ឧបនាយករដ្ឋមន្ត្រី​ យឹម​ ឆៃលី​៖​ ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រជាជនយើងនៅក្នុងការបោះឆ្នោត​ គឺមានលក្ខណៈកំណត់ចំពោះជោគវាសនាអនាគតរបស់ជាតិ និងប្រជាជនផ្ទាល់

0
65

 


ដោយ លឹម សិលា
កំពង់ចាម​:​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិក គណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម​ បានថ្លែងថា​ ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រជាជនយើងនៅក្នុងការបោះឆ្នោត​ គឺមានលក្ខណៈកំណត់ចំពោះជោគវាសនាអនាគតរបស់ជាតិ និងប្រជាជនផ្ទាល់​។ ការ​ថ្លែង​បែប​នេះ​ក្នុង​ឱកាស​បេីក​យុទ្ឋនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧​ នៅ​ក្រុងកំពង់ចាម​ នាព្រឹកថ្ងៃទី​១​ ខែកក្កដា​ ឆ្នាំ​២០២៣​ ។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ យឹម​ ឆៃលី​ បានថ្លែងថា​ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងប្រព្រឹត្ត ទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាព្រឹត្តិការណ៍ដែលមានសារៈសំខាន់បំផុត ចំពោះប្រជាជាតិយើង។ ការសម្រេចចិត្តត្រឹមត្រូវ នឹងនាំមកនូវជោគជ័យបន្តទៀតសម្រាប់ជាតិ ហើយជឿជាក់ថា ប្រជាជនយើងក្នុងខេត្តកំពង់ចាម នឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីជូន សម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី  ដឹកនាំរាជរដ្ឋាភិបាលទាំងអាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ទៀត។​

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ បាន​បញ្ជាក់ថា ថ្ងៃដំបូងនៃយុទ្ឋនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧​នេះ​ ក៏ជាថ្ងៃដែលផ្សារភ្ជាប់ទៅនឹងការប្រារព្ធខួបកំណើត ៧២ឆ្នាំ របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមួយបានជួយរំដោះប្រជាជន ពីរបបប្រល័យពូជសាសន៏ប៉ុល ពត ដែលបានសម្លាប់ប្រជាជនឯងយ៉ាងរង្គាលព្រៃផ្សៃជាទីបំផុត។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩  គឺមានរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ ប្រជាជនកម្ពុជា បានឆ្លងកាត់ដំណាក់កាលនានា ប្រកបដោយ មោទនភាព ធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួន ដើម្បីកសាងជាតិ ការពារមាតុភូមិ និងស្វែងរកសន្តិភាពសម្រាប់ការអភិវឌ្ឍជាតិ និងលើកកម្ពស់ជីវភាពរបស់ប្រជាជន។ គណបក្សប្រជាជនកម្ពុជា គឺជាអ្នកនាំមកនូវសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ប្រជាធិបតេយ្យ សេរីពហុបក្ស។ សុខសន្តិភាពនេះ បានបង្កលក្ខណៈ​ឱ្យ​មានការអភិវឌ្ឍលើគ្រប់វិស័យ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ហើយប្រជាជនកម្ពុជាគ្រប់រូប សុទ្ធតែបានទទួលនូវមនុញ្ញផលពីសន្តិភាព និងការអភិវឌ្ឍទាំងអស់នេះ។

គួរបញ្ជាក់ថា​ ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ នៅ​ក្រុងកំពង់ចាម​នេះ​ គឺ​ មាន​ការអញ្ជើញចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងលោកជំទាវ, ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្តកំពង់ចាម ព្រមទាំងបេក្ខជនឈរឈ្មោះតំណាងរាស្ត្រខេត្តកំពង់ចាម ប្រធាន អនុប្រធាន ក្រុមការងារចុះជួយក្រុង សមាជិក សមាជិកាគណៈកម្មាធិការ គណបក្សខេត្ត ប្រធាន គណៈកម្មាធិការ គណបក្សក្រុង, ប្រធានសាខាបក្សសង្កាត់ និងប្រជាពលរដ្ឋ​ នៅក្នុងក្រុងកំពង់ចាម​ និង​ស្រុក​កំពង់សៀម​ ជាង​ ១ម៉ឺន​នាក់​ ដោយឡែក​នៅ​តាម​បណ្ដា​ស្រុក​ចំនួន​​ ៨ទៀត​ គឺ​មាន​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​ជាង​ ៤ម៉ឺន​នាក់​ ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here