា​ទៅ​បោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧​ នាថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០៣​ខាងមុខ​នេះ​ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ យឹម​ ឆៃលី​ ​ បានសម្តែងនូវការគោរពដឹងគុណ និងសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ក្នុងខេត្តកំពង់ចាម ដែលតែងតែផ្តល់យុត្តិធម៌ និងការគាំទ្រយ៉ាងរឹងមាំគ្រប់ដំណាក់កាលបោះឆ្នោត ចំពោះការដឹកនាំរបស់ សម្តេច តេជោ ហ៊ុន សែន​ ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។ ទឹកចិត្ត និងឆន្ទៈដ៏ឧត្តុង្គឧត្តមនេះ ជាប្រភពកម្លាំងយ៉ាងធំធេង ធ្វើឱ្យគណបក្សប្រជាជនកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជនប្រកបដោយជោគជ័យ ក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ​ ។

ជាមួយគ្នានោះ​ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​​ប្រជាពលរដ្ឋ​ទាំងអស់​ សូម​បន្ត​​ចូលរួម​ការពារ​សុខសន្តិភាព​ ដេីម្បី​បន្ត​ការ​អភិវឌ្ឍ​រីកចម្រើន​ទៅ​មុខ​ទៀត​ ជាពិសេស​សូម​នាំគ្នា​ទៅ​បោះឆ្នោតតំណាងរាស្ត្រនីតិកាលទី៧ ដែល​នឹង​ឈានមកដល់ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ​ឱ្យ​បាន​គ្រប់​ៗ​គ្នា​ ដើម្បីជូន សម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី  ដឹកនាំរាជរដ្ឋាភិបាលទាំងអាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ទៀត ។

គួរ​បញ្ជាក់​​ថា​ ​បន្ទាប់​ពី​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ យឹម​ ឆៃលី​ បាន​ស្នើសុំ​ទៅ​សម្តេចតេជោ​ ហ៊ុន​ សែន​ ផ្សារ​ទាំង​៣ក្នុង​ក្រុង​កំពង់ចាម​នេះ​ គឺផ្សារ​ធំ​ ផ្សារ​បឹង​កុក​ និង​ផ្សារ​សាមគ្គី​ ត្រូវ​បាន​គ្រប់គ្រងដោយគណៈអាជីវករផ្សារ​ ដែលបានបោះឆ្នោតជ្រើសរើស​ឡើង​ដោយ​បងប្អូន​អាជីវករ​ អ្នក​លក់ដូរ​​ ក្នុង​ផ្សារ​នីមួយៗ​ដោយ​ផ្ទាល់​​នាពេល​កន្លងមក​ ។​ ក្នុង​នោះ​ការ​គ្រប់​​​​​គ្រង​​​ផ្សារ​មានសណ្តាប់ធ្នាប់ និង​អនាម័យ ហេីយ​ការទារថ្លៃភាស៊ីប្រកប​ដោយភាព​រីក​ចម្រើន​ ​​​និង​​​​​​អភិ​វឌ្ឍន៍ ដោយ​ចំណូលដែលបានមកពីការការប្រមូលភាស៊ី​ ត្រូវ​បាន​យក​ទៅជួសជុល កសាង រៀប​ចំ​សណ្តាប់​ធ្នាប់ ក្នុងផ្សារកាន់តែ​មាន​ភាព​ល្អប្រសើរឡើងផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here