អភិបាលខេត្តកំពង់ចាម​ អះអាងថា​ ចាប់ពី​ពេល​នេះ​តទៅ​ គឺ​គ្មាន​ផ្លូវ​ដី​ទៀតទេ​ ព្រោះ​អាជ្ញាធរ​បាន​សិក្សា​លេីក​គម្រោង​សាងសង់​ផ្លូវ​បេតុង​ក្នុង​មូលដ្ឋាន​​ជា​បន្តបន្ទាប់​

0
53


ដោយ លឹម សិលា
កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានអះអាងថា​ ចាប់ពី​ពេល​នេះ​តទៅ​ គឺគ្មាន​ផ្លូវ​ដី​ទៀតទេ​ ព្រោះ​អាជ្ញាធរ​បាន​សិក្សា​លេីក​គម្រោង​សាងសង់​ផ្លូវ​បេតុង​ក្នុង​មូលដ្ឋាន​​ជា​បន្តបន្ទាប់​ ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការធ្វើដំណើរ ក៏ដូចជា​ការ​ដឹកជញ្ជូន​កសិផលទៅកាន់ទីផ្សារ សំដៅលើកកម្ពស់កម្រិតជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ។​ ​ថ្លែង​ប្រាប់​ប្រជាពលរដ្ឋ​​បែប​នេះ​ក្នុង​ឱកាស​ចុះ​ពិនិត្យស្ថានភាពផ្លូវនៅស្រុកកោះសូទិន និងស្រុក​ស្រីសន្ធរ​ នាថ្ងៃទី​៣​ ខែកក្កដា​ ឆ្នាំ​២០២៣​ ។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ដោយ​មាន​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ក្រោយ​ពី​រដូវ​ទឹក​សម្រក​ចុង​ឆ្នាំ​២០២៣​នេះ​ ក្រុម​ការងារ​បច្ចេកទេស​ នឹង​ចាប់ផ្ដើម​ដំណើរការ​​សាងសង់​ស្ពាន​បេតុង​ ១កន្លែង​ នៅ​ក្នុង​ភូមិវាល ឃុំពាមប្រធ្នោះ​​ ស្រុក​កោះសូទិន​ ជំនួស​ឱ្យ​ស្ពាន​បេតុង​​ចាស់​សាងសង់​ឡើង​​តាំងពី​​ទសវត្ស​ឆ្នាំ​៩០​ ​ដែល​មាន​សភាព​ទ្រុឌទ្រោម​ លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​​​ ព្រមទាំង​សាងសង់​ផ្លូវ​បេតុង​ភ្ជាប់​ក្បាល​ស្ពាន​ទាំង​សងខាង​ទៀត​ផង​ ក្នុង​នោះ​ក៏​មាន​គម្រោង​មូលនិធិ​ឃុំ​សម្រាប់​សាងសង់​ផ្លូវ​បេតុង​ក្នុង​មូលដ្ឋាន​​ ជូន​ប្រជាពលរដ្ឋ​ប្រេីប្រាស់​ផងដែរ​ ។

ក្នុង​ដំណើរ​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​​ផ្លូវ​នោះ​ដែរ​ ឯកឧត្តមអភិបាលខេត្ត បាន​ណែនាំ​ដល់​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ត​ ឱ្យ​ធ្វើ​ការ​ជួសជុល​ឡើង​វិញ​ជាបន្ទាន់​ ត្រង់​ចំណុច​ដែល​រងការ​ខូចខាត​ជា​អន្លើ​ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​ ៧០B ដើម្បីសម្រួលការរស់នៅ​ ការ​ធ្វេី​ដំណើរ​ប្រកបរបរប្រចាំថ្ងៃ បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងការ​លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុង​ស្រុក​កោះសូទិន​ និង​ស្រុកស្រីសន្ធរ​ ឱ្យកាន់តែចម្រើន​ឡើង​ថែមទៀត។

គួរកត់សម្គាល់ថា​ ក្នុង​ឱកាស​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​ខាងលើ​នេះ​ផងដែរ​ បងប្អូន​ប្រជាពលរដ្ឋ​ បាន​សំដែង​នូវ​អារម្មណ៍​សប្បាយ​រីករាយ​ទទួល​ស្វាគមន៍​ ឯកឧត្ដម​អភិបាលខេត្តកំពង់ចាម​ និង​ក្រុម​ការងារ​ទាំង​អស់​ ព្រោះ​យល់​ឃើញ​ថា​ សុខសន្តិភាព​ បាន​នាំ​មក​នូវ​ការ​អភិវឌ្ឍ​រីកចម្រើន​ជាបន្តបន្ទាប់​ ដូច្នេះ​គាត់​បាន​ប្តេជ្ញា​នាំ​គ្នា​ទៅ​បោះឆ្នោត​នាថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០៣​ ខាងមុខ​នេះ​ ដេីម្បី​ការពារ​សុខសន្តិភាព​ នាំមក​នូវ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​បន្ត​ទៀត​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here